រដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់មន្ត្រីក្រុមប្រឹក្សាចាប់ពីរាជធានី ខេត្តរហូតដល់ភូមិ នៅទូទាំងប្រទេស។
ព័ត៌មានស្ដីពីការសម្រេចថ្មីនេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដែលថា កើតឡើងនៅអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ។
ឯកសារដែលបង្ហោះដោយលោក ផៃ ស៊ីផាន បានបង្ហាញថា ប្រាក់ឧបត្ថម្ភប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត នឹងត្រូវបានដំឡើងទៅដល់ ១លាន ២១ម៉ឺនរៀល ខណៈសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត នឹងឡើងពី ៩៧ម៉ឺនរៀល។
ប្រធានក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ នឹងត្រូវដំឡើងទៅដល់ ៩៣ម៉ឺន ៥ពាន់រៀល ខណៈសមាជិកក្រុមប្រឹក្សានេះ នឹងត្រូវដំឡើងដល់ ៧៥ម៉ឺន។
ចំណែកប្រាក់ឧបត្ថម្ភសម្រាប់មេឃុំ ឬចៅសង្កាត់ នឹងត្រូវដំឡើងដល់ ៨៨ម៉ឺនរៀល ខណៈជំទប់ទី ១ និងទី២ នឹងឡើងទៅដល់ ៦៥ម៉ឺនរៀល។ សម្រាប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ពួកគេនឹងទទួលបានការដំឡើងទៅដល់ ៥៧ម៉ឺនរៀល។
ចំណែកឯប្រាក់ឧបត្ថម្ភរបស់មេភូមិ ដែលបច្ចុប្បន្នទទួលបាន ២០ម៉ឺនរៀលនោះ នឹងត្រូវរដ្ឋាភិបាលដំឡើងដល់ ២២ម៉ឺនរៀល ខណៈជំនួយការមេភូមិ នឹងឡើងដល់ ១៨ម៉ឺនរៀល ហើយសមាជិកភូមិនឹងឡើងដល់ ១៦ម៉ឺនរៀល៕