អ្នកតំណាង UN ទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យករណីឃាតកម្មលោក កែម ឡី

លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចូលរួមអំពាវនាវឲ្យការស៊ើបអង្កេតឯករាជ្យ មិនលំអៀង និងតម្លាភាព លើករណីឃាតកម្មអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី។ នេះបើតាមការបញ្ជាក់របស់លោកស្រី នៅក្នុងសេចក្ដីថ្លែងការណ៍បញ្ចប់បេសកម្មនៅក្នុងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលានេះ។

លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំចូលរួមជាមួយសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសង្គមស៊ីវិលនានា ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ មិនលំអៀង និងតម្លាភាព លើករណីឃាតកម្មលោក កែម ឡី»

ការអំពាវនាវនេះ ត្រូវមជ្ឈដ្ឋានទូទៅយល់ថា ទំនងជាធ្វើឡើង បន្ទាប់ពីលោកស្រី ស្មីត បានខកខានដាក់ករណីឃាតកម្មលោក កែម ឡី នៅក្នុងរបាយការណ៍របស់ខ្លួន ដើម្បីរាយការណ៍ជូនកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៦។

ទោះជាយ៉ាងណា ក្នុងនាមជាប្រេសិតពិសេសរបស់ UN លោកស្រី ស្មីត បានបង្ហាញការគាំទ្រឲ្យមានការស៊ើបអង្គេតករណីឃាតកម្មលើលោក កែម ឡី ដោយឯករាជ្យ ក្រោយស្តាប់មតិយោបល់ពីអង្គការសង្គមស៊ីវិល និងចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃនៃសពលោក កែម ឡី។

ក្រៅពីនេះ លោកស្រី រ៉ូណា ស្មីត បានថ្លែងថារដ្ឋាភិបាលកម្ពុជា នៅមិនទាន់គោរពតាមគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានពេញលេញនៅឡើយនោះទេ។

ក្នុងនោះ លោកស្រីបានលើកឡើងនូវកង្វល់ជាច្រើន ដូចជា ក្រុមជនជាតិដើមភាគតិចមិនទាន់ទទួលបានការការពារស្របច្បាប់ បញ្ហាជនអនាថារស់នៅតាមដងផ្លូវ ភាពសាំញាំនៃជម្លោះដីធ្លីនៅកម្ពុជា ស្ថានភាពនៅពន្ធនាគារ បញ្ហានីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌ និងករណីរំលោភសិទ្ធិមនុស្សជាដើម។

លោកស្រីក៏បានសំដែងការសោកស្ដាយដែលមិនបានជួបជាមួយបុគ្គលិកអង្គការអាដហុក៥នាក់ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភាគណបក្ស សម រង្ស៊ី នៅពន្ធនាគារព្រៃសរ ដែលលោកស្រីថាដោយសារអាជ្ញាធរមិនអនុញ្ញាត។

លោកស្រីថ្លែងថា៖ «ខ្ញុំសោកស្ដាយដែលមិនត្រូវបានអនុញ្ញាតឲ្យជួបបុគ្គលិកអង្គការអាដហុក និងលោក ហុង សុខហួរ ដែលកំពុងត្រូវឃុំខ្លួននៅទីនោះ»

លើសពីនេះ លោកស្រីបានទទូចឲ្យរដ្ឋាភិបាលពង្រឹងឯករាជ្យស្ថាប័នតុលាការ និងគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាសព្វថ្ងៃ ដោយគ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយឡើយ។

លោកស្រីបន្ថែមថា៖ «ពាក់ព័ន្ធទៅនឹងសំណុំរឿងក្ដីរបស់មន្ដ្រីអង្គការអាដហុកចំនួន៥រូប ដែលកំពុងត្រូវបានឃុំខ្លួន ខ្ញុំបានលើកឡើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការចោទប្រកាន់នឹងពួកគាត់ ត្រូវតែមានការបង្ហាញភស្ដុតាង ឬក៏ពួកគាត់គួរតែត្រូវបានដោះលែងភ្លាម ដោយត្រូវបិទសំណុំរឿងនោះ»

លោកស្រីក៏បានទទូចឲ្យក្រសួងយុត្តិធម៌កម្ពុជា អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការបង្ហាញភស្ដុតាង មានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ (មាត្រា ១១៨, ១២៧ និង ៣២១) និងធានាឲ្យបានថាចៅក្រមទាំងអស់ អនុវត្តតាមគោលការណ៍នេះ ដោយថាដើម្បីកុំឲ្យដាក់ទោសនរណាម្នាក់ ដោយគ្មានសំអាងហេតុផ្នែកច្បាប់ត្រឹមត្រូវក្នុងសំណុំរឿងនីមួយៗ។

នៅថ្ងៃនេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានសរសេរតាមហ្វេសប៊ុក ថ្លែងកោតសរសើរដល់សេចក្ដីថ្លែងការណ៍ និងអនុសាសន៍របស់អ្នកស្រី ស្មីត ដោយថាវាមានតុល្យភាព និងប្រហាក់ប្រហែលទៅនឹងកិច្ចខិតខំប្រឹងប្រែង និងបញ្ហាប្រឈមរបស់រាជរដ្ឋាភិបាល។

លោកស្រី ស្មីត បន្តថា លោកស្រីនឹងដាក់បញ្ចូលករណីឃាតកម្មលោក កែម ឡី និងបញ្ហាសិទ្ធិមនុស្សផ្សេងទៀត ទៅក្នុងរបាយការណ៌បន្ទាប់ ដែលគ្រោងធ្វើនៅខែឧសភា ឆ្នាំ២០១៧ មុននឹងដាក់ជូនឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សត្រួតពិនិត្យនៅខែកញ្ញា ឆ្នាំក្រោយ។

គួបញ្ជាក់ថា បន្ទាប់ពីឃាតកម្មសម្លាប់លោក កែម ឡី កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដា អស់រយៈពេលជិត៤ខែមក មានជនជាប់ចោទមួយរូបប៉ុណ្ណោះ ដែលឈ្មោះ អឿត អាង ឬហៅ ជួប សំលាប់ ត្រូវបានឃាត់ខ្លួននិងកំពុងបន្តការស៊ើបសួរដោយតុលាការក្រុងភ្នំពេញ៕ រាយការណ៍បន្ថែមដោយ ពេជ្រ ចំរុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ