ទីប្រឹក្សារដ្ឋភូមា អ្នកស្រី អ៊ុងសាន ស៊ូជី បានថ្លែងថា សេដ្ឋកិច្ចភូមានឹងមិនកើនឡើងដូចការរំពឹងទុកនោះឡើយ ចាប់តាំងពីរដ្ឋាភិបាលអ្នកស្រី ឡើងកាន់អំណាចកាលពីខែមីនាកន្លងមក ហើយអ្នកស្រី បានអំពាវនាវឲ្យមានកិច្ចសហការពីសហគមន៍ធុរកិច្ច។
អ្នកស្រី ស៊ូជី បានថ្លែងដូច្នេះនៅអំឡុងជំនួបជាមួយក្រុមមេដឹកនាំធុរកិច្ចនៅទីក្រុងណៃពិដោរ នៅថ្ងៃនេះ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo។
អ្នកស្រីថ្លែងថា៖ “ខ្ញុំត្រូវតែសារភាពត្រង់ៗថា អំឡុងរយៈពេល ៦ខែនៃអាណត្តិរដ្ឋាភិបាលរបស់យើង សេដ្ឋកិច្ចមិនបានប្រសើរឡើងដូចដែលយើងសង្ឃឹមនោះឡើយ”។
អ្នកស្រី ស៊ូជី បានប្រាប់ថា មានមូលហេតុដែលនាំឲ្យសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវ ប៉ុន្តែ អ្នកស្រីមិនបានប្រាប់ឲ្យដឹងនោះឡើយ។
អ្នកស្រីបន្ថែមថា៖ “មានឧបសគ្គជាច្រើនសម្រាប់ប្រទេសរបស់យើងដែលត្រូវដោះស្រាយ ប៉ុន្តែ ខ្ញុំជឿថា យើងត្រូវតែឈ្នះបញ្ហាប្រឈមទាំងនេះពីមួយជំហ៊ានទៅមួយជំហ៊ាន”។
ឆ្លើយតបទៅនឹងការរិះគន់ថា រដ្ឋាភិបាលអ្នកស្រីមិនយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើបញ្ហាសេដ្ឋកិច្ច ដោយផ្ដោតទៅលើនយោបាយ និងដំណើរការសន្តិភាពជាមួយក្រុមជនជាតិភាគតិចនោះ អ្នកស្រី ស៊ូជី បានថ្លែងថា រដ្ឋបាលអ្នកស្រីនឹងផ្ដោតអាទិភាពទាំងទៅលើវិស័យនយោបាយ និងសេដ្ឋកិច្ច ដោយសារវិស័យទាំងពីរពឹងអាស្រ័យលើគ្នាទៅវិញទៅមក៕
ធនាគារពិភពលោក បាននិយាយក្នុងរបាយការណ៍ដើមខែនេះថា កំណើនសេដ្ឋកិច្ចភូមានៅឆ្នាំនេះ នឹងនៅតែខ្លាំងក្លាយ បើទោះជាអត្រាអតិផរណាមានកម្រិតខ្ពស់ក៏ដោយ។
ធនាគារនេះ បានព្យាករថា GDP ប្រទេសនេះ នឹងកើនឡើង ៧.៨ភាគរយ នៅឆ្នាំនេះ ខណៈដែលសម្ពាធអតិផរណា នឹងថយចុះ ៨.៥ភាគរយ៕