សហភាពការងារកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលចាប់ជនមិនស្គាល់មុខដែលបាញ់ប្រហារមកលើសមាជិកខ្លួន

សហភាពការងារកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃត្រូវរកជនដៃដល់មួយក្រុមនិងអ្នកនៅពីក្រោយដែលបាញ់ប្រហារមកលើសមាជិករបស់ខ្លួនម្នាក់នៅខេត្តសៀមរាប។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ តុលានេះថា សហមាជិករបស់សហភាពការងារកម្ពុជាម្នាក់ដែលជាប្រធានសមាគមកសិករដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំខេត្តសៀមរាប គឺលោក ចាន់ រិទ្ធិ ត្រូវបានជនមួយក្រុមលួចបាញ់ប្រហារចំនួន៤គ្រាប់កាលពីថ្ងៃទីថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៦ ខណៈកំពុងដេកក្នុងផ្ទះពេលយប់។

លោក អាត់ ធន់ បន្តថាលោក ចាន់ រិទ្ធិ ជាសកម្មជនដីធ្លីម្នាក់ដែលសកម្មក្នុងការចេញមុខជួយពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តសៀមរាប ហើយតែងតែរងការគម្រាមគំហែងពីឈ្មួញដីដែលមានលុយមានអំណាចនិងអាជ្ញាធរនៅខេត្តសៀមរាបផងដែរ។

លោកថា ក្រោយការបាញ់ប្រហាពេលថ្មីៗនេះក៏មានជនមួយក្រុមមកសួររកឈ្មោះលោក ចាន់ រិទ្ធ ដល់ការិយាល័យសហភាពការងារកម្ពុជាដែរ។

លោកបន្ថែមថា៖ “ដោយសារគាត់[លោក ចាន់ រិទ្ធ]តស៊ូខ្លាំងពេក គេតាមបាញ់គាត់ដល់ផ្ទះកន្លែងគាត់នៅតែម្តង នៅម៉ោង៤ភ្លឺ ចៃដន្យគាត់ដឹងខ្លួនទាន់ គាត់គេចមក ហើយការប៉ាញ់ហ្នឹងអត់បានត្រូវគាត់ទេ ហើយមិនត្រឹមតែប៉ុណ្នឹងទេ រឿងគាត់អត់ត្រូវបានគេជួយហើយ ពេលថ្មីនេះស្រាប់តែបណ្តឹងពីប៉េអឹមកោះគាត់ឲ្យទៅដោះស្រាយរឿងគេប្តឹងផ្សេងទៅវិញ ហើយពីរបីមុននេះមានជនមិនស្គាល់មុខប្រហែងជាង១០នាក់មកការិយាល័យយើងនេះដើម្បីតាមចាប់គាត់”។

លោក អាត់ ធន់ បន្ថែមថាដោយសារតែមានការគម្រាមកំហែងបែបនេះលោក ចាន់ រិទ្ធិ បានកំពុងតែលាក់ខ្លួននៅកន្លែងមានសុវត្តិភាព។

អធិការនគរបាលស្រុកបន្ទាយស្រីលោក ជីម រក្សា ឲ្យដឹងថា រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ស្វែងរកចាប់អ្នកបាញ់ប្រហារនោះមកដាក់ទោសបាននៅឡើយទេ។ តែយ៉ាងណាលោកថាសមត្ថកិច្ចបានបញ្ជូនសំនុំរឿងនេះទៅតុលាការរួចហើយ។ ហើយលោកថាសមត្ថកិច្ចកំពុងកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន។

លោកបន្ថែមថា៖ “សំនុំរឿងហ្នឹង យើងបានបញ្ជួនទៅតុលាការអស់ហើយ ហើយយើងកំពុងតែស្រាវជ្រាវបន្តទៀត”។

មន្រ្តីសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តសៀមរាបលោក ចៅលក្ខ វណ្ណា ឲ្យដឹងថាតាមការស្រាវជ្រាវរបស់អង្គការលោក គឺពិតជាមានការបាញ់ប្រហារមកលើសកម្មជនដីធ្លីលោក ចាន់ រិទ្ធិ មែន។ លោកថាករណីនេះគឺជាការគម្រាមកំហែងមកលើសកម្មជនដីធ្លីនិងជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ “នេះវាជាអំពើគម្រាមកំហែងមួយដល់ពលរដ្ឋទូទៅមិនមែនតែសកម្មជនដីធ្លីប៉ុណ្នោះទេ វាអាចគម្រាមកំហែងដល់ពលរដ្ឋដ៏ទៃទៀត”។

លោក ចៅលក្ខ វណ្ណា ស្នើឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ត្រូវស្រាវជ្រាវចាប់អ្នកបើកការបាញ់ប្រហារនោះមកដាក់ទោសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ