១៥​ឆ្នាំ​នៃ​កម្មវិធី​រោង​ចក្រល្អប្រសើរ​កម្ពុជា ​​​ស្តង់ដារការងារ​​នៅមាន​កម្រិត​​​

ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

របាយការណ៍របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា បង្ហាញថាកម្ពុជាត្រូវការបំពេញលក្ខខណ្ឌមួយចំនួនបន្ថែមទៀតដើម្បីឲ្យរោងចក្រអាចបំពេញបានកម្រិតគុណភាពមួយដែលអាចឆ្លើយតបបាន នឹងលក្ខខណ្ឌរបស់កម្មវិធីនេះ។

ក្នុងរបាយការណ៍ចំនួន៥០ទំព័រសម្រាប់ខួប១៥ឆ្នាំនៃកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា បញ្ជាក់ថា កម្ពុជាត្រូវការខិតខំបន្ថែមទៀតនូវ លក្ខណ្ឌការងារ សេរីភាពនៃសហជីព និងកិច្ចសន្យាជាដើម ។

នាយកប្រតិបត្តិអង្គការពលកម្មពិភពលោក ប្រចាំប្រទេសថៃ កម្ពុជា និងប្រទេសឡាវ លោក ម៉ូរីហ្ស៊ីអូ ប៊ូស៊ី (Maurizio Bussi) បានបញ្ជាក់ថា ក្នុងរយៈពេល១៥ឆ្នាំនេះកម្ពុជាមានផលវិជ្ជមានច្រើនដូចជា ប្រាក់ឈ្មួលរបស់កម្មករមានការកើនឡើង មានម៉ោងការងារត្រឹមត្រូវ សុខភាពរបស់កម្មករមានភាពល្អប្រសើរ ហើយរោងចក្រអាចបង្កើនលទ្ធភាពនៃផលិតកម្មរបស់ខ្លួន។ តែលោកថាកម្ពុជាត្រូវការពង្រឹងសមត្ថភាពរបស់មន្ត្រីរដ្ឋាភិបាល ប្រព័ន្ធដោះស្រាយវិវាទការងារ ការលើកកំពស់លក្ខខណ្ឌការងារ។

រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង មានប្រសាសន៍ថា គម្រោងរោងចក្រល្អគឺជាដៃគូររបស់រដ្ឋាភិបាលរយៈពេល១៥ឆ្នាំមកនេះក្នុងការធ្វើឲ្យលក្ខខណ្ឌការងាររបស់កម្មករនៅកម្ពុជាបានល្អប្រសើរ។ លោកក៏បានបញ្ជាក់ដែលហាក់បីដូចជាទទួលយក និងឆ្លើយតបទៅនឹងអ្វីដែលអង្គការពលកម្មពិភពលោកលើកឡើងដោយលោកបញ្ជាក់ថា ក្រសួងកាងារបានសម្រេច បង្កើតក្រុមការងារសម្រាប់សហការជាមូយកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាក្នុងការពង្រឹងការអនុវត្តច្បាប់ ពង្រឹងសមត្ថភាព និងគុណភាពនៃមន្ត្រីអធិការកិច្ចក្រសួង  ចែករំលែកគោលការណ៍ណែនាំដើម្បីធ្វើឲ្យមានលក្ខខណ្ឌការងារល្អប្រសើរ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថាក្នុងរយៈពេល១៥ឆ្នាំថ្វីត្បិតតែមានការសហការ រវាងរដ្ឋាភិបាល និងគម្រោងរោងចក្រល្អប្រសើរនេះបានល្អក៏ពិតមែន តែកំរិតនៃការត្រួតពិនិត្យទៅលើរោងចក្រនេះគឺអាចឆ្លើយតបបានប្រហែលតែពាក់កណ្តាលនៃរោងចក្រតែប៉ុណ្ណោះ។លោកថាបានតែពាក់កណ្តាលក៏ព្រោះតែ រោងចក្រមួយចំនួនគេចពីការត្រួតពិនិត្យទាំងនេះ ដោយទៅបង្កើតមានរោងចក្រតូចៗបើកដេរបម្រើឲ្យរោងចក្រធំ ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវ។

លោក អាត់ ធន់ ថា៖ «ឧទាហរណ៍ កាលពីមុនការងារដែលមិនទាន់មានការត្រួតពិនិត្យនោះ ពេលគេត្រួតពិនិត្យគេឲ្យកែ ហើយនិយោជកគាត់គេចពីការត្រួតពិនិត្យនេះគាត់បើកឲ្យមាន  Soft Contract (ក្រុមហ៊ុនតូចដែលបើកដេរឲ្យរោងចក្រធំ) ឥឡូវនេះ BFC (កម្មវិធីរោចក្រល្អប្រសើរ) មានបញ្ហាធំគឺធ្វើឲ្យមាន  Soft Contract ច្រើន។ កន្លែងខ្លះទៅក្រសួងដូចជាអត់បានយកចិត្តទុកដាក់ដូចជាបានបណ្តោយ (BFC) ខ្លាំងពេកវាក៏ជាកម្សោយដែរ។ ហើយមានការត្រួតពិនិត្យដែលយើងមើទៅថាវាល្អអញ្ចឹងហើយ តែពេលខ្លះព័ត៌មានដែលមានការត្រួតពិនិត្យអញ្ចឹងទៅពេលខ្លះក្រុមហ៊ុនដឹង គេកែ (រៀបចំ) ពេលដឹងថាអ្នកហ្នឹងទៅគេរៀបចំទាំងអស់ ដល់ចេញមកវិញវាអត់អនុវត្តន៍ ហើយអត់មានប្រព័ន្ធដែលត្រួតពិនិត្យអីឲ្យបានច្រើអញ្ចឹងធ្វើឲ្យមានការចន្លោះប្រហោងដែរ »

លោកបានឲ្យជាយោបល់ថា គម្រោងរោងចក្រល្អប្រសើរនេះគួរតែត្រួតពិនិត្យទៅលើក្រុមហ៊ុនតូចៗនេះបន្ថែមពីលើការត្រួតពិនិត្យរោងចក្រធំៗ ដើម្បីឲ្យលក្ខខណ្ឌការងារអាចត្រូវបានគោរព និងអនុវត្តន៍បានទាំងអស់គ្នា។

បើតាមកម្មវិធីរោងចក្រល្អ មានរោងចក្រស្បែកជើង និងកាត់ដែរសម្លៀកបំពាក់ចំនួន៥៨០រោងចក្រដែលកម្មវិធីនេះបានត្រួតពិនិត្យ។

បើតាមលោក អ៊ិត សំហេង បានបញ្ជាក់ថា កម្ពុជាស្ថិតនៅលំដាប់ទី៨ ក្នុងចំណោម១៣ប្រទេសដែលនាំចេញផលិតផលខោអាវ និងស្បែកជើងច្រើនជាងគេ។

ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចបានបង្ហាញថានៅដើមឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញសរុបទៅលើវិស័យនេះគិតជាទឹកប្រាក់ប្រមាណ ៣ ៤៩១លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ