អ្នកសារព័ត៌មានដែលបានចូលរួមក្នុងសិក្សាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបារម្ភថា រយៈពេលនៃការឆ្លើយតបរបស់មន្រ្តីព័ត៌មានក្នុងការផ្តល់ ឬមិនផ្តល់ព័ត៌មានអាចដែលមានចែងក្នុងសេចក្តីព្រាងច្បាប់នេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការចេញផ្សាយព័ត៌មានថ្មីៗរបស់ពួកគេ។
អ្នកសារព័ត៌ដែលធ្វើការឲ្យស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែតជាង២០នាក់មកពីខេត្តតាកែវ កំពត កោះកុង និងខេត្តព្រះសីហនុ បង្ហាញការបារម្ភនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននៅល្ងាចថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។
ប្រធានស្ថានីយ៍វិទ្យុស្វីតអែហ្វអឹមខេត្តតាកែវ លោក រ៉ុន ប៊ុនរាម ថ្លែងថាក្រុមដែលលោកបានសម្របសម្រួលពិភាក្សាយល់ថាការផ្តល់ព័ត៌មានយឺតយ៉ាវធ្វើឲ្យពួកគេមិនអាចផ្សាយព័ត៌មានទាន់ពេលវេលា។
លោកថា៖ «ការផ្តល់ព័ត៌មានយឺតធ្វើឲ្យព័ត៌មានដែលយើងសរសេរផ្អូម។ យើងបានស្នើសុំប្តូរពីរយៈពេលដែលមានចែងក្នុងសេចក្តីព្រាងនៃច្បាប់នេះទៅយ៉ាងយូរ៣ថ្ងៃទៅ៥ថ្ងៃ»។
អ្នកយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជាប្រចាំខេត្តកោះកុង លោក គឹម ច័ន្ទសាលី ទទូចថាក្នុងករណីដែលមានហេតុការណ៍កើតឡើងបន្ទាន់ នោះមន្រ្តីសាធារណៈត្រូវផ្តល់ព័ត៌មានភ្លាមៗ ដោយមិនត្រូវឲ្យអ្នកសារព័ត៌មានរង់ចាំយូរទេ។
លោកថា៖ «បើព័ត៌មាននោះមិនទាក់ទងនឹងរឿងរ៉ាវបន្ទាន់ទេ នោះមន្រ្តីអាចពន្យានៅក្នុងការផ្តល់ព័ត៌មាន តែបើព័ត៌មាននោះកើតឡើងភ្លាមៗត្រូវផ្តល់ព័ត៌មានភ្លាមៗ»។
មាត្រា១៣ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថាមន្រ្តីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើរសុំព័ត៌មាន ហើយឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេលមិនឲ្យលើសពី៥ថ្ងៃ។
ប្រធានគម្រោងសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានពីអង្គការ UNESCO និងជាសាស្រ្តាចារ្យសារព័ត៌មាន លោក ឆាយ សុផល មានប្រសាសន៍ថា ការទាក់ទងសុំព័ត៌មានភ្លាមៗរបស់អ្នកយកព័ត៌មាននឹងមិនមែនជាឧបសគ្គនោះទេ ដោយអ្នកសារព័ត៌មានអាចទូរស័ព្ទទៅអ្នកនាំពាក្យ។
លោកថា៖ «ខ្ញុំគិតថារយៈពេលដែលបានកំណត់នៅក្នុងការផ្តល់ព័ត៌មាននោះ គឺសំដៅដល់ព័ត៌មានធំៗ ឬជាឯកសារដែលត្រូវការពេវេលារៀបចំ»។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានរៀបចំមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារអភិវឌ្ឍប្រទេសស៊ុយអែត (SWEDEN) តាមរយៈអង្គការ UNESCO ។
បើតាមមន្រ្តីគម្រោងរបស់ CCIM អ្នកនាង ហុក ណារិន ថ្លែងថាសិក្ខាសាលាពិគ្រោះយោបល់លើកទី៣នឹងធ្វើឡើងនៅខេត្តរតនគីរី ក្នុងខែវិច្ឆិកា និងសិក្ខាសាលាលើកទី៤ នឹងធ្វើនៅខេត្តសៀមរាប នៅក្នុងខែធ្នូ ឆ្នាំ២០១៦។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលមាន៩ជំពូក៣៦មាត្រា កំពុងតែត្រូវបានពិភាក្សាដោយក្រុមការងារបច្ចេកទេស ដែលសម្របសម្រួលដោយក្រសួងព័ត៌មាន និងអង្គការ UNESCO។ សេចក្តីព្រាងច្បាប់នេះត្រូវគេរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ២០១៧នេះ៕