តុលាការរាជធានីភ្នំពេញ បានកោះហៅពលករម្នាក់អាយុ ២៧ឆ្នាំ ឲ្យចូលបំភ្លឺនៅក្រសួងមហាផ្ទៃ ក្រោមបទសង្ស័យថាបានដាក់បណ្ដាសាប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញព័ត៌មានសង្គម។
ក្នុងដីកាចុះថ្ងៃទី១៨ ខែតុលាកន្លងមកនេះ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបង្គាប់ទៅលោក សាម ភាព ដែលមានស្រុកកំណើតនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបង្ហាញខ្លួននៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក សៀង សុខ បានបញ្ជាក់ក្នុងដីកានោះថា ពលករខ្មែររូបនេះ ត្រូវបានកោះហៅ ដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្ដាសាប្រមាថជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សាម ភាព គឺជាពលករខ្មែទីពីរ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺ បន្ទាប់ពីពលករខ្មែរឈ្មោះ ផង់ សីហា អាយុ ២៧ឆ្នាំ និងមកពីខេត្តព្រៃវែងដូចគ្នា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៥។
យុវជន ផង់ សីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែ កាលពីដើមឆ្នាំ២០១៦នេះ ប៉ុន្តែ អនុវត្តទោសត្រឹម ៦ខែ បន្ទាប់ពីពលករខ្មែររូបនេះ បង្ហោះសារនៅលើហ្វេសបុក ដែលតុលាការចាត់ទុកជាបទល្មើសគំរាមកំហែងទៅលើលោកបណ្ឌិត សុខ ទូច តាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ៕