អតីតនាយករដ្ឋមន្ត្រីឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ ទទួលមរណភាពក្នុងជន្មាយុ៨០

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដំបូងក្រោយរបបខ្មែរក្រហម បានទទួលមរណភាពហើយ នៅម៉ោង៧និង១៧នាទី នាថ្ងៃទី២៩ខែតុលានេះ ដោយរោគាពាធ ក្នុងខេត្តតាកែវ។ នេះបើតាម លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធ បានប្រាប់វីអូឌីតាមរយៈសារបណ្តាញសង្គមហ្វេសប៊ុកថា លោក ប៉ែន សុវណ្ណ ពិតជាបានទទួលមរណភាពនៅម៉ោងប្រមាណ៧យប់ ថ្ងៃសៅរ៍ទី២៩ខែតុលានេះ នៅឯគេហដ្ឋានរបស់លោក ប៉ែន សុវណ្ណ ក្នុងទីរួមខេត្តតាកែវ។

លោកថា៖ «យើងមិនទាន់ច្បាស់ដែរ រង់ចាំទំនាក់ទំនងទៅខាងរដ្ឋសភា និងក្រុមគ្រួសារនៃសពសិន។ ស្អែកទើបដឹងច្បាស់ ថាតើសពរបស់លោក ប៉ែន សុវណ្ណ នឹងត្រូវរៀបចំធ្វើបុណ្យនៅកន្លែង និងដោយរបៀបណា»

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ សពលោក ប៉ែន សុវណ្ណ ត្រូវតម្កល់ទុកនិងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០១៥ ហើយត្រូវបានក្រុមគ្រួសារធ្លាប់បញ្ជួនទៅព្យាបាលនៅក្រៅប្រទេសនិងនៅភ្នំពេញ។

បើតាមគ្រួសារ លោក ប៉ែន សុវណ្ណ ធ្លាប់មានជំងឺស្ទះសរសៃឈាមខួរក្បាល ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរីតាមជើងយន្តហោះពិសេស កាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០១៥ ហើយក្រោយមក លោក ប៉ែន សុវណ្ណ ត្រូវបានគ្រួសារសម្រេចយកទៅសម្រាកព្យាបាលនៅស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ ហើយលោកធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១។ រាយការណ៍បន្ថែម ដោយ មាស រតនៈវិទូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ