អាជ្ញាធរទេសចរណ៍ថៃ បានអះអាងថា ទីតាំងទេសចរណ៍នឹងនៅតែបើកដំណើរការសម្រាប់ភ្ញៀវទេសចរ ហើយសេវាកម្មដឹកជញ្ជូន ធនាគារ មន្ទីរពេទ្យ និងសេវាសាធារណៈដទៃទៀត នឹងនៅដំណើរការដូចធម្មតា បើទោះបីជាប្រទេសនេះ រៀបចំកាន់ទុក្ខរយៈពេល ១ឆ្នាំ ចំពោះការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ ក៏ដោយ។
សារព័ត៌មាន Channel News Asia បានដកស្រង់សេចក្ដីណែនាំចុះផ្សាយថា អាជ្ញាធរទេសចរណ៍ថៃនឹងប្រាប់ទៅភ្ញៀវទេសចរថា ពួកគេគួរតែបន្តការធ្វើដំណើរដូចផែនការធម្មតា ប៉ុន្តែ បានជំរុញឲ្យភ្ញៀវទេសចរបរទេស ជៀសវៀងការបញ្ចេញអកប្បកិរិយាមិនសមរម្យ ឬមិនគោរព។
រាជវាំងថៃ បានប្រកាសថា ព្រះមហាក្សត្រ ភូមិបុល បានសោយទីវង្គតនៅម៉ោងជិត ៤រសៀលថ្ងៃទី១៣ ខែតុលានេះ ក្នុងជន្មាយុ ៨៩ឆ្នាំ បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសិរីរាជ កាលពីចុងសប្ដាហ៍កន្លងមក។
រដ្ឋាភិបាលបានប្រកាសនៅថ្ងៃនោះថា រាល់កម្មវិធីកម្សាន្ត និងពិធីនានា ត្រូវបានផ្អាករយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃសោយទីវង្គតរបស់ព្រះមហាក្សត្រ ភូមិបុល។
រដ្ឋាភិបាលថៃ ក៏បានប្រកាសអំពីការកាន់ទុក្ខរយៈពេលពេញមួយឆ្នាំ ចំពោះការសោយទីវង្គតរបស់ព្រះមហាក្សត្រអង្គនេះផងដែរ៕