មេធាវី​ការពារ​ក្ដី​​លោក ហុង សុខហួ គ្រោង​ស្នើ​តុលាការ​បើក​អ៊ីនធឺណែត​បង្ហាញ​ភស្តុតាង

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ

មេធាវីការពារក្ដីសមាជិកព្រឹទ្ធសភាបក្សប្រឆាំងដែលកំពុងជាប់ឃុំ គ្រោងនឹងស្នើទៅតុលាការឲ្យបើក និងភ្ជាប់អ៊ីនធឺណិត ក្នុងពេលសវនាការនាពេលខាងមុខនេះ ដោយលោកថា ដើម្បីផ្ដល់ឱកាសឲ្យលោកបង្ហាញភស្តុតាងសម្រាប់ដោះបន្ទុកកូនក្ដីរបស់លោក។

ក្នុងលិខិតចុះថ្ងៃទី០៤ ខែតុលានេះ សាលាដំបូងរាជធានីភ្នំពេញ បានអញ្ចើញលោក ជួង ជូងី មេធាវីការពារក្ដីឲ្យ លោក ហុង សុខហួរ ឲ្យចូលរួមក្នុងសវនាការនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ។

លោក ជួង ជូងី បានប្រាប់វីអូឌី (VOD) នៅថ្ងៃនេះថា លោក និងកូនក្ដីរបស់លោក នឹងទៅចូលសវនាការនោះ ដើម្បីស្នើទៅតុលាការឲ្យបើក និងភ្ជាប់អ៊ីនធឺណិត ក្នុងពេលសវនាការ ដែលលោកថា លោកនឹងបង្ហាញភស្តុតាងដោះបន្ទុកកូនក្ដីលោកឲ្យរួចផុតពីការចោទប្រកាន់របស់តុលារ ខណៈកូនក្ដីលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។

លោក ជួង ជូងី ប្រាប់ថា៖ “សុំឲ្យតុលាការប្រើកុំព្យូទ័រតុលាការភ្ជាប់អ៊ិនធឺណែត ហើយខ្ញុំប្រើប្រាស់អ៊ិនធឺណែតនោះ បង្ហាញភស្តុតាងដោះបន្ទុក គឺកន្លងមកតុលាការចោទប្រកាន់តែលោក ហុង សុខហួរថាក្លែងឯកសារធារណៈ ប៉ុន្តែកន្លងមកលោក ហុង សុខហួរ បង្ហាញថាគាត់អត់បានក្លែងទេ ឯកសារសន្ធិសញ្ញានោះគឺគាត់ស្រាវជ្រាវពីអ៊ិនធឺណែតមក ហើយបើតាមការបង្ហាញរបស់គាត់ (លោក ហុង សុខហួរ) ខ្ញុំក៏រកឃើញឯកសារនោះនៅក្នុងអ៊ិនធឺណែត”។

គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ ដែលការចាប់ខ្លួននេះ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។

លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់ ៣ករណី គឺ បទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ