អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីនលើកឡើងថា ឆ្មាំសមុទ្ររបស់ចិននៅតែបន្តល្បាតលើតំបន់ថ្មប៉ប្រះទឹក Scarborough ជាតំបន់មានជម្លោះ ប៉ុន្តែមិនបានរារាំងដល់ដំណើរការនេសាទរបស់ជនជាតិហ្វីលីពីននោះទេ។
ដំណឹងពីការល្បាតរបស់ឆ្មាំសមុទ្រសមុទ្រចិននេះ គឺដឹងតាមរយៈអ្នកនេសាទហ្វីលីពីនដែលចូលទៅនេសាទនៅទីនោះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសថា កម្លាំងរបស់ចិននឹងចាកចេញពីទីនោះឆាប់ៗនេះ។
អ្នកនាំពាក្យប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងកាលពីថ្ងៃសៅរ៍ថា វត្តមានឆ្មាំសមុទ្រចិននៅតំបន់ Scarborough នឹងមានមិនយូរទៀត បន្ទាប់លោក ឌូទើតេ ទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីជួសជុលទំនាក់ទំនងនៃប្រទេសទាំងពីរ។
ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិ Arsenio Andolong បញ្ជាក់ថា នៅថ្ងៃសៅរ៍កន្លងទៅនេះ ឆ្មាំសមុទ្ររបស់ចិននៅតែមានវត្តមាននៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។
ចិនបានចូលកាន់កាប់ថ្មប៉ប្រះទឹកទំហំ២៣០គីឡូម៉ែត្រការ៉េ នៅប៉ែកខាងលិចនៃកោះ Luzon របស់ហ្វីលីពីន ចំណែកអ្នកនេសាទហ្វីលីពីនត្រូវបានរារាំងមិនឲ្យទៅជិតនោះទេ។
ករណីជម្លោះនេះ រដ្ឋាភិបាលហ្វីលីពីនបានឈ្នះក្តីនៅតុលាការអន្តរជាតិនៅក្នុងឆ្នាំ២០១៦នេះ ប៉ុន្តែចិនមិនទទួលស្គាល់សេចក្តីសម្រេចនោះទេ ដោយចាត់ទុកថាការសម្រេចនោះមិនត្រឹមត្រូវនោះទេ។
ទោះយ៉ាងណា មេដឹកនាំថ្មីរបស់ហ្វីលីពីន លោក ឌូទើតេ បង្ហាញនយោបាយស្និទ្ធស្នាលជាមួយទីក្រុងប៉េកាំង តែមិនបានជជែកបញ្ហាជម្លោះដែនអធិបតេយ្យភាពទេ៕









