បណ្ដាញទូរទស្សន៍ Fox Business Network កាលពីថ្ងៃម្សិលមិញ បានផ្សាយថា កូរ៉េខាងជើងកំពុងត្រៀមបាញ់គ្រាប់មីស៊ីលរយៈចម្ងាយមធ្យមមួយទៀតនៅក្នុងរយៈពេល ៣ថ្ងៃក្រោយ។ Fox Business Network បានផ្សាយដូច្នេះ ដោយផ្អែកទៅតាមក្រុមមន្ត្រីអាមេរិក ប៉ុន្តែ មិនបានបញ្ជាក់ឲ្យច្បាស់លាស់នោះឡើយ។
ទូរទស្សន៍ដដែលនេះ បានផ្សាយបន្តថា រដ្ឋកុម្មុយនីស្តឯកោមួយនេះ គ្រោងបាញ់គ្រាប់មីស៊ីលជាថ្មីទៀត នៅក្នុងចន្លោះ ២៤ម៉ោង ទៅ ៧២ម៉ោងទៀត។ វានឹងក្លាយជាការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីបំផុតធ្វើឡើងដោយក្រុងព្យុងយ៉ាងនៅឆ្នាំនេះ ដោយរំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់សកម្មភាពទាក់ទងនឹងគ្រាប់មីស៊ីលទាំងអស់របស់កូរ៉េខាងជើង។
កូរ៉េខាងជើង ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងទណ្ឌកម្មអន្តរជាតិដទៃទៀតដោយសារតែកម្មវធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួននោះ បានសាកល្បងគ្រាប់មីស៊ីលម្ដងហើយម្ដងទៀតនៅឆ្នាំនេះ ហើយការសាកល្បងថ្មីបំផុត ធ្វើឡើងនៅថ្ងៃទី២០ ខែតុលាកន្លងមកនេះ៕