ភរិយាលោកបណ្ឌិត កែម ឡី បានសម្តែងក្តីឈឹចាប់ ខណៈបុណ្យ១០០ថ្ងៃសពស្វាមី អ្នកស្រីមិនបានចូលរួមផ្ទាល់ ព្រោះស្នាក់នៅក្រៅប្រទេសដើម្បីស្វែងរកសិទ្ធិជ្រកកោន។
អ្នកស្រី ប៊ូ រចនា បានសរសេរនៅហ្វេសប៊ុកអមដោយរូបថតកូនប្រុសទើបនឹងកើតនិងរូបសំណាកលោកបណ្ឌិត កែម ឡី នៅថ្ងៃសុក្រនេះថា៖ «បងសម្លាញ់! តើបងដឹងអត់ថានៅក្នុងពេលនេះបេះដូងអូនខ្ទិចខ្ទីដល់កំរិតណា អូនទ្រាំនិងការឈឺចាប់គ្រប់បែបយ៉ាង អូនស៊ូលំបាកម្នាក់ឯង ហើយអ្វីដែលអូនឈឺចាប់គឺនៅពេលនេះអូនមិនបានទៅនៅក្បែរបងឈរជិតបងបានអោបរូបបងជាលើកចុងក្រោយទេ និងនិយាយលេងជាមួយបងយូរខែមកហើយ អូនគ្មានបងនៅក្បែរដើម្បីពិភាក្សាររឿងកូនយើងរៀនសូត្រទៀតទេ! ចាប់ពីពេលនេះតទៅគឺអូនគិតតែម្នាក់ឯង ហើយកូនយើងទាំង៥នាក់គឺជាម្រាមដៃរបស់បងអូនថែរក្សារឲបានល្អ ។ អូនស្តាយណាស់ស្តាយពេលវេលាប្តីប្រពន្ធយើងជួបគ្នាបានតិចពេក! ហេតុអីមិនអនុញ្ញាតឲប្តីខ្ញុំបានមើលមុខកូនពៅខ្ញុំកើតហើយសិន ហើយឲកូនពៅបានឃើញមុខប៉ាគេផង»។
អ្នកស្រី ប៊ូ រចនា បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែសីហា ក្រោយពីស្វាមីត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដា។
ក្រុមអ្នកគ្រួសារលោកបណ្ឌិត កែម ឡី បានផ្ទេរសិទ្ធិឲ្យគណៈកម្មការបុណ្យរៀបចំធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃជូនអ្នកវិភាគល្បីឈ្មោះរូបនេះ។
បុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ធ្វើរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែតុលា។ ចាប់ពីថ្ងៃទី១៤និង១៥ បុណ្យធ្វើនៅវត្តចាស់ក្នុងរាជធានីភ្នំពេញ ចំណែកនៅថ្ងៃទី១៦ចាប់ផ្តើមហែរូបសំណាកលោក កែម ឡី ទៅកាន់ខេត្តតាកែវ ហើយនៅថ្ងៃទី១៧ធ្វើបុណ្យនៅទីនោះមួយព្រឹកទៀត៕