សកម្មជនមួយចំនួនដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះ បានផ្អាកធ្វើយុទ្ធនាការនៅថ្ងៃចន្ទទី១៧តុលានេះ ដោយសារសមាជិករបស់ពួកគេមួយចំនួនត្រូវតុលាការកោះហៅសាកសួរក្នុងសំណុំរឿងដែលសកម្មជនទាំងនោះប្តឹងសន្តិសុខខណ្ឌដូនពេញថាប្រើអំពើហិង្សារនៅវត្តភ្នំកាលពីថ្ងៃទី២២ កញ្ញាឆ្នាំ២០១៣។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថាសហគមន៍របស់អ្នកស្រីសម្រេចផ្អាកធ្វើយុទ្ធនាការអាវខ្មៅនៅសប្តាហ៍នេះ ដោយថារវល់ចូលរួមគាំទ្រសមាជិករបស់ខ្លួនដែលតុលាការសាកសួរថ្ងៃនេះ។ អ្នកស្រ្តីបន្តថាសហគមន៍នៅតែបន្តធ្វើយុទ្ធនាការនេះនៅសប្តាហ៍ក្រោយៗទៀត។
អ្នកស្រីបន្ថែមថា៖ “ពួកយើងនៅតែបន្តធ្វើមិនឈប់ទេ ព្រឹកម៉ិញដោយសារយើងរវាល់ចូលរួមគាំទ្រអ្នកដែលគេកោះហៅសាកសួរនៅតុលាការសិន ចំណែកថ្ងៃពណ៌ខ្មៅយើងអាចធ្វើរាល់សប្តាហ៍បាន អញ្ចឹងយើងចូលរួចកម្មវិធីធំៗសិន”។
ចំណែកតំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ឲ្យដឹងថានៅសប្តាហ៍នេះសហគមន៍របស់អ្នកស្រីក៏ផ្អាកធ្វើយុទ្ធនាការអាវពណ៌ខ្មៅដែរ ដោយថាសមាជិកមួយចំនួនត្រូវតុលាការកោះហៅសាកសួរនៅថ្ងៃនេះនិងមួយចំនួនទៀតអស់កំលាំងបន្ទាប់ពីជួយរៀបចំបុណ្យសពលោក កែម ឡី កាលពីថ្ងៃម្សិលម៉ិញ។
អ្នកស្រីបន្ថែមថា៖ “ពួកខ្ញុំនៅតែធ្វើទោះមានការធ្វើតិចឬក៏ច្រើន គឺពួកខ្ញុំនៅតែធ្វើដដែល ពួកខ្ញុំមិនអាចអត់បានទេដោយសារអ្នកស្រី ទេព វន្នី កំពុងជាប់ក្នុងពន្ធធនាគារ អញ្ចឹងយើងត្រូវតែធ្វើដើម្បីឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី”។
ថ្ងៃចន្ទ ទី១៧ ខែតុលានេះ ជាសប្តាហ៍ទី២៤ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕