គណកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី បានប៉ាន់ប្រមាណថា អ្នកចូលរួមហែរូបសំណាកអ្នកវិភាគល្បីឈ្មោះរូបនេះ មានប្រហែល៣ម៉ឺននាក់ គឺកើនលើសពីការរំពឹងទុក។
លោក ប៉ា ងួនទៀង សមាជិកគណកម្មការរៀបចំបុណ្យ ឲ្យដឹងថា តាមការប៉ាន់ស្មានរបស់គណកម្មការបុណ្យ ចំនួនមនុស្សចូលរួមមានប្រហែល៣ម៉ឺននាក់គិតត្រឹមម៉ោង១០ព្រឹក ខណៈក្បួនហែចេញពីវត្តចាស់ទៅដល់រង្វង់មូលចោមចៅ។
ទោះជាយ៉ាងណា ចំនួនអ្នកចូលរួមហែរូបសំណាកលោក កែម ឡី ចំខួប១០០ថ្ងៃនេះ គឺមានចំនួនតិចជាង កាលពីពេលហែសពរបស់លោកកាលពីថ្ងៃទី២៤ ខែកក្កដា ដែលគណកម្មការប៉ាន់ស្មានថាអ្នកចូលរួមទាំងអស់ប្រហែល២លាននាក់។
បើតាមគណកម្មការបុណ្យ អាជ្ញាធររាជធានីភ្នំពេញបានសំណូមពរឲ្យអ្នកគាំទ្រលោក កែម ឡី ទៅរង់ចាំការហែរូបសំណាកនេះនៅរង្វង់មូលចោមចៅ ដោយថាដើម្បីបញ្ចៀសការស្ទះចរាចរណ៍។
គណកម្មការបុណ្យ បានឲ្យដឹងថា ប្រជាពលរដ្ឋចន្លោះពី ៣ ទៅ ៤ម៉ឺននាក់ បានទៅចូលរួមពិធីបុណ្យនៅព្រឹកថ្ងៃសៅរ៍ ដែលជាថ្ងៃទីពីរនៃពិធីបុណ្យ។
ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅឯវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងម៉ាតមួយកន្លែង នៅម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ៕