ការ​ស្រាវជ្រាវ​លើ​ជន​ពិការ​ក្នុង​ខេត្ត​​ពីរ​បង្ហាញ​ថាពួកគេ​ប្រឈម​ជំងឺ​​​ផ្លូវ​ចិត្ត

អង្កការដែលធ្វើការទាក់ទងទៅនឹងជនពិការ និងសុខភាពផ្លូវចិត្តបានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន លើខេត្តចំនួនពីរ ថាជនពិការក្នុងខេត្តទាំងនោះកំពុងរងការរើសអើង និងមានជំងឺផ្ឡូវចិត្ត។

ក្នុងទិវាសុខភាពផ្លូវចិត្តយុវជនលើកទី៤ ដែលធ្វើឡើងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ តំណាងអង្គការជនពិការពិភពលោក និងអង្កការលូវេន បានបង្ហាញលទ្ធផលរបាយការណ៍នៃការស្រាវជ្រាវរបស់ខ្លួនលើជនពិការក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ថាជនពិការកំពុងរងការរើសអើង បាត់បង់ការងារ និងមានជំងឺបាក់ទឹកចិត្តបន្ទាប់ពីធ្លាក់ខ្លួនពិការ។

ជំនួយការបច្ចេកទេសនៃអង្កការជនពិការអន្តរជាតិកញ្ញា មិន ចិន្តា បានឲ្យដឹងថា ក្នុងការធ្វើការសម្ភាសន៍ទៅលើជនពិការ១២៦នាក់ ក្នុងនោះមានស្រី៤៦នាក់ បានបង្ហាញថា ពួកគាត់បានបាត់បងទំនុកចិត្តទៅលើខ្លួនឯងទាំងស្រុងក្រោយពេលដែលធ្លាក់ខ្លួនពិការ។

កញ្ញាបន្តថាជនពិការ យល់ថាពួកគេបានបាត់បង់សមត្ថភាព គ្មានម្ចាស់ការ អស់សង្ឍឹម ទុក្ខព្រួយ ភ័យខ្លាច ហើយលើសពីនេះទៀតពួកគាត់ត្រូវរងការរើសអើងពីក្រុមគ្រួសារ និងសហគមន៍។ ហើយបុរសពិការ២០នាក់ក្នុងចំណោម៨០នាក់ត្រូវបានប្រពន្ធលែងលះដោយសារតែភាពពិការរបស់ខ្លួន។

កញ្ញាមិន ចិន្តា « ជាក់ស្តែងមានលោកគ្រូម្នាក់គាត់ជាគ្រូភាសាអង់គ្លេស បង្រៀនបានប្រាក់ខែច្រើនអាចជួយផ្គត់ផ្គង់គ្រួសាររបស់គាត់ដល់ពេលដែលគាត់ធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណេះដឹងគាត់មានប៉ុន្តែគាត់អត់មានទំនុកចិត្តទៀតទេ »

កញ្ញាបន្ថែមថា « ដោយសារតែអ្នកយកគាត់ធ្វើការហ្នឹងគេអត់ទទួលគាត់ ហើយមួយទៀតដៃដែលគាត់សរសេរបានហ្នឹងគាត់អត់សរសេរបាន ត្រូវសម្របខ្លួនសរសេរនឹងដៃផ្សេងមួយទៀត ហើយគ្រួសាររបស់គាត់អត់បានលើទឹកចិត្តឲ្យទេគឺពិបាកទាំងអស់គ្នា។ ហើយភាគច្រើនចម្លើយរបស់គាត់នៅពេលធ្លាក់ខ្លួនពិការគឺអត់អាចធ្វើអីបាន គាត់មានផ្នត់គំនិតឲ្យតែពិការគឺអត់អាចធ្វើអីបានហើយ ដោយសារសម្តីភាគច្រើនងអញ្ចឹងហើយពេលគាត់ធ្លាក់ខ្លួនពិការគឺគាត់បាក់ទឹកចិត្តហ្មង »

មន្រ្តីអង្គការជនពិការរូបនេះ ឲ្យដឹងថា រដ្ឋាភិបាលបានជួយដល់ជនពិការផងដែរ តែថាមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជនពិការ និងផ្លូវចិត្តរបស់ជនពិការនៅឡើយ។

វីអូឌីមិនអាចទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា ដើម្បីបញ្ជាក់ពីកិច្ចការរបស់ក្រសួងនេះក្នុងការស្តារសុខភាពផ្លូវចិត្តជនពិការបាននៅឡើយទេនៅរសៀលថ្ងៃសុក្រនេះ។

សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញលោក កៅ សុវណ្ណតារា បានឲ្យដឹងថាជំងឺផ្លូវចិត្តមានច្រើនប្រភេទ និងមានកម្រិតនៃជំងឺ។ តែលោកថាស្ថានភាពនៃជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ អាចនាំឲ្យ ឈានដល់ជំងឺចិត្តវិកលរ៉ាំរ៉ៃ ឬគិតខ្លីអាចឈានដល់ការសម្លាប់ខ្លួនក៏មានផងដែរ បើមិនរកការព្យាបាលពីអ្នកជំនាញ។

តាមរបាយការណ៍របស់អង្គការជនពិការកម្ពុជាបង្ហាញថា បច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះច្រើនជាងរដ្ឋាភិបាលដែលអះអាងថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ