របាយការណ៍៖ ការចុះឈ្មោះបោះឆ្នោតមួយរយៈនេះមានភាពមិនប្រក្រតីជាង១ម៉ឺនករណី

នាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត(ERA)អះអាងថា ខ្លួនបានរកឃើញថាដំណើរការចុះឈ្មោះបោះឆ្នោតជាង៥០ថ្ងៃមកនេះ មានកំហុសឆ្គងជាង១ម៉ឺន៤ពាន់ករណី(១៤២៦៨) ទាក់ទងនឹងការមិនទទួលបានព័ត៌មានជាក់លាក់ពីនីតិវិធីនិងការរាំងពីអាជ្ញាធរក្នុងយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មាន។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនិងជាសមាជិករបស់ ERA លោក គល់ បញ្ញា លើកឡើងក្នុងសន្និសិទនៅថ្ងៃនេះថា ភាពមិនប្រក្រតីទាំងរួមមានការចល័តកងម្លាំងប្រដាប់អាវុធទៅចុះឈ្មោះនៅកន្លែងផ្សេងខុសពីទីតាំងឈរជើង បញ្ហាពលករចំណាកស្រុកមិនអាចចុះឈ្មោះនៅខេត្តជាប់ព្រំដែន ការរារាំងមិនឲ្យអង្គការសង្គមស៊ីវិលនិងយុវជនស្ម័គ្រចិត្តរបស់បក្សប្រឆាំងធ្វើផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការចុះឈ្មោះបោះឆ្នោតជាដើម។

លោក គល់ បញ្ញា អះអាងទៀតថា បញ្ហាទាំងនេះ បើ គ.ជ.ប គ្មានវិធានការជាក់លាក់ ដើម្បីលើកទឹកចិត្តដល់គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ឲ្យពួកគេបានចុះផ្សព្វផ្សាយព័ត៌មាន ស្តីពីការចុះឈ្មោះបោះឆ្នោតឲ្យបានទូលំទូលាយទេ លោកព្រមានថាចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត នឹងធ្លាក់ចុះខុសពីការរំពឹងទុក។

លោកថា៖ «គ.ជ.ប ហាក់ដូចជាមិនយល់ អំពីសារសំខាន់របស់គណបក្ស បានជាបានណែនាំឲ្យគណបក្ស [ប្រឆាំង] ហ្នឹងទៅសុំការអនុញ្ញាតិការពារសន្តិសុខទៅទៀតនោះ។ ការធ្វើអញ្ជឹងដូចយើងមិនលើកទឹកចិត្តគេ។គ.ជ.ប ត្រូវតែធានាសុវត្ថិភាពឲ្យគណបក្សចូលរួមក្នុងការអប់រំពលរដ្ឋឲ្យបានទៅចុះឈ្មោះបោះឆ្នោត អាហ្នឹងជាកាតព្វកិច្ចរបស់ គ.ជ.ប មិនអាចឲ្យទៅសុំច្បាប់អីបន្ថែមទៀតទេ អត់មានទេ។ ការអប់រំ គឺជាសិទ្ធិយ៉ាងសកម្មក្នុងការចូលរួមកិច្ចការងារនយោបាយ របស់ប្រជាពលរដ្ឋ របស់ស្ថាប័ន របស់អង្គការមិនមែនរដ្ឋាភិបាល របស់គណបក្ស»។

បើតាមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត យុវជនស្ម័គ្រចិត្តដែលអាជ្ញាធររារាំងមិនឲ្យផ្សព្វផ្សាយព័ត៌មានពីដំណើរការចុះឈ្មោះបោះឆ្នោតនោះ មាននៅខេត្តសៀមរាមនិងខេត្តបាត់ដំបង។

គ.ជ.ប រំពឹងទុកថា ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ជិត១០លាននាក់ ពួកគេអាចនឹងទៅចុះឈ្មោះបោះឆ្នោត សម្រាប់ដំណើរការចុះធ្វើបញ្ជីឈ្មោះថ្មីនេះ។

សមាជិក ERA ម្នាក់ទៀតគឺលោក សេង ឫទ្ធី បានអះអាងដែរថា ករណីខ្លះអាជ្ញាធរបានបង្កការលំបាកដល់ព្រះសង្ឃ ពេលទៅចុះឈ្មោះបោះឆ្នោត ទាក់ទិននឹងការបំពេញឯកសារ សម្រាប់បម្រើឲ្យការបោះឆ្នោត។ លោកថាខ្លះទៀត មានការបំភ័ន្តព័ត៌មានថា ព្រះសង្ឃមិនត្រូវអនុញ្ញាតិឲ្យចុះឈ្មោះបោះឆ្នោតបានទេ។

លោក សេង ឫទ្ធី ឲ្យដឹងទៀតថា អាជ្ញាធរខ្លះបានរើសអើង បង្កការលំបាកដល់ការបញ្ជាក់អត្តសញ្ញាណ ដើម្បីបានចុះឈ្មោះ បើគេដឹងថាពលរដ្ឋនោះមិនគាំទ្របក្សរបស់ខ្លួន។

លោកថា៖ «បាទ! ដូចជាគាត់ [មន្ត្រីចុះឈ្មោះ] មិនសប្បាយចិត្តឲ្យព្រះសង្ឃចុះឈ្មោះ គាត់បង្កការលំបាក នេះព្រះសង្ឃលើកផ្ទាល់នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិ គឺព្រះសង្ឃបានលើកដោយខ្លួនឯង នៅពេលដែលមានគ្រប់គ្រាន់ហើយ ទៅធ្វើហ្នឹង ពិបាកមែនទែន។ នៅតែនិយាយថា មិនមានសិទ្ធិបោះឆ្នោត បង្កការលំបាកក្នុងការចេញឯកសារ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានច្រានចោលរបាយការណ៍នេះនិងបានអំពាវឲ្យដៃគូពាក់ព័ន្ធសហការគ្នាឲ្យបរិយាកាសចុះឈ្មោះបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ធានាដល់ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតថ្មី។

លោកថា៖ «បើសិនជាយើងយកករណីខុសឆ្គងតិចតួចយកមកធ្វើជាបញ្ហា បង្ហាញអំពីភាពរាំងស្ទះសម្រាប់ការចុះឈ្មោះនោះ តួលេខ៦៦ភាគរយ ពលរដ្ឋជាង៦លាននាក់ ដែលបានអញ្ជើញមកចុះឈ្មោះហ្នឹង ហាក់ដូចជាមិនត្រឹមត្រូវទេ។ អញ្ចឹងបញ្ហានេះត្រូវយកចិត្តទុកដាក់តាមដានឲ្យមែនទែន»។

បើតាមលោក គល់ បញ្ញា នៅចុងខែតុលានេះ គ.ជ.ប ព្រមជួយជាមួយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA)។លោកថាបញ្ហាដែលក្រុមការងារលោកបានរកឃើញនៅពេលនេះ ក៏នឹងត្រូវលើកយកទៅជជែកពិភាក្សានិងផ្តល់អនុសាសន៍មួយចំនួនទៀតទៅ គ.ជ.ប  នោះដោយថាក្នុងបំណងធានាដល់ភាពត្រឹមត្រូវនិងយុត្តិធម៌ពីដំណើរការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ