កូរ៉េ​ខាង​ត្បូង​រុះ​រើ​គណៈរដ្ឋ​មន្ត្រី​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃនេះ បានតែងតាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ដែលជាការរុះរើធំបំផុតចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតី អ្នកស្រី Park Geun-hye បានរងការវាយប្រហារពីរឿងអាស្រូវជុំវិញមិត្តជិតស្និទ្ធម្នាក់បានលូកលាន់ចូលកិច្ចការរដ្ឋ។

វិមានខៀវ បាននិយាយថា ខ្លួនបានតែងតាំងប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ លោក Yim Jong-yong ជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី និងជាឧបនាយករដ្ឋមន្ត្រី។ លោក Yim ដែលនឹងឡើងជំនួសរដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្ន លោក YooIl-ho នោះ គឺជាបុគ្គលទទួលបានការគោរពពីក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកចូលរួមក្នុងទីផ្សារ នៅក្នុងតួនាទីរបស់លោកនាពេលបច្ចុប្បន្ន។

ចំណែកលោក Kim Byong-joon អតីតលេខាធិការជាន់ខ្ពស់អំឡុងរដ្ឋបាលលោកប្រធានាធិបតី Roh Moo-hyun នោះ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Hwang Kyo-ahn។ តួនាទីនាយករដ្ឋមន្ត្រីនៅកូរ៉េខាងត្បូង គឺជាតំណែងរដ្ឋបាល។

ការសម្រេចបែបនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីលួងលោមកំហឹងមហាជន ជុំវិញរឿងអាស្រូវអ្នកស្រី Choi Soon-sil មិត្តភក្តិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់ក្រុមរដ្ឋអាជ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ