រដ្ឋាភិបាលអះអាងថានឹងបន្តពង្រឹងយន្តការគោរពសិទ្ធិមនុស្សខណៈតំណាងUNជំរុញ

លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន

មន្ត្រីរដ្ឋាភិបាលអះអាងថាកម្ពុជានឹងបន្តសហការជាមួយអង្គការសហប្រជាជាតិលើយន្តការគោរពសិទ្ធិមនុស្ស ខណៈតំណាងអង្កការសហប្រជាជាតិចូលជួបនិងបង្ហាញពីក្តីបារម្ភពីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។

នៅថ្ងៃទី១៧ខែតុលានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានចូលជួបទេសរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅទីស្តីការក្រសួង។

ក្រោយជំនួប អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ប្រាប់អ្នកសារព័ត៌មានថា លោកស្រី រ៉ូណា ស្មីត បានប្រាប់លោក ប្រាក់ សុខុន ថាលោកស្រីចង់ឃើញគណបក្សជាប់ឆ្នោតទាំងពីរបន្តធ្វើការរួមគ្នាក្នុងសភា ដោយថា ដើម្បីពង្រឹងវប្បធម៌សន្ទនាឡើងវិញ ធានាដល់ការជំរុញដំណើការប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលរូបនោះបន្តថា លោកស្រី រ៉ូណា ស្មីត ក៏បានជំរុញឲ្យរដ្ឋាភិបាលបន្តយន្តការគោរពសិទ្ធិមនុស្សបន្ថែមទៀត ដោយថាប្រទេសមួយចំនួនលើពិភពលោកកំពុងព្រួយបារម្ភពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ជាការឆ្លើយតបលោកថា លោក ប្រាក់ សុខុន បញ្ជាក់ថាការដែលសភាមិនអាចធ្វើការរួមគ្នាបានមួយរយៈនេះមិនមែនជាកំហុសរបស់រដ្ឋាភិបាលទេ ហើយថាបញ្ហាសិទ្ធិមនុស្ស រដ្ឋាភិបាលនឹងបន្តសហការ។

លោកបន្តថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រីអះអាងថានឹងសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជាមួយនឹងលោកស្រី [អង្គការសហប្រជាជាតិ] លើកបញ្ហាសិទ្ធិមនុស្សនេះ ហើយនឹងស្វាគមន៍លោកស្រីក្នុងការធ្វើដំណើរមកកាន់កម្ពុជា លើកក្រោយទៀត ដើម្បីធ្វើការពិភាក្សាយោបលគ្នាពីបញ្ហាសិទ្ធិមនុស្សនេះ»។

ទោះជាយ៉ាងណាក្រោយពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានរិះគន់គ្នាខ្លាំងៗដោយពាក្យសម្តី គេសង្គេតឃើញសកម្មជនបក្សប្រឆាំងជិត២០នាក់ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ទៀត ត្រូវចាប់ឃុំខ្លួន។ លោក សម រង្ស៊ី ខ្លួនឯងនិងអនុប្រធាន លោក កឹម សុខា កំពុងជាប់បណ្តឹងនៅតុលាការ និងមន្ត្រីសិទ្ធិមនុស្សខ្លះទៀតត្រូវរងនូវការវាយដំពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាល ពេលចុះបំពេញការងារឃ្លាំមើលសិទ្ធិមនុស្ស។

អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ដែលអាជ្ញាធរខណ្ឌវាយឲ្យរងរបួសកាលពីសប្តាហ៍មុន ពេលចុះឃ្លាំមើលអ្នកចូលរួមប្រារពពិធីសិទ្ធិលំនៅដ្ឋានអន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលគួរតែប្រឹងប្រែងជាងនេះក្នុងការធ្វើឲ្យប្រសើរទៅលើយន្តការគោរពសិទ្ធិមនុស្ស។

មន្ត្រីសិទ្ធិមនុស្សរូបនោះបន្តថាច្រើនឆ្នាំមកនេះ បើទោះបីកម្ពុជាបានផ្តល់សច្ចាប័នដល់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ ព្រមទាំងមានចែងក្នុងរដ្ឋធម្មនុញ្ញក៏ដោយ តែលោកថាការរំលោភសិទ្ធិមនុស្សនៅកម្ពុជាតែបន្តកើតឡើង។

លោក អំ សំអាត សុំកុំឲ្យរដ្ឋាភិបាលយករឿងនយោបាយទៅទប់ស្កាត់សេរីភាពបញ្ចេញមតិ ដែលលោកថាបង្កឲ្យមានការរំលោភសិទ្ធិមនុស្ស ធ្វើឲ្យប្រជាធិបតេយ្យដើរថយក្រោយ។

លោកថា៖ «យើងឃើញថាការគំរាមកំហែងទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយនានា គឺកើតមានឡើងនៅពេលដែលស្ថានភាពនយោបាយតានតឹង។ អញ្ចឹងបានយើងឃើញកន្លងមកមានសកម្មជនសិទ្ធិមនុស្សត្រូវបានជាប់ពន្ធនាគារ ហើយសកម្មជនគណបក្សនយោបាយក៏បានជាប់ ហើយសេរីភាពនៃការប្រមូលផ្តុំត្រូវបានរឹតបន្តឹង ដូចនេះវាជាស្ថានភាពមួយដែលយើងមើលឃើញថា កម្ពុជាយើងគួរតែមានការពង្រឹងការគោរពច្បាប់ គោរពគោលការគោរពសិទ្ធិមនុស្ស»។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលលោក ជុំ សន្ទរី អះអាងថាតំណាងអង្គការសហប្រជាតិជាតិលោកស្រី រ៉ូណា ស្មីត ឯកភាពតាមការលើកឡើងរបស់លោក ប្រាក់ សុខុន ដែលថាកម្ពុជាឈរនៅលំដាប់លេខមួយផ្នែកគោរពសិទ្ធិមនុស្ស បើប្រៀបធៀបនឹងប្រទេសជាសមាជិកអាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ