អង្គការឃ្លាំមើលការបោះឆ្នោតជំរុញឲ្យ គ.ជ.ប ចេញលិខិតផ្សព្វផ្សាយឲ្យព្រះសង្ឃចុះឈ្មោះបោះឆ្នោត

អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ ខុមហ្វ្រែល ជំរុញឲ្យ គ.ជ.ប ចេញលិខិតផ្លូវការ ដើម្បីបញ្ជាក់ថាព្រះសង្ឃពិតជាមានសិទ្ធិចុះឈ្មោះបោះឆ្នោត ខណៈព្រះសង្ឃដែលទៅចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិច។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានម្សិលមិញ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនិងជាសមាជិករបស់ ERA លោក គល់ បញ្ញា មានប្រសាសន៍ថា ជនខិលខូចមួយចំនួនបានបង្កើតព័ត៌មានថា ព្រះសង្ឃមិនមានសិទ្ធិចូលរួមនៅក្នុងកិច្ចការបោះឆ្នោតឡើយ ព្រោះជារឿងនយោបាយ។

លោកមានប្រសាសន៍ថា៖ “យើងឲ្យ គ.ជ.ប ធ្វើសេចក្ដីប្រកាស ហើយធ្វើការផ្សព្វផ្សាយឲ្យបានទំលំទូលាយ ដើម្បីប្រឆាំងទៅព័ត៌មានដែលមិនច្បាស់ ថាព្រះសង្ឃមិនមានសិទ្ធិនិមន្តទៅបោះឆ្នោតទេ។ ដោយសារគេយល់ថា ដើម្បីរក្សាអព្យាក្រឹត្យភាពរបស់ព្រះអង្គ នៅក្នុងរឿងនយោបាយមិនត្រូវទៅបោះឆ្នោតទេ រឿងនេះដែលជាបញ្ហា រឿងនេះមានតាំងពីអាណត្តិមុនៗមកម្លេះ“។

ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនទិញ មានថេរដីកាថា ព្រះសង្ឃទើបបានទៅចុះឈ្មោះបោះឆ្នោតបានតែ៤០%តែប៉ុណ្ណោះ ដោយសារមិនបានទទួលព័ត៌មាន គ្មានការជំរុញពីខាងគណបក្សនយោបាយ។ ព្រះអង្គបន្តថា កន្លងមកអាជ្ញាធរនៅមូលដ្ឋានបានធ្វើការរារាំង នៅពេលដែលមានយុវជនចុះ ផ្សព្វផ្សាយព័ត៌មានបោះឆ្នោត ដែលកត្ដាទាំងអស់នេះហើយ បានធ្វើឲ្យព្រះសង្ឃទៅចុះឈ្មោះបោះឆ្នោតបានតិច។

ព្រះអង្គមានថេរដីកាថា៖ “តាមេឃុំ មេអី ប្រើដែនសមត្ថកិច្ចហួសប្រមាណធំជាង គ.ជ.ប មេភូមិចង់ធ្វើជាយក្សផង ចង់ធ្វើជាស្ដេចក្រាញ់ផង ដូច្នេះមានជាវាធ្វើឲ្យមានបញ្ហារាំងស្ទះ។ រឿងមួយទៀតដែលយើងមើលឃើញ វាលំបាក ប្រព័ន្ធផ្សព្វផ្សាយខ្លះ ព្រះចូលទៅដល់ មិនសូវចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអីខ្លះ ទៅទទួលព័ត៌មានមិនបានជាក់លាក់ ដោយសារប្រព័ន្ធចូលទៅមិនដល់។ ការធ្វើយុទ្ធនាការចាក់មេក្រូផ្សព្វផ្សាយ គេចាក់តែតាមផ្លូវ ភាគច្រើនវត្តខ្លះមិនបាននៅជិតផ្លូវ ក៏មិនបានលឺ មិនបានអីទៅ វាចេះតែប្រងើយកន្តើយទៅ នេះជាកត្ដារួមផ្សំដែលធ្វើឲ្យព្រះសង្ឃមិនអាចចុះឈ្មោះបោះឆ្នោតបាន ទាំងមិនយល់នីតិវិធី ខ្វះព័ត៌មាន មិនមានការជំរុញ ខ្វះសាក្សី ហើយនិងអាជ្ញាធរនិយាយបំភ័យ“។

ទោះយ៉ាងណាក៏ដោយ គ.ជ.ប ហាក់ដូចជានៅតែមិនមានបង្ហាញជំហរក្នុងការប្រកាសជាលាយលាក់អក្សរ លើកទឹកចិត្តឲ្យព្រះសង្ឃទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែលោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មិនដែលចេញលិខិតហាមឃាតព្រះសង្ឃមិនឲ្យចុះឈ្មោះបោះឆ្នោតឡើយ។

លោកមានប្រសាសន៍ថា៖ “គ.ជ.ប មិនដែលបានប្រកាសថា ព្រះសង្ឃមិនអាចចុះឈ្មោះបោះឆ្នោតបានទេ គ.ជ.ប តែងរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យព្រះសង្ឃបានចុះឈ្មោះបោះឆ្នោត។ ហើយមានព័ត៌មានបំបោង ហើយ គ.ជ.ប ចង់ជម្រាប់សួរទៅវិញដែរថា អ្នកណាជាអ្នកបំបោង ដែលថាព្រះសង្ឃមិនអាចចុះឈ្មោះបោះឆ្នោតបាន ហើយការចុះឈ្មោះបោះឆ្នោតនេះ វាជារឿងរបស់ទាំងអស់គ្នា ចឹងប្រសិនបើសង្គមស៊ីវិល លោករកឃើញថា មានព័ត៌មានបំបោងបែបនេះ សង្គមស៊ីវិលដែលនៅទីនោះឯង គួរតែមានតួនាទីក្នុងការផ្សព្វផ្សាយជម្រាប បញ្ជាក់អំពីថាព្រះសង្ឃក៏មានសិទ្ធិចុះឈ្មោះបោះឆ្នោតដូចប្រជាពលរដ្ឋដែរ“។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មិនមានតួលេខច្បាស់លាស់ថា នៅប្រទេសកម្ពុជាមានព្រះសង្ឃសរុបចំនួនប៉ុន្មាន ហើយបានទៅចុះឈ្មោះបោះឆ្នោតប៉ុន្មាននោះទេ ក៏ប៉ុន្តែបើតាមស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺព្រះសង្ឃទាំងអស់មានចំនួនជាង៥ម៉ឺនអង្គ ហើយព្រះសង្ឃដែលទៅចុះឈ្មោះបោះឆ្នោតមកដល់ពេលនេះ គឺបាន៤០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ