ចិនប្រកាសលុបបំណុលកម្ពុជាជំពាក់ជាង៩០លានដុល្លារ

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

ប្រធានាធិបតីចិនបានសម្រេចលុបចោលបំណុលចាស់ដែលកម្ពុជាជំពាក់នៅក្នុងឆ្នាំ២០១៥និងផ្ដល់មកវិញនូវជំនួយឥតសំណងដល់ក្រសួងការពារជាតិកម្ពុជា។

ការប្រកាសលុបចោលបំណុលនេះ ធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតីចិនលោក ហ្ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងក្រោយជំនួបនោះដែរថា ភាគីចិនបានលុបចោលបំណុលដែលកម្ពុជាបានជំពាក់នៅក្នុងឆ្នាំ២០១៥ ប្រមាណជាង៩០លានដុល្លារអាមេរិក និងបន្ថែមជំនួយឥតសំណងជាទឹកប្រាក់១៥លានដុល្លារអាមេរិលើវិស័យយោធាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖ «ឯកឧត្តម ស៊ី ជិនពីង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ភាគីចិននឹងលុបចោលបំណុលឆ្នាំ២០១៥ចំនួន៦០០លានយ័ន និងបន្ថែមជំនួយឥតសំណងសម្រាប់វិស័យយោធាចំនួន១០០លានយ័ន»។

ក្រៅពីកិច្ចព្រមព្រៀងនិងពិធីសារចំនួន៣១នោះ ចិន-កម្ពុជាក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង១២០០លានយ័ននិងប្រាក់កម្ចី៤០០លានយ័ន សរុប១៦០០លានយ័ន ស្មើនឹង២៣៧លានដុល្លារអាមេរិក។

សាស្ដ្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា យល់ថាប្រកាសលុបបំណុលរបស់ចិន គឺមានគោលបំណងរឹតចំណងមិត្តភាពចិន-កម្ពុជា កត្ដាភូមិសាស្ដ្រនយោបាយនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ។

លោកថា៖ «អ្វីជាគោលបំណងរបស់ចិនចំពោះកម្ពុជា គឺទី១ ដើម្បីបង្កើនមិត្តភាពជិតស្និទរវាងចិននិងកម្ពុជា ពីព្រោះយើងឃើញហើយនៅក្នុងប្រទេសអាស៊ាន ប្រទេសភាគច្រើននៅក្នុងអាស៊ានគឺងាកទៅរកសហរដ្ឋអាមេរិកឬក៏ប្រទេសសេរី។ អ៊ីចឹងដើម្បីទាក់ទាញកម្ពុជា ចិនត្រូវធ្វើការដោះដូរ ដោយការឲ្យផលប្រយោជន៍»។

លោកបន្ថែមថា៖ «ទី២ គឺពាក់ព័ន្ធភូមិសាស្ដ្រនយោបាយ។ ភូមិសាស្ដ្រនយោបាយ សំដៅថាកម្ពុជាជាប្រទេសមួយដែលចិនអាចឈរជើងឬក៏បង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្មឬការវិនិយោគទុនផ្សេងៗ។ កន្លងមកយើញឃើញហើយការសម្បទានសេដ្ឋកិច្ច មានព្រៃ រ៉ែ ដី ជាដើម។ ចំណុចទី៣ ពាក់ព័ន្ធការពង្រឹងដៃគូពាណិជ្ជកម្មរវាងកម្ពុជា ព្រោះនៅពេលចិនទំនាក់ទំនងជាមួយកម្ពុជា នោះមានន័យថាចិនអាចបង្ហូរផលិតផលរបស់ខ្លួនតាមរយៈប្រទេសកម្ពុជាដើម្បីបញ្ចូលទៅក្នុងប្រទេសអាស៊ានផ្សេងៗទៀត»។

បើប្រៀបធៀបរវាងជំនួយរបស់ចិននិងអាមេរិកវិញ លោកថាប្រទេសទាំងពីរបានផ្ដល់ប្រយោជន៍ដូចគ្នាដល់កម្ពុជា។

លោកបញ្ជាក់ថា៖ «ចិនមកកម្ពុជាបានផ្ដល់ផលចំនេញពាក់ព័ន្ធនឹងជំនួយ និងការលុបបំណុល ប៉ុន្តែជាការដោះដូរកម្ពុជាគាំទ្រចិន។ ខណៈពេលដែលកម្ពុជាជាប្រទេសសេរីដែលរដ្ឋធម្មនុញបានចែងយ៉ាងច្បាស់ហើយនោះ សម្រាប់សហរដ្ឋអាមេរិក តែងលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ ដែលជាដំណើរការរុញទៅដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ»។

គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ២០១៦នេះ ចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជា។ បន្ទាប់មកកម្ពុជាក៏បានស្នើសុំកញ្ចប់មូលនិធីបន្ទាន់ពីចិនមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ