គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាដែលភាគច្រើនជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តសេចក្ដីសម្រេចថ្មីមួយ ដើម្បីបន្ថែមទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ដ្រដែលអវត្តមាន ខណៈបក្សប្រឆាំងយល់ថា បង្កើតឡើងក្រោមហេតុផលនយោបាយ។
សេចក្ដីសម្រេចនេះ មានខ្លឹមសារកាត់ប្រាក់ខែតំណាងរាស្ត្រណាដែលមិនបានចូលប្រជុំសភា ដោយគ្មានការអនុញ្ញាតពីប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ សេចក្តីសម្រេចនេះក៏ប្រហែលជាត្រូវកាត់ប្រាក់ខែ ឬបណ្តេញចេញពីអង្គប្រជុំផងដែរ សម្រាប់ការមិនគោរព លោក ហេង សំរិន ឬតំណាងរាស្ត្រ ឬព្រះមហាក្ស។
គណបក្សសង្រ្គោះជាតិបានអះអាងថា ការដែលខ្លួនធ្វើពហិកា គឺដោយសារតែមានការចាប់ខ្លួនតំណាងរាស្ត្រពីររូបទាំងមានអភ័យឯក ដោយឡើងថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ។ មួយវិញទៀតគណបក្សសង្រ្គោះជាតិក៏លើកហេតុផលថា ការធ្វើពហិកាមិនចូលសភានេះក៏ដោយសារតែមានការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ក្នុងសំណុំរឿងដែលគេចាត់ទុកជារឿងយោបាយ។ ជាមួយគ្នានោះគណបក្សប្រឆាំង អះអាងថាការដែលខ្លួនមិនចូលសភាតាមការគ្រោងទុកកាលពីក្នុងតុលានេះ ក៏ព្រោះតែខ្លាចមានការវាយដំតំណាងរាស្ត្រដូចកាលពីខែតុលា ឆ្នាំ២០១៥។
ថ្វីត្បិតតែអ្នកនាំពាក្យរដ្ឋសភាបានការពារវិធានការរបស់រដ្ឋសភានោះថា គ្មានភាពលម្អៀងផ្នែកនយោបាយក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វិធានការនេះគឺដើម្បីដាក់ទណ្ឌកម្មទៅលើគណបក្សប្រឆាំងដែលមិនចូលប្រជុំសភា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានចាត់ទុកសេចក្ដីព្រៀងវិន័យនេះ ជាឧបករណ៍នយោបាយ ដើម្បីទប់ស្កាត់កុំឲ្យតំណាងរាស្ដ្របក្សសង្រ្គោះជាតិបន្ដធ្វើពហិកាតទៅទៀត។
លោកថា៖ «ខ្ញុំយល់ឃើញថា រឿងនៅរដ្ឋសភាហ្នឹង វាមានលក្ខណៈនយោបាយច្រើនជាងតម្រូវការជាក់ស្ដែង។ វាជាវិន័យ ដែលធ្វើដើម្បីឆ្លើយតបនឹងការធ្វើពហិការបស់គណបក្សសង្គ្រោះជាតិ»។
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលមានស្រាប់គឺបានហាមប្រាមរួចហើយ ចំពោះតំណាងរាស្ត្រណាអវត្តមានដោយគ្មានហេតុផលច្បាស់លាស់ ប៉ុន្តែមិនបានចែងពីការពិន័យណាមួយទេ។
យ៉ាងណាក៏ដោយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលសុទ្ធសឹងជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានសម្រេចដោយឯកតោភាគីបង្កកប្រាក់ខែតំណាងរាស្ត្រគណបក្សប្រឆាំង កាលពីចុងឆ្នាំ២០១៣និងឆ្នាំ២០១៤ អំឡុងពេលធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញខាងអភិបាលកិច្ចនិងប្រជាធិបតេយ្យកត់កំគាស់ថា៖ «ខ្ញុំឃើញថា នៅក្នុងសង្គមមួយដែលប្រើប្រាស់ផលប្រយោជន៍នយោបាយទៅបកស្រាយច្បាប់ ធ្វើអីក៏បានដែរ អត់មានច្បាប់ក៏ធ្វើបានដែរ។ ប្រទេសមួយដែលអត់មាននីតិរដ្ឋនេះ អត់លំបាកទេ សម្រាប់អ្នកអនុវត្ត ជាពិសេសអ្នកមានអំណាច។កម្ពុជាជាប់លំដាប់ថ្នាក់ខ្វះនីតិរដ្ឋ…»។
សមាជិកសភាមកពីគណបក្សកាន់អំណាចបានអនុម័តច្បាប់មួយចំនួន «យ៉ាងតក់ក្រហល់» ដូចជាច្បាប់ឯកព័ន្ធភាព ដែលសំដៅដល់ការដាក់ទណ្ឌកម្មលើសម្តេចក្រុមព្រះ និងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ដែលសំដៅដល់ការដាក់ទណ្ឌកម្មលើ លោក កឹម សុខា ជាដើម។
អ្នកវិភាគកត់សំគាល់ថា ច្បាប់ទាំងពីរនេះមិនមានការអនុវត្តជាទូទៅនោះទេ មកដល់ពេលនេះ។
សម្រាប់ការអនុម័តបទបញ្ជាដាក់វិន័យតំណាងរាស្ត្រមិនចូលប្រជុំវិញ លោកបណ្ឌិត ចាន់ វិបុល យល់ថា មិនឆ្លុះបញ្ចាំងពីឆន្ទៈម្ចាស់ឆ្នោតនោះទេ ព្រោះតែគ្មានការចូលរួមពីភាគីពាក់ព័ន្ធ ខណៈគណបក្សសង្រ្គោះជាតិដែលតំណាងឲ្យសំឡេងពលរដ្ឋជិតកន្លះប្រទេសមិនគាំទ្រវិធានការនេះ៖ «បើយើងមើលការរៀបចំច្បាប់ប៉ុន្មានដងមក ហ្នឹង ចុងក្រោយយើងឃើញថាមានសំណួរច្រើនណាស់។ ការចូលរួមមិនពេញលេញ ហើយបាត់វត្តមានគណបក្សសង្រ្គោះជាតិទៀត។ ទី២ ខ្លឹមសារ[វិធានថ្មី]នៅពេលនេះ សួរថាអាចជាន់នឹងបទបញ្ជាផ្ទៃក្នុងទេ? ឬខ្លឹមសារហ្នឹងក្នុងន័យគ្រាន់តែជានយោបាយ ឬបម្រើឲ្យសមាជិកសភាទាំងមូល។ ប៉ុន្តែយើងមើលក្នុងស្ថានភាពនេះប្រហែលជាន័យក្នុងរឿងនយោបាយ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា វិធានការនេះអាចបង្កើតឡើងបាន ប៉ុន្តែមិនមែនកាលៈទេសៈបែបនេះទេ។
លោកយល់ថា៖ «នេះជាសេចក្តីសម្រេចដោយក្រុមភាគច្រើនផ្តាច់ការ។ នៅពេលនេះ គេមិនគួរចាត់វិធានការបែបនេះទេ ព្រោះក្នុងបរិយាកាសមួយអួរអាប់ ហើយមានមនោសញ្ចេតនាខ្លាំង[ស្អប់បក្សមួយទៀត]»។
បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ គណបក្សសង្រ្គោះជាតិមិនធ្វើពហិកានោះទេ ព្រោះថាតំណាងរាស្ត្រមួយចំនួននៅតែធ្វើការងារជាធម្មតានៅគណៈកម្មការជំនាញ។
យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល មានប្រសាសន៍ថា តំណាងរាស្ត្រនៅប្រទេសជាច្រើន ដែលប្រកាន់របបប្រជាធិបតេយ្យ គឺអាចប្រើសិទ្ធិធ្វើពហិកាមិនចូលប្រជុំសភា ដែលជាវិធីមួយបង្ហាញថា ពួកគេមិនសប្បាយចិត្តនឹងរឿងអ្វីមួយ។ ប៉ុន្តែមិនមានការដាក់វិន័យនោះទេ៕