បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃលុបបំបាត់សន្តិសុខខណ្ឌ

កម្លាំងសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរារាំង និងខ្លះទៀតស្រែក តាមឧបករណ៍បំពងសំឡេង ពីលើរថយន្ត មិនឲ្យអ្នកតវ៉ា(រូបថត៖ ណាត សុភាព)

គណបក្សប្រឆាំងស្នើឲ្យក្រសួងមហាផ្ទៃលុបបំបាត់សន្តិសុខនៅតាមបណ្តាខណ្ឌនីមួយៗដែលគណបក្សនេះចាត់ទុកថា ជាកម្លាំងខុសច្បាប់ដែលអាជ្ញាធររាជធានីភ្នំពេញប្រើ ដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។

យោងតាមលិខិតដែលចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា៖ «ចាប់តាំងពីឆ្នាំ២០១៣មក អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រើប្រាស់កម្លាំងសន្តិសុខមួយប្រភេទ ដែលមិនស្គាល់អត្តសញ្ញាណ និងមានឯកសណ្ឋានខុសពីមន្ត្រីកងកម្លាំងសន្តិសុខ ឬនគរបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការបង្ក្រាបដោយហិង្សា ដោយការប្រើដំបង និងជំពាមកៅស៊ូគ្រាប់ដែកទៅលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធីរបស់គណបក្សសង្គ្រោះជាតិ សហជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីជាដើម»។

ក្នុងលិខិតដដែលគណបក្សសង្គ្រោះជាតិបន្តថា៖ «កម្លាំងសន្តិសុខប្រភេទនេះដឹកនាំដោយឈ្មោះ ជាម រដ្ឋា បានប្រើអំពើហិង្សាវាយតប់យ៉ាងដំណំទៅលើប្រជាពលរដ្ឋរួមទាំងមន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូមួយរូបផង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណៈដែលពួកគាត់កំពុងប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក នៅរាជធានីភ្នំពេញ»។

ក្រុមតំណាងគណបក្សសង្គ្រោះជាតិបានទទូចក្នុងលិខិតនោះឲ្យក្រសួងមហាផ្ទៃត្រូវមានវិធានការលុបបំបាត់ជាបន្ទាន់និងត្រូវតែយកឈ្មោះ ជាម រដ្ឋា ទៅផ្តន្ទាទោស។

វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ