បក្សប្រឆាំងជំរុញឲ្យ គ.ជ.ប​ បង្កើនការផ្សព្វផ្សាយព័ត៌មានខណៈអ្នកទៅចុះឈ្មោះបោះឆ្នោតធ្លាក់ចុះ

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ អេង ឆៃអ៊ាង កាលពីកន្លងទៅ

គណបក្សប្រឆាំង ដាក់ការព្រួយបារម្ភថា ពលរដ្ឋមួយចំនួន អាចនឹងបាត់សិទ្ធិបោះឆ្នោត បើអាជ្ញាធរនៅតែបន្តរារាំង មិនឲ្យក្រុមយុវជនចុះផ្សព្វផ្សាយព័ត៌មាន ស្តីពីដំណើការចុះឈ្មោះបោះឆ្នោត ដល់ប្រជាពលរដ្ឋតាមការអំពាវនាវរបស់ គ.ជ.ប។

មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់អ្នកគាំទ្រ នៅស្នាក់ការគណបក្ស នាថ្ងៃទី២១ខែតុលានេះថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតពេលនេះ លោកថាបានធ្លាក់ចុះពីជាង១០ម៉ឺនាក់ មកត្រឹមជាង៧ម៉ឺននាក់វិញក្នុងមួយថ្ងៃ។ លោកថា ចំនួននេះ ខុសពីការរំពឹងទុករបស់ គ.ជ.ប។

លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា ចំណែកភាពចុះជួយផ្សព្វផ្សាយអំពីដើការចុះឈ្មោះបោះឆ្នោត របស់យុវជនសង្គ្រោះជាតិវិញ នៅតាមខេត្តមួយចំនួន លោកថាត្រូវបានអាជ្ញាធររារាំង។

លោក អេង ឆៃអ៊ាង អះអាងទៀតថា បញ្ហានេះ បើ គ.ជ.ប នៅតែធ្វើមិនដឹងមិនឭ លោកថា ពលរដ្ឋមួយចំនួនដែលមិនទទួលបានព័ត៌មាន ពួកគេអាចនិងបាត់សិទ្ធិបោះឆ្នោត នៅពេលខាងមុខនេះ។

លោកថា៖ «ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែមានវិធានការឲ្យបានជាក់ស្តែង។ ព្រោះនៅក្នុងនីតិវិធីរបស់គណបក្សកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺបានអំពាវនាវឲ្យគណបក្សនយោបាយ ឲ្យអាជ្ញាធរ ឲ្យអង្គការសង្គមស៊ីវិល ចូលរួមផ្សព្វផ្សាយ ឲ្យពលរដ្ឋបានដឹងបានយល់អំពីដំណើការចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែផ្ទុយទៅវិញ ការអនុវត្តន៍ជាក់ស្តែងគឺផ្ទុយស្រឡះ បែជាអាជ្ញាធររារាំង។ ដល់អាជ្ញាធររារាំង គ.ជ.ប អត់មានវិធានការអីទៅវិញ»។

បើតាមន្ត្រីបក្សប្រឆាំង សកម្មភាពរបស់យុវជន ដែលត្រូវអាជ្ញាធររារាំងនោះ មាននៅខេត្តសៀមរាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដោយថាបើទោះបីការចុះផ្សព្វផ្សាយនោះ ពួកគេមិនបានប្រើរូបសញ្ញាគណបក្សក៏ដោយ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើកឡើងថា ករណីនេះស្ថាប័នជាតិរៀបចំការបោះឆ្នោត បានបញ្ជូនមន្ត្រីរបស់ខ្លួនចុះទៅសិក្សានឹងស្វែងរកការពិតហើយ និងបានអំពាវនាវឲ្យភាគីពាក់ព័ន្ធធ្វើកិច្ចនេះដោយសហការគ្នាឈើលើស្មារតីច្បាប់។

លោកថា៖ «ផ្ទុយទៅវិញបើយើងបណ្តោយឲ្យឥទ្ធិពលនយោបាយ នឹងចោទប្រកាន់គ្នាចុះឡើង នោះជាការរំខានដល់ដំណើរការចុះឈ្មោះបោះឆ្នោតទៅវិញទេ ដែល គ.ជ.ប ឆ្លៀតយកឱកាសនេះស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់យកច្បាប់និងបទបញ្ជានីតិវិធីចុះឈ្មោះបោះឆ្នោតជាធំចូលរួមទាំងអស់គ្នា ដោះស្រាយទាំងអស់គ្នា នោះនឹងគ្មានបញ្ហាអ្វីកើតឡើងទេ បាទ»។

លោក ហង្ស ពុទ្ធា ឲ្យដឹងទៀតថា នៅពេលនេះ គ.ជ.ប បានសហការជាមួយក្រសួងអប់រំ ដោយចុះបណ្តុះបណ្តាលក្រុមនិស្សិតស្ម័គ្គចិត្តមួយចំនួនឲ្យជួយចុះផ្សព្វផ្សាយពីព័ត៌មានស្តីពីដំណើការចុះឈ្មោះបោះឆ្នោតនេះ ដែលលោកថា ដើម្បីបញ្ចៀបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ។

បើតាមលោក ហង្ស ពុទ្ធា បើទោះបីពេលនេះ ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត បានធ្លាក់ចុះបន្តិចមែន ប៉ុន្តែលោកថា ចំនួននេះអាចនឹងកើនឡើងវិញ តាមការខំប្រឹងប្រែងបង្កើនការផ្សព្វផ្សាយរបស់ គ.ជ.ប។

បើតាម គ.ជ.ប គិតត្រឹមថ្ងៃទី១៩ ខែតុលា នេះ អ្នកទៅចុះឈ្មោះបោះឆ្នោតមាន ចំនួនជិត៦លាននាក់ (៥ ៩៩៩ ១៧៧ នាក់) ស្មើ៦២ភាគរយ ។

គ.ជ.ប ព្យាករណ៍ថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតរយៈពេល៩០ថ្ងៃ អាចមានដល់ជិត១០លាននាក់ (៩ ៦៦៤ ២១៦ នាក់) ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វីច លោក សំ គន្ធាមី លើកឡើងថា ក្នុងដំណើការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត លោកថា អំណាចទាំងអស់ ដែលមានចែងក្នុងច្បាប់ស្ថិតនៅដៃ គ.ជ.ប ។

លោក សំ គន្ធាមី ជំរុញឲ្យ គ.ជ.ប ពង្រឹងវិធានការនេះ សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយថាធ្វើយ៉ាងណាបង្កបរិយាកាសនេះ ឲ្យពលរដ្ឋបានយល់ដឹងឈានទៅចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ធានាដល់គុណភាពបញ្ជីឈ្មោះបោះឆ្នោត និងភាពត្រឹមត្រូវនៃការបោះឆ្នោតនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ