បេក្ខនារីប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន បានបង្កើនការវាយប្រហារទៅលើគូប្រជែងរបស់អ្នកស្រី លោក ដូណាល់ ត្រាំ ដោយចាត់ទុកលោក ត្រាំ ជា “មនុស្សឈ្លើយ” ចំពោះការរិះគន់ទៅលើរូបរាងរបស់ស្ត្រី។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បើតាម BBC អ្នកស្រី គ្លីនតុន បានថ្លែងថា លោក ត្រាំ មានប្រវត្តិជាមនុស្ស “អប្រិយ គ្មានសីលធម៌ ជេរប្រមាថ និងបំពាបំពាន” មនុស្សស្រីអស់រយៈពេល ៣០ឆ្នាំមកហើយ។
ជាមួយគ្នានោះដែរ លោក ត្រាំ បានចាត់ទុកអ្នកស្រី គ្លីនតុន ជាមនុស្ស “ពុករលួយ” ហើយថា អ្នកស្រីនឹង “បំផ្លាញសុខមាលភាពអាមេរិករហូត”។
លោក ត្រាំ បានប្រាប់អ្នកគាំទ្រអ្នកស្រី គ្លីនតុនថា ពួកគេអាចផ្លាស់ប្ដូរការសម្រេចចិត្តរបស់ពួកគេនៅក្នុងរដ្ឋចំនួន ៤។
ការថ្លែងវាយប្រហារគ្នានេះ បានកើតឡើងចំពេលដែលការឃោសនាបោះឆ្នោតបានឈានចូលដល់សប្ដាហ៍ចុងក្រោយនៃការបោះឆ្នោតនៅអាមេរិក ខណៈការស្ទង់មតិបង្ហាញថា ការប្រកួតប្រជែងកាន់តែងតឹងតែង៕