អាជីវករលក់ដូរនិងសាធារណជនបានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពជីវិតរបស់ពួកគេ នៅពេលដែលជណ្តើរយន្តនៅក្នុងផ្សារទំនើប Pandan Kapital នៅក្នុងទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាទ្បេស៊ី បានផ្ទុះបាក់ដោយមិនដឹងមូលហេតុកាលពីរសៀលម្សិលមិញ។
រូបភាពដែលគេចែករំលែកតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គម គឺបង្ហាញជណ្តើរយន្ត១០កាំ បានបាក់និងប៉ើងឡើង ហើយក្នុងនោះកាំចំនួនបីបានបាក់ធ្លាក់ចុះមកក្រោម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
សាក្សីនៅកន្លែងកើតហេតុបានថ្លែងប្រាប់ Channel News Asia ថាសំឡេងនៃការផ្ទុះជណ្តើរយន្តនោះបានឮចេញមកខាងក្រៅខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលពីអ្នកនៅក្បែរៗនោះ។
ឧបទ្ធវហេតុនេះបានកើតឡើងនៅម៉ោង១រៀលថ្ងៃអង្គារម្សិលមិញ គឺដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែវាមិនបានបណ្តាលឲ្យមានអ្នករងរបួសនោះទេ បន្ទាប់មកក៏មានក្រុមការងារទៅជួសជុល៕