ប៉ូលិសវៀតណាម កំពុងស្វែងរកចាប់ខ្លួនអ្នកញៀនគ្រឿងញៀនរាប់រយនាក់ ដែលបានរត់គេចចេញពីមណ្ឌលស្ដារនីតិសម្បទាមួយកន្លែង ដោយអ្នកខ្លះប្រើប្រាស់ដំបង និងបំពង់ពន្ធត់អគ្គិភ័យ ដើម្បីហែកចេញពីមណ្ឌលនោះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានផ្សាយថា រដ្ឋាភិបាលកុំម្មុយនីស្តវៀតណាម បានសម្រេចចាប់ជនញៀនគ្រឿងញៀនដាក់ក្នុងមណ្ឌលនោះរយៈពេល ២ឆ្នាំដោយបង្ខំ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន។ ក្រុមសិទ្ធិមនុស្ស បានបរិហារចំពោះលក្ខខណ្ឌអាក្រក់នៅមណ្ឌលនោះ និងថា ការរត់គេចចេញក្នុងចំនួនច្រើនបែបនេះ កើតឡើងជាញឹកញាប់។
ជនញៀនថ្នាំជាង ៥០០នាក់ បានរត់គេចចេញពីមណ្ឌលនោះ ដែលស្ថិតនៅភាគខាងត្បូងនៃដុងណៃ កាលពីល្ងាចថ្ងៃម្សិលមិញ ដោយបណ្ដាលឲ្យមណ្ឌលនោះស្ថិតក្នុងសភាពរញ៉េរញ៉ៃ ក្រោយការទម្លាយជញ្ចាំងថ្ម វាយបំបែកបង្អួច និងទ្វារ។
ជនញៀនថ្នាំទាំងនោះ បានរត់គេចទៅតាមផ្លូវនានានៅជុំវិញនោះ ដែលនាំឲ្យមន្ត្រីវៀតណាម ដាស់តឿនទៅអ្នកភូមិឲ្យបិទទ្វារផ្ទះរបស់ពួកគេ។
មណ្ឌលស្ដារនីតិសម្បទាដុងណៃ មានអ្នកញៀនថ្នាំជាង ១៥០០នាក់ ដែលវាគឺជាចំនួនផ្ទុកលើសពីទំហំរបស់មណ្ឌល។
យោងតាមតួលេខផ្លូវ មានជនញៀនថ្នាំជាង ២សែននាក់នៅទូទាំងប្រទេសវៀតណាម ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការរីករាលដាលនៃថ្នាំញៀនហេរ៉ូអ៊ីន៕









