អគ្គិភ័យឆាបឆេះក្លឹបខារ៉ាអូមួយកន្លែង នៅទីក្រុងហាណូយ បានសម្លាប់មនុស្ស ១៣នាក់ និងបណ្ដាលឲ្យមន្ត្រីនគរបាល ២នាក់រងរបួស។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលផ្អែកតាមការបញ្ជាក់ពីមន្ត្រីវៀតណាម។
មន្ត្រីវៀតណាម បានប្រាប់ AFP ថា អគ្គិភ័យនោះ បានកើតឡើងនៅរសៀលថ្ងៃម្សិលមិញ នៅសង្កាត់មមាញឹកកូវសី ហើយបានរីករាលដាលទៅដល់លំនៅដ្ឋាននៅជិតខាង។
រូបថតនានា បានបង្ហាញនូវកំសួលផ្សែងខ្មួរខ្មាញ់ចេញពីដុំភ្លើងដ៏ធំ ខណៈក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងនោះ ដោយរថយន្ត និងម៉ូតូនៅខាងក្រៅអគារនោះ ក៏ត្រូវភ្លើងឆាបឆេះផងដែរ។
យោងតាមគេហទំព័ររដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ុនភួក បានបញ្ជាទៅប៉ូលិសឲ្យស៊ើបអង្កេតជាបន្ទាន់ ទៅលើមូលហេតុនៃអគ្គិភ័យនោះ ព្រមទាំងដាក់ទោសធ្ងន់ធ្ងរទៅលើអ្នកប្រព្រឹត្ត៕