ប្រជាជនហ្វីលីពីនរាប់លាននាក់ ត្រូវបានគេព្រមានឲ្យប្រុងប្រយ័ត្នកាលពីថ្ងៃម្សិលមិញ ខណៈព្យុះទីហ្វុងខ្លាំងបំផុតមួយ នឹងវាយបោកបក់លើប្រទេសមួយនេះ ដោយអាជ្ញាធរព្រមានពីខ្យល់ព្យុះដ៏មហន្តរាយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានបន្តថា ព្យុះទីហ្វុងហៃម៉ា បានវាយប្រហារភាគខាងជើងខេត្តខាហ្កាយ៉ាន់ កាលពីយប់មិញ ដោយនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ជោគជាំ ដែលសឹងតែមានទំហំដូចទៅនឹងព្យុះហៃយ៉ាន ដែលបានសម្លាប់មនុស្សជាង ៧៣៥០នាក់ កាលពីឆ្នាំ២០១៣កន្លងមក។
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ដែលកំពុងស្ថិតនៅទីក្រុងប៉េកាំងក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនោះ បានថ្លែងថា៖ “យើងបានត្រឹមបួងសួងសូមឲ្យយើងជៀសផុតពីមហន្តរាយដូចពេលកន្លងមក ដែលនាំមកនូវទុក្ខសោកសៅ និងភាពឈឺចាប់។ ប៉ុន្តែ យើងបានត្រៀមខ្លួនរួចហើយ។ គ្រប់យ៉ាងត្រូវបានដាក់ឲ្យប្រុងជើងការ”។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឲ្យដឹងថា ព្យុះហៃម៉ា មានទំហំដល់ទៅ ៨០០គីឡូម៉ែត្រ ដែលធ្វើឲ្យមនុស្សជាង ១០លាននាក់នៅទូទាំងភាគខាងជើងនៃកោះ Luzon ទទួលរងផលប៉ះពាល់។
មន្ត្រីឧតុនិយមហ្វីលីពីន បាននិយាយថា ព្យុះនេះបោកបក់ប្រទេសហ្វីលីពីនក្នុងល្បឿនខ្យល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយល្បឿនខ្យល់ខ្លាំងបំផុតរហូតដល់ទៅ ៣១៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះ ត្រូវបានគេព្យាករថានឹងឆ្ពោះទៅភាគខាងលិច កាត់តាមតំបន់ភ្នំនៅចុងខាងជើងនៃកោះ Luzon ហើយនឹងបោកបក់នៅថ្ងៃព្រហស្បតិ៍នេះ។ ព្យុះត្រូវបានគេព្យាករថា នឹងបោកបក់សម្ដៅទៅសមុទ្រចិនខាងត្បូងផងដែរ៕