គណៈអចិន្ដ្រៃយ៍រដ្ឋរដ្ឋសភាដែលភាគច្រើនជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានអនុម័តលើសេចក្ដីសម្រេចថ្មីមួយ ដើម្បីបន្ថែមទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ដ្រដែលអវត្តមាន ខណៈបក្សប្រឆាំងយល់ថាបង្កើតឡើងក្រោមហេតុនយោបាយ។
ក្រោយបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋរដ្ឋសភាមកពី បក្សសង្គ្រោះជាតិ ផងដែរនោះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា គណៈអចិន្ដ្រៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្ដីព្រាងស្ដីពីការអនុវត្តវិន័យលើអ្នកតំណាងរាស្ដ្រ ដោយសំឡេង៨លើ១២ និងថាសេចក្ដីព្រាងនោះនឹងអនុវត្តលើតំណាងរាស្ដ្ររូបណា ដែលអវត្តមានក្នុងពេលប្រជុំ។
លោកបញ្ជាក់ថា៖ «ការអនុវត្ត គឺមានការខកខានក្នុងពេលប្រជុំ ប្រជុំពេញអង្គ និងប្រជុំអចិន្ដ្រៃយ៍ នៃរដ្ឋសភា»។
ប៉ុន្តែ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងគណបក្សសង្គ្រោះជាតិ លើកឡើងថាគណបក្សប្រឆាំង មិនគាំទ្រសេចក្ដីព្រាងវិន័យនេះឡើយ ដោយថាបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិករបស់សភា មានលក្ខណៈគ្រប់គ្រាន់រួចទៅហើយ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា៖ «ក្រុមតំណាងរាស្ដ្រមតិភាគតិច យើងមិនគាំទ្រចំពោះសេចក្ដីសម្រេចរបស់អចិន្ដ្រៃយ៍ ទៅលើវិន័យអ្នកតំណាងរាស្ដ្រ។ ហេតុផល យើងយល់ឃើញថាបទបញ្ជាផ្ទៃក្នុងមានលក្ខណៈគ្រប់គ្រាន់។ ដូច្នេះមិនបាច់បង្កើត សេចក្ដីសម្រេចនោះបន្ថែមទៀតទេ ដែលយើងយល់ឃើញថា អាចមានលក្ខណៈរិតត្បិត ឬចរិតនយោបាយទៅវិញ […] បទបញ្ជាផ្ទៃក្នុងក៏មាន លក្ខន្តិកក៏មាន ដូច្នេះមិនចាំបាច់បង្កើតអ្វីច្រើន ក្រៅពីនោះទៀតទេ»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងបន្ដការតស៊ូមតិ ឬធ្វើពហិការប្រឆាំងសេចក្ដីសម្រេចនេះ ដោយថាបក្សប្រឆាំងនឹងពិចារណាចូលប្រជុំសភា លុះត្រាតែមានប្រយោជន៍ប៉ុណ្ណោះ។
លោកថា៖ «យើងតស៊ូមតិ ហើយការតស៊ូមតិ មានច្រើនប្រភេទ ដូចប្រទេសមួយចំនួន គេប្រើពាក្យ ពហិការ បានន័យថាបើគេមិនសប្បាយចិត្តរឿងអីមួយគេនាំគ្នាដើរចេញ ឬក៏តស៊ូមតិឡើងថ្លែងពីគំនិតយោបល់របស់គេលើប្រការណាមួយ»។
ពាក់ព័ន្ធបញ្ហានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានចាត់ទុកសេចក្ដីព្រាងវិន័យនេះ ជាឧបករណ៍នយោបាយ ដើម្បីទប់ស្កាត់កុំឲ្យតំណាងរាស្ដ្របក្សសង្រ្គោះជាតិបន្ដធ្វើពហិការតទៅទៀត។
លោកថា៖ «ខ្ញុំយល់ឃើញថា រឿងនៅរដ្ឋសភាហ្នឹង វាមានលក្ខណៈនយោបាយច្រើនជាងតម្រូវការជាក់ស្ដែង។ វាជាវិន័យ ដែលធ្វើដើម្បីឆ្លើយតបនឹងការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិ»។
គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិបានធ្វើពហិកាមិនចូលសភាប្រហែលជិត៥ខែមកហើយ តាំងពីមានការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា។ គណបក្សប្រឆាំង អះអាងថា ការដែលតំណាងរាស្ត្ររាស្ត្របក្សនេះមិនចូលសភា ព្រោះខ្លាចមានការវាយដំតំណាងរាស្ត្រដូចកាលពីខែតុលាឆ្នាំ២០១៥ ៕