របាយការណ៍អង្គការអន្ដរជាតិមួយចេញផ្សាយកាលពីម្សិលមិញ បានចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានស្ថានភាពនៃការគោរពនីតិរដ្ឋទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន១១៣លើពិភពលោក។
សន្ទស្សន៍ផ្នែកនីតិរដ្ឋដែលចេញផ្សាយដោយ «គម្រោងយុត្តិធម៌ពិភពលោក» សម្រាប់ឆ្នាំ២០១៦ បានធ្វើការស្ទាបស្ទង់ការយល់ដឹងផ្នែកច្បាប់នៅជុំវិញពិភពលោកនិងផ្អែកលើកត្តាចំនួន៨ គឺការប្រើប្រាស់អំណាចរបស់រដ្ឋ អំពើពុករលួយ ការបើកចំហរបស់រដ្ឋាភិបាល សណ្ដាប់ធ្នាប់និងសន្ដិសុខ ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។
បើតាមរបាយការណ៍នេះ ការគោរពនីតិរដ្ឋនៅកម្ពុជា គឺជាប់លេខរៀងចុងក្រោយក្នុងចំណោមប្រទេសចំនួន១៥ នៅក្នុងតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងជាប់លេខរៀងទី២៨ ក្នុងចំណោមប្រទេស២៨ ដែលមានប្រាក់ចំណូលជាមធ្យមទាបជាងគេ។
លើសពីនេះ កម្ពុជាជាប់ចំណាត់ថ្នាក់១១២ ក្នុងចំណោមប្រទេស១១៣ នៅលើពិភពលោក គឺអន់ជាងអាហ្វហ្គានីស្ថានទៅទៀត ហើយស្ថិតនៅលើវេណេហ្សុយអេឡាមួយប៉ុណ្ណោះ ដែលជាប្រទេសកំពុងជួបកង្វះស្បៀងអាហារ និងអំពើហិង្សាជាញឹកញាប់។
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិបានលើកឡើងនូវកង្វល់ជាច្រើនជូនដល់រដ្ឋាភិបាលកម្ពុជា ដូចជាបញ្ហានីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌ ជម្លោះដីធ្លី ស្ថានភាពពន្ធនាគារ និងបញ្ហារំលោភសិទ្ធមនុស្សជាដើម។
លោកស្រី រ៉ូណា ស្មីត ក៏បានទទូចឲ្យក្រសួងយុត្តិធម៌អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការបង្ហាញភស្ដុតាង ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងធានាថាចៅក្រមទាំងអស់អនុវត្តតាមគោលការណ៍នេះ ដោយថាកុំឲ្យដាក់ទោសនរណាម្នាក់ដោយគ្មានសំអាងហេតុផ្នែកច្បាប់ត្រឹមត្រូវ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានសំដែងការសោកស្ដាយចំពោះការធ្លាក់ចុះនូវការគោរពច្បាប់នៅកម្ពុជា ដោយថារដ្ឋាភិបាលគួរតែទទួលយករបាយការណ៍នេះ ដើម្បីកែលម្អស្ថានភាពបច្ចុប្បន្ន ជាជាងចេះតែប្រើពាក្យថា “ទាត់ចោលឬច្រានចោល”។
លោក ព្រាប កុល បន្ថែមទៀតថាកត្ដាជំរុញឲ្យការគោរពនីតិរដ្ឋធ្លាក់ចុះបែបបនេះ គឺដោយសារស្ថានភាពអំពើរលួយ ស្ថាប័នតុលាការគ្មានឯករាជ្យភាព និងបញ្ហារំលោភសិទ្ធិមនុស្ស។
លោកថា ៖ «ខ្ញុំមានការសោកស្ដាយដែលរយៈពេលជាង៣ឆ្នាំ ៤ឆ្នាំនេះ មានការផ្ដល់អនុសាសន៍ទៅរាជរដ្ឋាភិបាលទៅក្រសួងយុត្តិធម៌ច្រើនសន្ធឹកសន្ធាប់។ តាំងពីអ្នករាយការណ៍ពិសេស UN សមាគមន៍អ្នកច្បាប់អន្ដរជាតិ អង្គការជាតិ និងអន្ដរជាតិ […] អត់ឃើញមានការប្រែប្រួលវិជ្ជមាន ជាចំណុចមួយដែលយើងមានការសោកស្ដាយ»។
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលបានចាត់ទុករបាយការណ៍នេះថា មិនបានឆ្លុះបញ្ចាំងតថភាពជាក់ស្ដែងនៅកម្ពុជាទេ ដោយថាការចាប់ដាក់ពន្ធនាគារបុគ្គលិកសង្គមស៊ីវិល និងមន្ដ្រីបក្សប្រឆាំង គឺដោយសារពួកគេបំពានច្បាប់ប៉ុណ្ណោះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានប្រាប់វីអូឌីថា៖ «ជនបរទេសខ្លះ ក្ដាប់សភាពការណ៍អត់បានទេ អ៊ីចឹងការវាយតម្លៃនេះ មិនបានផ្សារភ្ជាប់នឹងតថភាពសង្គមកម្ពុជាទេ។ មួយទៀត គឺថាវាមានការចាប់ខ្លួនមនុស្សខ្លះ អារឿងហ្នឹងមកពីប្រព្រឹត្តល្មើស អ៊ីចឹងបានគេចាប់ ប្រសិនបើយើងគ្មានប្រព្រឹត្តល្មើស គេមិនទៅចាប់ទេ»។
បើធៀបនឹងសន្ទស្សន៍ឆ្នាំ២០១៥ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់៩៩ ក្នុងចំណោមប្រទេស១០២ ក្នុងនោះវៀតណាមឈរលេខរៀងទី៦៤ ថៃឈរលេខរៀង៥៦ ចំណែកវេណេហ្សុយអេឡាទទួលបានលេខ១០២៕