មន្ត្រីរដ្ឋាភិបាលចិនបានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ រដ្ឋាភិបាលដែលដឹកនាំដោយលោក ស៊ី ជិនពីង បានផ្តន្ទាទោសមន្ត្រីរបស់ខ្លួនជាង១លាននាក់ ដែលប្រព្រឹត្តអំពើពុករលួយក្នុងពេលកាន់តំណែងរបស់ពួកគេ។
របាយការណ៍នេះបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំបិទទ្វារមួយរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិននៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កិច្ចប្រជុំបិទទ្វារនោះដឹកនាំដោយលោក ស៊ី ជិនពីង ដែលជាអ្នកប្រយុទ្ធអំពើពុករលួយយ៉ាងសកម្ម១រូប។ ប៉ុន្តែអ្នកតាមដានខ្លះថា យុទ្ធនាការរបស់លោក ស៊ី ផ្តោតសំខាន់ចាត់ការលើអ្នកប្រឆាំងការដឹកនាំរបស់ខ្លួន តែការចោទនេះត្រូវបានលោក ស៊ី បដិសេធ។
អ្នកវិភាគខ្លះថាសកម្មភាពទាំងនេះ គឺជាការផ្តល់អំណាចឲ្យលោក ស៊ី ហូសហេតុពេក។
តាមរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលអំពើពុករលួយនៃបក្សកុម្មនីស្តចិនបង្ហាញថា តាំងពីឆ្នាំ២០១៣មក មន្ត្រីដែលទទួលទោសដោយសារអំពើពុករលួយមានរហូតដល់ជាង១លាននាក់។
លោក ស៊ី ជិនពីង កាន់តំណែងជាប្រធានាធិបតីចិនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ហើយក្នុងពេលលោកឡើងកាន់តំណែង ប្រកាសប្តេជ្ញាប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ចំពោះអំពោះពុករលួយ៕









