វិភាគ៖ តើ​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ លោក ប៉ែន សុវណ្ណ បន្សល់​ទុក​កេរិ៍្ត​ដំណែលប្រវត្តិសាស្ត្រ​អ្វី​ខ្លះ?

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

បន្ទាប់ពីតស៊ូនឹងជំងឺដាច់សរសៃរឈាមក្នុងខួរក្បាលចាប់តាំងពីខែមករា ឆ្នាំ២០១៥មក ទីបំផុតទៅ លោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្ត្រីខ្មែរដំបូងគេក្រោយការដួលរលំនៃរបបខ្មែរក្រហមនោះ បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី២៩ ខែតុលា ក្នុងឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨០ឆ្នាំ នៅឯភូមិកំណើតរបស់លោក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ផ្អែកទៅតាមសៀវភៅមួយក្បាលមានចំណងជើងថា “ប៉ែន សុវណ្ណ ជីវប្រវត្តិសង្ខេបនិងបុព្វហេតុជាតិមាតុភូមិកម្ពុជា” ដែលចងក្រងដោយអ្នកនិពន្ធឈ្មោះ នាង សាវុធ បានឲ្យដឹងថា លោក ប៉ែន សុវណ្ណ កើតនៅក្នុងខែមេសា ឆ្នាំ១៩៣៦ ចំពេលដែលប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំង។ កើតនៅក្នុងគ្រួសារកសិករក្រីក្រមួយ នៅភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ភាគខាងត្បូងប្រទេសកម្ពុជា និងមានចម្ងាយប្រហែល៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងត្រូវបាត់បង់ឪពុកទាំងខ្លួននៅវ័យ១០ឆ្នាំនៅឡើយនោះ លោក ប៉ែន សុវណ្ណ បានរំលឹកឡើងវិញពីកុមារភាពរបស់លោកនៅក្នុងសៀវភៅនោះថា លោកបានបញ្ចប់ការសិក្សាកម្រិតទាបនៅឯភូមិកំណើតរបស់លោក។ ប៉ុន្តែលោកបានសិក្សាផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច នៅឯប្រទេសវៀតណាមនៅអំឡុងទសវត្សរ៍១៩៦០។

លោក ប៉ែន សុវណ្ណ បានប្រាប់ថា លោកសម្រេចចិត្តចូលរួមក្នុងចលនាតស៊ូប្រឆាំងរបបអាណាព្យាបាលបារាំង នៅដើមឆ្នាំ១៩៥០ ដែលដឹកនាំដោយអាចារ្យ មៀន ឬ ស៊ឹង ង៉ុកមិញ និងលោក ទូ សាមុត ដែលជាស្ថាបនិកនៃបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលជាឈ្មោះដើមដំបូងនៃគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចនាពេលសព្វថ្ងៃ។ ទោះជាយ៉ាងណា ចលនាតស៊ូប្រឆាំងរបបអាណាព្យាបាលបារាំងបានរំសាយទៅវិញ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៥៣ ក្រោមការទាមទារពីសំណាក់អតីតព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្ដម សីហនុ។

លោក ប៉ែន សុវណ្ណ បានលេចឈ្មោះជានាយករដ្ឋមន្ត្រីកម្ពុជានៃរដ្ឋាភិបាលគាំទ្រដោយប្រទេសវៀតណាម ចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ មុននឹងលោកត្រូវបានចាប់ខ្លួននិងយកទៅដាក់គុកនៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំ។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាម ក៏ដូចជាបញ្ចប់វត្តមានកងទ័ពវៀតណាមនៅក្នុងប្រទេសកម្ពុជានោះ លោក ប៉ែន សុវណ្ណ ត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងខែមករា ឆ្នាំ១៩៩២។

លោក ប៉ែន សុវណ្ណ បានវិលត្រឡប់ចូលក្នុងឆាកនយោបាយកម្ពុជាវិញ ដោយបានបង្កើតគណបក្សទ្រទ្រង់ជាតិកម្ពុជា ចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ ប៉ុន្តែពុំទទួលបានជោគជ័យនោះឡើយ។ លោកបានចូលរួមក្នុងក្រុមស្ថាបនិកនៃគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា នៅក្នុងឆ្នាំ២០០៧ មុននឹងគណបក្សនេះច្របាច់បញ្ជូលគ្នាជាគណបក្ស សម រង្ស៊ី នៅឆ្នាំ២០១២ ទៅជាគណបក្សសង្គ្រោះជាតិដូចនាពេលសព្វថ្ងៃនេះ។ បន្ទាប់ពីគណបក្សសង្គ្រោះជាតិឈ្នះបានសំឡេងឆ្នោត៥៥អាសនៈ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ លោក ប៉ែន សុវណ្ណ បានជាប់ជាតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ស្ពឺ។

ទោះជាយ៉ាងណា ជាច្រើនឆ្នាំមកហើយ អតីតនាយករដ្ឋមន្ត្រីរូបនេះបានក្លាយជាប្រធានបទនៃការជជែកជុំវិញបញ្ហាថា តើនរណាជាបិតាថ្ងៃ៧មករាពិតប្រាកដ។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាននានាអំឡុងពេលលោកនៅមានជីវិត លោក ប៉ែន សុវណ្ណ បានអះអាងថា លោកគឺជាបិតាថ្ងៃ៧ មករា ដែលជាថ្ងៃរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។ ប៉ុន្តែនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ចំខួបលើកទី៣៦ឆ្នាំ នៃថ្ងៃទី៧ មករា កាលពីឆ្នាំ២០១៥កន្លងមកនោះ លោក ប៉ែន សុវណ្ណ បញ្ជាក់ថា លោកគឺជាអ្នកប្រឆាំងនឹងថ្ងៃ៧មករាផងដែរ ដោយលោកថា វាជាថ្ងៃដែល “វៀតណាមឆ្លៀតធ្វើជាជួយខ្មែរ ដើម្បីឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរ”។

លោក ប៉ែន សុវណ្ណ បានអះអាងទាំងនៅក្នុងសៀវភៅជីវប្រវត្តិសង្ខេបរបស់លោកនិងកិច្ចសម្ភាសនានាថា លោកគឺជាអ្នកស្នេហាជាតិនិងជំទាស់ទៅនឹងគោលនយោបាយវៀតណាមនៅក្នុងប្រទេសកម្ពុជា នៅក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីលោកបានជាប់ជាតំណាងរាស្ត្រនោះ លោក ប៉ែន សុវណ្ណ រំលឹកឡើងវិញថា លោកបានបដិសេធសំណើបញ្ជូនជនជាតិវៀតណាមក្នុងមករស់នៅតាមខេត្តនីមួយៗរបស់ខ្មែរចន្លោះពី៣ទៅ៥ពាន់នាក់។ លោកក៏បានអះអាងផងដែរថា លោកប្រឆាំងទៅនឹងផែនការកាត់ទឹកដីខ្មែរនិងការបង្កើតការដ្ឋាន ក.៥ ដែលលោកយល់ថា វាជានយោបាយសម្លាប់ពលរដ្ឋខ្មែរ។

ក.៥ គឺជាពាក្យកាត់ខ្លីនៃផែនការកេណ្ឌរាស្ត្រខ្មែរកាប់ឆ្កាព្រៃការពារព្រំដែនកម្ពុជា ដែលត្រូវបានស្នើឡើងនៅអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បើតាមលោក ប៉ែន សុវណ្ណ ការជំទាស់នឹងផែនការឬគោលនយោបាយទាំងនោះហើយ គឺជាមូលហេតុដែលជំរុញឲ្យវៀតណាមទម្លាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រី និងចាប់ខ្លួនលោកទៅដាក់ឃុំក្នុងគុកងងឹតមួយកន្លែងនៅទីក្រុងហាណូយ។

ទស្សនៈថាលោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា បានទទួលការគាំទ្រពីសំណាក់មេដឹកនាំបក្សប្រឆាំង។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេសនោះ កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ជាថ្មីម្ដងទៀតថា លោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា ពីព្រោះលោកបានកាន់តំណែងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណែងមានអំណាចខ្លាំងជាងគេនៅពេលនោះ។

ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងអំណាចអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ លោក ប៉ែន សុវណ្ណ មិនមែនជាបិតាថ្ងៃ០៧ មករានោះឡើយ។ កាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជានោះ បានចោទលោក ប៉ែន សុវណ្ណ ថាជាមនុស្សរបស់វៀតណាម តាំងពីតូចមកម៉្លេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ “ហើយតាំងខ្លួនជាបិតា ៧ មករា ហើយអីថា គេហ្នឹងស្នេហាជាតិ គេប្រឆាំងវៀតណាម។ ប្រឆាំងវៀតណាមអី? វៀតណាមយកទៅចិញ្ចឹមតាំងពីក្រោយឆ្នាំ ៥៩ ក្រោយសន្និសីទហ្សឺណែវ អី? ហេ! កោតតែចេះនិយាយទៅរួច! ផាត ឯងមិនទៅដែរ ហើយមិនឆែកផ្ទះបង ជា ស៊ីម ដែរ? ហើយផ្ទះបង ហេង សំរិន ទៀត ប៊ិះផ្ទះខ្ញុំទៀតថ្ងៃនោះ។ នែ! លេងដល់ថ្នាក់ហ្នឹង បានគេដេញចោល បានគេចាប់នោះ។ អារឿងហ្នឹងនិយាយតិចទៅចុះ បិតា ៧ មករានោះ ហើយមកធ្វើរដ្ឋមន្ត្រីក្រសួងការពារជាតិ អត់មានទាហានមួយគ្រាប់ទេអាសត្វហ្នឹង ហើយចេះតែថា ខ្ញុំ បង ហេង សំរិន បង ជា ស៊ីម ធ្វើជាទាហានវាទៀតណាស់ វាឆ្ងាញ់អាត្រង់ហ្នឹង។ និយាយបន្តិចទៅចុះរឿងអាថ៌កំបាំងជាន់ដើម។ អាហ្នឹងពាក់សក្ដិ ២ កងទ័ពវៀតណាមតើ!”។

បើទោះបីជាបានដឹកនាំប្រទេសកម្ពុជាត្រឹមរយៈពេលខ្លីក៏ដោយ ប៉ុន្តែ សម្រាប់លោក ស៊ឺន ស៊ូប៊ែរ្តិ៍ អតីតសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សសិទ្ធិមនុស្ស លោកលើកឡើងថា លោក ប៉ែន សុវណ្ណ បានជួយរៀបចំរចនាសម្ព័ន្ធរដ្ឋបាលទូទាំងប្រទេស នៅដំណាក់កាលដំបូងៗ ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបង្ហាញនូវឃើញនូវវីរភាពក្នុងការការពារប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ថា៖ “តាមខ្ញុំដឹងប្រវត្តិ ឯកឧត្ដម ប៉ែន សុវណ្ណ គឺជាអ្នកស្នេហាជាតិមួយច្បាស់លាស់។ គាត់មិនភ្លេចជាតិគាត់ បើទោះបីជាវៀតណាមយកគាត់ទៅចិញ្ចឹមយ៉ាងម៉េចក៏ដោយ។ គាត់មិនបម្រើគេ គាត់បម្រើជាតិខ្មែរ។ ខ្ញុំមិនដឹងថា មានមេដឹកនាំខ្មែរយើងបច្ចុប្បន្នណាខ្លះមានចិត្តស្មោះត្រង់ដូចឯកឧត្ដម ប៉ែន សុវណ្ណ។ ខ្ញុំទុកឯកឧត្ដម ប៉ែន សុវណ្ណ ជាវីរបុរសម្នាក់ដែរ ដោយសារគាត់ពុះពារចង់ឲ្យខ្មែរឯករាជ្យ។ នៅពេលកងទ័ពយួននៅស្រុកខ្មែរហ្នឹង ខ្ញុំដឹងតាមអ្នកស៊ើបការណ៍បារាំងថា គាត់ចង់ឲ្យពួកសូវៀតមកជួយច្រើនជាងពួកវៀតណាម ហើយដោយសាររឿងហ្នឹងបានជាគេចាប់គាត់ទៅ”។

ដោយយល់ថា យ៉ាងហោចណាស់លោក ប៉ែន សុវណ្ណ មានគុណបំណាច់ខ្លះៗនៅក្នុងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលប្រទេសកម្ពុជានៅពីរបីឆ្នាំដំបូងក្រោយការរលំនៃរបបខ្មែរក្រហមនោះ លោក ស៊ឺន ស៊ូប៊ែរ្តិ៍ ប្រាប់ថា រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នគួរតែផ្ដល់កិត្តិយសដល់លោក ប៉ែន សុវណ្ណ តាមរយៈការរៀបចំពិធីបុណ្យដ៏ថ្លៃថ្នូរដល់អតីតមេដឹកនាំរូបនេះ។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍ បន្តថា៖ “នៅពេលហ្នឹង ក៏គាត់បានអភិវឌ្ឍខ្លះដែរ គាត់បានជួយសង្គមច្រើនដែរ ជាពិសេស គាត់បានបង្កើតរដ្ឋបាល ពីព្រោះគាត់បង្កើតដោយអត់អ្វីទាំងអស់ហ្នឹង។ គួរណាស់សរសើរគាត់ដែរ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ