សកម្មជនដីធ្លីបន្តធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំ បន្ទាប់ពីផ្អាកមួយរយៈ

យុទ្ធនាការអាវពណ៌ខ្មៅនាពេលកន្លង

សកម្មជនមួយចំនួនដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះ នៅថ្ងៃចន្ទទី៣១ តុលានេះ បានបន្តធ្វើយុទ្ធនាការនៅក្នុងសហគមន៍របស់ពួកគេទៀត បន្ទាប់ពីផ្អាកមួយរយៈ ដោយសារតុលាការកោះហៅសមាជិករបស់ពួកគេសាកសួរ។

សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ប្រមាណ៣០នាក់ថ្ងៃចន្ទនេះ បានធ្វើយុទ្ធនាការអាវខ្មៅនៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប និងតំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី ដោយបាននាំគ្នាឈរលើកបដារូបថតអ្នកជាប់ឃុំទាំងនោះនិងស្រែកទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះឲ្យមានសេរីភាពវិញ។

តំណាងពលរដ្ឋសហគន៍បឹងកក់ កញ្ញា សុង ស្រីលាភ លើកឡើងថា អ្នកជាប់ឃុំទាំងនោះមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។

កញ្ញាបន្តថា ការចាប់ខ្លួនអ្នកស្រី ទេព វន្នី ដោយសារតែអ្នកស្រី ទេព វន្នី សកម្មក្នុងការចេញមុខតវ៉ាទាមរកដំណោះស្រាយដីធ្លីនៅតំបន់បឹងកក់។

កញ្ញាថាបន្ថែមថា៖ «គាត់ធ្វើជាតួនាទីក្នុងនាមជាអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះ គ្មានលទ្ធិភាពទៅរកក្រសួង ទៅរដ្ឋាភិបាលឲ្យជួយ បែរជាមិនព្រមជួយ អញ្ចឹងដល់ប្រជាពលរដ្ឋមករកអង្គការសង្គមស៊ីវិលជួយ ពួកគេគាត់ក៏ត្រូវរងការចោទប្រកាន់ដែរ នេះជារឿងមួយដែលអយុត្តិធម៌បំផុត»។

ចំណែកពលរដ្ឋសហគមន៍បុរីកីឡានៅថ្ងៃនេះក៏បានបន្តនាំគ្នាធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលេងមន្រ្តីសិទ្ធិមនុស្សអាដហុក មន្រ្តី គ.ជ.ប និងអ្នកស្រី ទេព វន្នី និងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ផងដែរ។ ពួកគេបាននាំឈរកាន់បដានិងរូបថតអ្នកជាប់ឃុំទាំងនោះ តែមិនមានសន្តិសុខខណ្ឌមករារាំងនោះទេ។

អ្នកស្រីបន្ថែមថាបន្ថែមថា៖ «ទាមទារសុំឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប លោក នី ចរិយ៉ា និងអ្នកស្រី ទេព វន្នី ហើយនឹងឲ្យអាជ្ញាធរបង្ហាញកាម៉ារ៉ានៅការ៉ាស់សាំងកាលតិច ពួកមីងបន្តតវ៉ានេះ ដោយសារពួកមីងមើលឃើញសកម្មភាពរបស់ពួកគាត់[អ្នកជាប់ឃុំ]សុទ្ធតែល្អ អ្នកការពារសិទ្ធិមនុស្ស ការពារអ្នកក្រីក្រ ជួយអ្នកក្រីក្រ ចំណែកលោក កែម ឡី គាត់វិភាគត្រឹមត្រូវ មិននិយាយពន្លឿសដូចខាងរដ្ឋាភិបាល»។

ថ្ងៃចន្ទ ទី៣១ ខែតុលា នេះជាសប្តាហ៍ទី២៦ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ