គណបក្សប្រជាជនគ្មានគម្រោងចេញលិខិត​រំលែកទុក្ខអតីតប្រធានបក្សនេះទេ

សពឯកឧត្តម ប៉ែន សុវណ្ណ នៅគេហដ្ឋានរបស់គាត់ ក្នុងទីរួមខេត្តតាកែវ (រូបភាពពីហ្វេសប៊ុក កឹម​ សុខា)

គណបក្សប្រជាជនកម្ពុជាឲ្យដឹងថា គណបក្សកាន់អំណាចនេះមិនមានគម្រោងចេញលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពនាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ និងជាអតីតប្រធានគណបក្សនេះទេ ដោយថាមកពីលោកបានផ្ដាច់ខ្លួនចេញពីគណបក្សប្រជាជកម្ពុជាទៅចូលគណបក្សប្រឆាំង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា បើទោះបីជាគណបក្សកាន់អំណាចនេះមិនបានចេញលិខិតផ្លូវការ ដើម្បីចូលរួមរំលែកទុក្ខក្ដី ប៉ុន្តែរដ្ឋសភាបានបង្កើតគណៈកម្មការមួយដើម្បីរៀបចំបុណ្យសព លោក ប៉ែន សុវណ្ណ ដោយថា នៅក្នុងគណៈកម្មការនោះក៏មានសមាជិកបក្សប្រជាជនដែរ ដូចនេះគណបក្សមិនចាំបាច់ចេញលិខិតអីទៀតទេ។

លោកមានប្រសាសន៍ថា៖ “ក្នុងនោះគណបក្សប្រជាជនក្នុងរាជរដ្ឋាភិបាលក៏មានអគ្គលេខាធិកាដ្ឋានរដ្ឋសភា លូវរដ្ឋសភាគេបង្កើតគណៈកម្មការមានតួនាទីទទួលខុសត្រូវចាត់ចែងបុណ្យទានគោរពវិញ្ញាណក្ខន្ធ ហើយចាំបាច់អីហ៊ុន សែន ជា ស៊ីម ឬមួយ ហេង សំរិន ទៅគោរពបានថាទៅគោរព“។

លោកថាកន្លងមក ការដែលគណបក្សប្រជាជនកម្ពុជាចេញលិខិតចូលរួមរំលែកទុក្ខ គឺដោយសារអ្នកទាំងនោះ ជាមន្ត្រីរបស់គណបក្ស។

លោកមានប្រសាសថា៖ “ដោយសារមនោសញ្ចេតនាក្នុងគ្រួសារ ញាតិមិត្ត ហើយបើថាគាត់មិនមែនញាតិមិត្ត ឲ្យធ្វើម៉េចទៅ។ លោក ប៉ែន សុវណ្ណ គាត់ផ្ដាច់ខ្លួនចេញពីគណបក្សប្រជាជន ដោយចិត្តគាត់ទេ គ្មានអ្នកណាដេញគាត់ទេ ចឹងទេវាមានអារម្មណ៍មិនត្រូវគ្នា យើងទៅគោរពវិញ្ញាណក្ខន្ធគាត់បានបុណ្យអីកើត ក៏ប៉ុន្តែមានមនុស្សនៅក្នុងសង្គមទាំងមូល អាហ្នឹងយើងមានការសោកស្ដាយនៃការបាត់បង់ជីវិតរបស់គាត់”។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ចាត់ទុកការដែលគណបក្សប្រជាជនមិនចេញលិខិតចូលរួមរំលែកទុក្ខមរណភាព លោក ប៉ែន សុវណ្ណ ថាជាការរើសអើងនយោបាយ។

លោកមានប្រសាសន៍ថា៖ “ជាការប្រកាន់និន្នាការហើយ ព្រោះនៅក្នុងការបញ្ចេញទស្សនៈនៅក្នុងសភា គឺជាក្របខ័ណ្ឌស្ថាប័នមួយនីតិបញ្ញាតិ ប៉ុន្តែរដ្ឋាភិបាលគឺជាស្ថាប័នមួយទៀត គឺនីតិប្រតិបត្តិវាខុសគ្នា។ ថ្វីត្បិតតែស្ថិតនៅក្នុងស្ថានភាពគណបក្សប្រជាជនតែមួយ វាមិនតំណាងឲ្យនីតិប្រតិបត្តិទេ ព្រោះនៅក្នុងពេលថ្មី យើងឃើញមានលិខិតនាំមួយរបស់ខាងសាលារាជធានីភ្នំពេញ គឺមិនឲ្យមានការរៀបចំបុណ្យសពនៅមុខវត្តបទុមវត្តី នេះជាលក្ខខណ្ឌមួយមានន័យថានីតិប្រតិបត្តិមិនស្វាគមន៍ មិនងាកទៅរក ឯកឧត្ដម ប៉ែន សុវណ្ណទេ។ ចំណែកឯកសភា ស្ថាប័ននីតិបញ្ញាតិ គេធ្វើហ្នឹង គឺក្នុងក្របខណ្ឌស្ថាប័ននីតិបញ្ញាតិខ្លួនឯង បើអត់ធ្វើទេ អ្នកដែលស្លាប់នោះគឺចាស់ៗ ហើយបើមិនគិត គួរបង្ហាញរូបភាពធ្វើឲ្យថ្ងៃក្រោយ គេមិនគិតខ្លួនឯងដែរ ចឹងយោងតាមស្ថានភាពការស្លាប់របស់គាត់នេះ ពុំសូវមានការចូលរួមឬឲ្យតម្លៃពីខាងនីតិប្រតិបត្តិឬគណបក្សប្រជាជនទេ“។

លោកបន្តថា អ្នកនយោបាយគួរតែបើចិត្តឲ្យទូលាយ ឈប់រើសអើង ហើយត្រូវចេះអធ្យាស្រ័យ ខណៈ លោក ប៉ែន សុវណ្ណ កន្លងមក គាត់ក៏បានធ្វើការជាមួយគណបក្សប្រជាជនដែរ។

លោក ប៉ែន សុវណ្ណ ដែលត្រូវបានវៀតណាមលើកបន្ទុកឲ្យធ្វើជានាយករដ្ឋមន្រ្តី ក្រោយវាយរំលំរបបខ្មែរក្រហមភ្លាមៗនោះ លោកធ្លាប់អះអាងថា លោកគឺជាបិតា៧មករា។ ប៉ុន្តែ លោក ហ៊ុន សែន មិនទទួលស្គាល់ការប្រកាសរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះទេ។

លោក ប៉ែន សុវណ្ណ បានទទួលមរណភាពនាថ្ងៃទី២៩ ខែតុលា ដែលមានអាយុ៨០ឆ្នាំដោយរោគាពាធ។ បច្ចុប្បន្ននេះសពតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរូបនេះ កំពុងតម្កល់នឹងធ្វើបុណ្យតាមប្រពៃណីគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។

លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ ហើយលោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ ប៉ុន្តែក្រោយមក លោកត្រូវបានវៀតណាមចាប់ដាក់គុក១០ឆ្នាំ ដោយសារតែអ្វីដែល លោក ប៉ែន សុវណ្ណ បញ្ជាក់ថា មកពីលោកមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងហាណូយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ