ក្រុមមន្ត្រីឧតុនិយមនិយាយនៅថ្ងៃនេះថា ហ្វីលីពីនអាចប្រឈមមុខនឹងមហន្តរាយធំបំផុតមិនធ្លាប់មាននៅឆ្នាំនេះ ខណៈដែលព្យុះទីហ្វុងសារិកា (ឈ្មោះប្រទេសកម្ពុជាដាក់ឲ្យ) ដែលកំពុងបោកបក់សំដៅទៅរកប្រទេសជួរកោះមួយនេះ។ នេះដោយយោងតាមការផ្សាយរបស់ Channel News Asia។

សារព័ត៌មានសិង្ហបុរីមួយនេះ ផ្សាយបន្តថា ព្យុះសារិកា ដែលកំពុងបោកបក់ក្នុងល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ បានវាយបោកបក់បំផ្លាញបណ្ដាញអគ្គិសនី និងប្រព័ន្ធទូរស័ព្ទ នៅភាគខាងកើតនៃកោះ Catanduance។
មន្ត្រីឧតុនិយមហ្វីលីពីន បាននិយាយថា ខណៈដែលព្យុះនេះ មិនមែនជាព្យុះមានថាមពលខ្លាំងបំផុតដែលបោកបក់ប្រទេសហ្វីលីពីននៅឆ្នាំនេះ ព្យុះសារិកាអាចបង្កមហន្តរាយធ្ងន់ធ្ងរបំផុត ដោយសារវាបានបោកបក់ចំតំបន់មានប្រជាជនច្រើន នៅភាគខាងជើងទីក្រុងម៉ានីល។
ព្យុះសារិកា ត្រូវបានគេព្យាករថានឹងបោកបក់លើខេត្ត Aurora នៅឆ្នេរភាគខាងកើតនៃកោះ Luzon មុនព្រឹកថ្ងៃស្អែកនេះ ហើយនឹងបោកបក់កាត់ភាគកណ្ដាលកោះ Luzon មុននឹងឆ្ពោះទៅសមុទ្រចិនខាងត្បូង នៅល្ងាចថ្ងៃអាទិត្យស្អែកនេះ៕