ក្រុម​សមាជិក​សភា​ទំនោរ​រក​ឯករាជ្យ​ប្រទាញ​ប្រទង់​នឹង​សន្តិសុខ​ក្នុង​សភា​ហុងកុង

សមាជិកសភា ២រូប ដែលចង់ឲ្យហុងកុងបំបែកខ្លួនចេញពីចិននោះ បានប៉ះទង្គិចគ្នាជាមួយសន្តិសុខនៅក្នុងសភា នៅថ្ងៃនេះ ដោយសមាជិកសភាម្នាក់ ត្រូវបានគេទាញទម្លាក់ចេញពីអាសនៈ ខណៈមានក្ដីបារម្ភថា ក្រុងប៉េកាំងនឹងលូកដៃចូលកិច្ចការទីក្រុងហុងកុង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានផ្សាយបន្តថា មានក្ដីបារម្ភយ៉ាងខ្លាំងថា ប្រទេសចិនកំពុងតែរឹតបន្តឹងកណ្ដាប់ដៃរបស់ខ្លួនទៅលើទីក្រុងពាក់កណ្ដាលស្វយ័តមួយនេះ ដែលបញ្ឆេះឲ្យមានចលនាចង់បានឯករាជ្យ។

ស្ថិតក្នុងស្ថានភាពច្របូកច្របល់នៅក្នុងសភា ៣សប្ដាហ៍ជាប់គ្នា សមាជិកសភាចង់បានឯករាជ្យ លោក Baggio Leung និងអ្នកស្រី Yau Wai-ching បានដើរចូលសាលប្រជុំសភា ប៉ុន្តែ អ្នកទាំងពីរ ត្រូវបានគេហាមឃាត់មិនឲ្យចូលសាលប្រជុំសភា ដោយរង់ចាំលទ្ធផលនៃការត្រួតពិនិត្យពីខាងតុលាការថា តើពួកគេអាចទទួលអាសនៈរបស់ពួកគេឬយ៉ាងណា។

អ្នកស្រី Yau បានរត់សំដៅទៅកាន់តុនៅខាងមុខសាលប្រជុំសភា និងអានលិខិតស្បថចូលកាន់តំណែងរបស់អ្នកស្រី។ ភ្លាមៗនោះ ក្រុមស្ត្រីដែលជាសមាជិកសន្តិសុខ បានឡោមព័ទ្ធអ្នកស្រី Yau និងបានលើកអ្នកស្រីចេញពីសាលប្រជុំសភា នៅពេលអ្នកស្រីព្យាយាមក្រាញននៀល។

ចំណែកលោក Baggio ត្រូវបានក្រុមសមាជិសភាចង់បានឯករាជ្យដទៃទៀត រោមជុំជិត និងរុញច្រានកម្លាំងសន្តិសុខចេញ។

កិច្ចប្រជុំសភា ត្រូវបានបិទបញ្ចប់ បន្ទាប់ពីក្រុមសន្តិសុខពុំអាចបណ្ដេញលោក Baggio ចេញពីសាលប្រជុំសភាបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ