អ្នកស្រី Park កំពុង​ប្រឈម​​នឹង​រឿង​អាស្រូវអនុញ្ញាត​ឲ្យ​មិត្ត​ភក្តិ​លូក​លាន់​កិច្ចការ​រដ្ឋ

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geu-Hye កាន់តែរងសម្ពាធខ្លាំងឡើងនៅថ្ងៃនេះ នៅមុនការតវ៉ាទ្រង់ទ្រាយធំមួយ ជុំវិញការទម្លាយថា អ្នកស្រីបានអនុញ្ញាតឲ្យមិត្តភក្តិម្នាក់ដែលមិនមានតំណែងក្នុងរដ្ឋាភិបាល លូកលាន់ក្នុងកិច្ចការរដ្ឋ។

ការជាប់ពាក់ព័ន្ធដ៏អាស្រូវរបស់អ្នកស្រី Choi Soon-Sil មនុស្សជំនិតយូរឆ្នាំរបស់អ្នកស្រី Park បានធ្វើឲ្យប៉ះពាល់ដល់តំណែងប្រធានាធិបតីរបស់អ្នកស្រី ដោយសារតែរឿងរ៉ាវពាក់ព័ន្ធនឹងការជជែកពីវប្បធម៌សាសនា ជំនឿអរូបិយ និងអំពើពុករលួយ។

មនុស្សរាប់ពាន់នាក់ ត្រូវបានគេរំពឹងថានឹងចេញមកតវ៉ានៅល្ងាចថ្ងៃសៅរ៍នេះ នៅកណ្ដាលទីក្រុងសេអ៊ូល ដើម្បីទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង ខណៈដែលប្រជាប្រិយភាពអ្នកស្រីធ្លាក់ចុះទាបបំផុត។

បើតាម AFP អ្នកស្រី Choi កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតថាបានប្រើប្រាស់ទំនាក់ទំនងរបស់អ្នកស្រីជាមួយអ្នកស្រី Park ដើម្បីកំហែងយកប្រាក់ពីក្រុមហ៊ុនធំៗ ប៉ុន្តែ អ្វីដែលជាការភ្ញាក់ផ្អើលនោះគឺថា អ្នកស្រី Park បានអនុញ្ញាតឲ្យអ្នកស្រី Choi ត្រួតពិនិត្យលើសុន្ទរកថាប្រធានាធិបតី និងផ្ដល់យោបល់លើជម្រើសគោលនយោបាយសំខាន់ៗ។

អ្នកស្រី Park បានថ្លែងសុំទោសជាសាធារណៈហើយ ហើយកាលពីល្ងាចថ្ងៃម្សិលមិញ អ្នកស្រីបានប្រាប់ទីប្រឹក្សារបស់អ្នកស្រីចំនួន ១០នាក់ ឲ្យលាលែងពីតំណែងរបស់ពួកគេ នៅមុនការរុះរើការិយាល័យប្រធានាធិបតី។

អ្នកស្រី Choi អាយុ ៦០ឆ្នាំ គឺជាកូនស្រីលោក Choi-Tae-Min មេសាសនាដ៏អាថ៌កំបាំងម្នាក់ ដែលជាអ្នកផ្ដល់គំនិតយោបល់ដល់អ្នកស្រី Park រហូតដល់លោក Choi-Tae-Min ស្លាប់នៅឆ្នាំ១៩៩៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ