អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលប្រកាសធ្វើកូដកម្មនៅមុខក្រុមហ៊ុនជាថ្មីទៀតនៅសប្តាហ៍នេះបន្ទាប់ពីពួកគេមិនទទួលបានដំណោះស្រាយរឿងវិវាទការងារ។
អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលប្រមាណ៤៥នាក់ បាននាំគ្នាធ្វើការតវ៉ាជាបន្តបន្ទាប់ ចាប់ពីចុងឆ្នាំ២០១៥មកដោយពួកគេអះអាងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគេដោយសារតែពួកគេបង្កើតជាសហជីព ប៉ុន្តែការតវ៉ានេះបានផ្អាកមួយរយៈ បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងការងារ ក្រោយពីមានការប៉ះទង្គិចដោយហិង្សា។
ក្នុងលិខិតរបស់សហភាពការងារកម្ពុជាចុះថ្ងៃទី២១ តុលា ឆ្នាំ២០១៦ឲ្យដឹងថា រហូតមកដល់ពេលនេះ អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលទាំង៤៥នាក់នោះ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។
លិខិតដដែលបញ្ជាក់ថា ពួកគេនឹងប្រមូលផ្តុំគ្នាបន្តធ្វើកូដកម្មមុខក្រុមហ៊ុនចាប់ពីថ្ងៃទី២៨ តុលា ខាងមុខនេះរហូតមានដំណោះស្រាយ ហើយថាប្រសិនបើនៅតែមិនមានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាទៅរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
តែទោះយ៉ាងណាកន្លងមកភាគីក្រុមហ៊ុនបានអះអាងថា ការបញ្ឈប់អ្នកបើបររថយន្តទាំង៤៥នាក់នោះ ដោយសារតែពួកគេធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជាលួចដាក់ភ្ញៀវតាមផ្លូវជាដើម។
គួរលឹកថាវិវាទការងារនៅក្រុមហ៊ុនកាពីតូលនេះធ្លាប់ផ្ទុះហិង្សារវាងក្រុមអតីតបុគ្គលិកក្រុមហ៊ុននិងក្រុមអ្នករត់រឺម៉កកង់បីរបស់សមាគមន៍ដើម្បីកម្ពុជា ដែលបណ្តាលឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់ និងភាគីខាងក្រុមអ្នករត់រឺម៉កកង់បីរងរបួសមួយចំនួនផងដែរ។