ជនជាតិដើមភាគតិចខេត្តព្រះវិហាររកអន្តរាគមន៍ពី UN បន្ទាប់ពីអាជ្ញាធររុះរើផ្ទះ

ប្រជាសហគមន៍ជាតិដើមភាគតិចគួយមកពីស្រុកត្បែងមានជ័យ  ខេត្តព្រះវិហារ នៅថ្ងៃអង្គារនេះ រកកិច្ចអន្តរាគមន៍ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដោយថាអាជ្ញាធរបានរុះរើផ្ទះ និងបានប្រើអំពើលើស្ត្រីពីរនាក់។

លោក ឆៅ វង់ អះអាងជាតំណាងឲ្យប្រពលរដ្ឋជាង ២០គ្រួសារនៅឃុំប្រមេ ឲ្យដឹងថា ពួកគេដាក់ញត្តិ នៅការិយាល័យអង្គការសហប្រជាជាតិនេះ ដោយសារពួកគាតមិនមានជំនឿទៅលើអាជ្ញាធរខេត្ត ខណៈដែលកន្លងមកពួកគាត់បានទៅស្វែងរកអាជ្ញាធរខេត្តឲ្យជួយដោះស្រាយរឿងដីធ្លី ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ទើបពួកគាត់នាំគ្នាឡើងមកភ្នំពេញ ដើម្បីឲ្យលោកស្រី រ៉ូណា ស្មីត ជួយអន្តរាគមន៍។

លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលក៏ខ្ញុំជួបប៉ុន្តែ មានជនមួយចំនួន យល់ស្របជាមួយប្រជាពលរដ្ឋ ដូចថាដីខ្ញុំមានប្លង់ពីភូមិឃុំ គាត់ថាអត់មានសុពលភាព ដល់ខ្ញុំអស់ជំនឿខ្ញុំមកដល់ភ្នំពេញ»

លោកបន្តថា ពួកគាត់រស់លើដីនោះតាំងពីឆ្នាំ១៩៩៥ ដោយមានអាជ្ញាធរភូមិឃុំទទួលស្គាល់  ។

តំណាងប្រជាពលរដ្ឋម្នាក់ទៀតអ្នកស្រី ខុម រ៉ានី  ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរបានយកគ្រឿងចក្រទៅឈួសឆាយ រុះរើផ្ទះរបស់ពួកគាត់ ដោយមិនបានជួនដំណឹងជាមុន និងថាប្រើអំពើហិង្សាមកលើកពួកគាត់ ខណៈដែលេពួកគាត់ទៅរារាំងអាជ្ញាធរឲ្យមិនរុះរើផ្ទះកាលពីពេលកន្លងទៅ ។

មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលថ្នាក់ក្រោម មិនបានយកលចិត្តទុកដាក់ពាក្យសម្ដីដែលសម្ដីនិយាយថា មិនរលោភបំពានលើស្ត្រីភេទ ឬ ក៏ជនជាតិដើមភាគតិចគួរនេះទេ   ដូច្នេះខ្ញុំថា រាជរដ្ឋាភិបាលថ្នាក់អត់យកចិត្តទុកដាក់ ដែលពាក្យសម្ដីលោក ហ៊ុន សែន និយាយគ្មានសុពលភាព ហើយគ្មានប្រយោជន៍ សម្រាប់ប្រជាជននៅកម្ពុជានេះដែរ»

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអាជ្ញាធរពាក់ព័ន្ធ និងអភិបាលខេត្ដព្រះវិហារ បានទេដោយទូរស័ព្ទចូលមិនមានអ្នកទទួល។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះច្បាស់នៅឡើយ តែលោក សង្ស័យថា ការដែលអាជ្ញាធររុះរើផ្ទះប្រជាសហគមន៍នោះ ដោយសារពាក់ព័ន្ធភូមិសាស្ត្រ ។ យ៉ាងណាក៏ដោយលោកថា ប្រសិនបើអាជ្ញាធរចុះរុះរើផ្ទះ ក៏មិនត្រូវប្រើអំពើហិង្សា ដោយលោក ចាត់ទុកការប្រើអំពើហិង្សានេះ ថាជាការរំលោភមនុស្ស និងសិទ្ធិលំនៅដ្ឋាន។

លោកមានប្រសាសន៍ថា៖ «អ្នកភូមិប្រមេឃុំ ប្រមេ ស្រុកត្បែងមានជ័យ កាន់កាប់ដីនៅតំបន់ ជាប់ព្រំប្រទល់ លត្បែងមានជ័យ និង ឆែប គឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីយូរលុងមកហើយ ។ ប៉ុន្តែដោយសារតែ នាពេលបច្ចុប្បន្ននេះ បែបជាភូមិសាស្ត្រនៅឃុំប្រមេ ស្រុកត្បែងមានជ័យ ហ្នឹងត្រូវបានកាត់ចូលទៅហ្នឹងស្រុក ឆែប គឺមានន័យថា កាត់ចូលទៅឃុំអន្លូព្រៃ១ ស្រុកឆែប ទៅវិញ អាហ្នឹងវាពាក់ព័ន្ធទៅហ្នឹងភូមិសាស្ត្រទៀត ។ ប៉ុន្តែគ្រាន់តែថា ប្រសិនជាមានការប្រើករណីដែលអាជ្ញាធរបានប្រើ ហិង្សា  ហើយឈានដល់ការមានរបួស ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយជាការរំលោភទៅលើសិទ្ធិលំនៅស្ថានរបស់ប្រជាពលរដ្ឋដែរ»

មន្រ្តីសិទ្ធិមនុស្សរូបនេះ លើកឡើងថា រដ្ឋាភិបាលគួរពិនិត្យទៅលើឈ្នួញ និងមន្ត្រីមានអំណាច ទៅចាប់យកដីរដ្ឋតាមរយៈប្រើរូបភាពឲ្យប្រជាពលរដ្ឋជាអ្នកចំណាកស្រុកឲ្យទៅចាប់យកដីរដ្ឋខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ