ជនរងគ្រោះដោយសារអាជ្ញាធរប្រើហិង្សានាំគ្នាបង្កើតបណ្តាញដើម្បីស្វែងរកយុត្តិធម៌

ព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤ (រូបឯកសារ)

ពលរដ្ឋដែលជាជនរងគ្រោះដោយសារអាជ្ញាធរប្រើហិង្សា បាននាំគ្នាបង្កើតជាបណ្តាញដើម្បីស្វែងរកយុត្តិធម៌ ខណៈពួកគេរងហិង្សាច្រើនឆ្នាំ ហើយសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់មកដាក់ទោស។

បណ្តាញជនរងគ្រោះនោះឈ្មោះថា ជនរងគ្រោះនៃអំពើនិទណ្ឌភាពនៅកម្ពុជា ដែលមានជនរងគ្រោះមកពីសហគមន៍ដីធ្លី កម្មករ អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថានជាដើម ក្នុងនោះក៏មានភរិយារបស់លោក ឈុត វុទ្ធី ផងដែរ។

សមាជិកនៃបណ្តាញនេះ អ្នកស្រី អ៊ុំ សុភី ដែលជាជនរងគ្រោះដីធ្លីមកពីសហគមន៍ឡពាង ក្នុងខេត្តកំពង់ឆ្នាំង ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី២ វិច្ឆិកានេះថា គោលបំណងនៃការបង្កើតបណ្តាញជនរងគ្រោះនេះឡើង គឺដើម្បីចង់ក្រងជនរងគ្រោះទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមិនទាន់ទទួលបានយុត្តិធម៌ធ្វើការតស៊ូមតិស្វែងរកយុត្តិធម៌និងលុបបំបាត់និទណ្ឌភាព។

អ្នកស្រីថា ពលរដ្ឋនៅសហគមន៍ឡពាងជាច្រើននាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងប្រើហិង្សា កាលឆ្នាំ២០១៤ ដោយបណ្តាលឲ្យពលរដ្ឋខ្លះបែកក្បាលធ្ងន់ធរនិងខ្លះទៀតត្រូវអាជ្ញាធរវៃរហូតសន្លប់ ខណៈដែលពួកគេចេញតវ៉ាទាមទារសិទ្ធិដីធ្លី។

អ្នកស្រីបន្ថែមថា ក្រោយការប្រើហិង្សារនេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទៅតុលាការ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានយុត្តិធម៌នោះទេ។

អ្នកស្រីបន្ថែមថា៖ «រហូតអ្នកផ្សេងទៀតគាត់រងរបួសខ្លាំង សុំគេ[សមត្ថកិច្ច]ព្យាបាល ក៏គេអត់ដែរ នេះវាជារឿងអយុត្តិធម៌បំផុតសម្រាប់ពួកយើង ហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលក្តី អង្គការសង្គមស៊ីវិសក្តី មេត្តាតាមដានរឿងនេះហើយជួយគាំទ្រពួកយើងផងនូវការចង់ក្រងបណ្តាញនេះ អ្នកដែលធ្វើបាបពួកយើងគឺជាសមត្ថកិច្ច ដូច្នេះពួកខ្ញុំមិនអាចទទួលយកបានទេ»។

ចំណែកសាច់ញ្ញាត្តិនិងក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ក្នុងព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤លើកឡើងថា ឃាតកម្មនេះបានកន្លងផុត៣ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលមិនទាន់ស៊ើបអង្កេតចាប់អ្នកបញ្ជានិងអ្នកប្រព្រឹត្តិមកដាក់ទោសបាននៅឡើយទេ។

ម្តាយជនរងគ្រោះអ្នកស្រី កែវ សុខម៉េង និយាយថាករណីសមត្ថកិច្ចបាញ់សម្លាប់កូនគាត់នៅផ្លូវវ៉េងស្រេងនោះ គឺអយុត្តិធម៌ខ្លាំងណាស់ ដោយអ្នកស្រីថាកូនគាត់គ្រាន់តែតវ៉ាទាមទារប្រាក់ឈ្នួលសមរម្យប៉ុណ្ណោះ មិនគួរណាសមត្ថកិច្ចបាញ់សម្លាប់នោះទេ។

អ្នកស្រីបន្តថាអយុត្តិធម៌មួយទៀតនោះ គឺសមត្ថកិច្ចរារាំងឲ្យមិនពួកគាត់ដែលជាសាច់ញ្ញាត្តិជនរងគ្រោះធ្វើវិធីបង្សុកូលជូនអ្នកស្លាប់ទាំងនោះទៀត។

អ្នកស្រីថាបន្ថែមថា៖ «រាជរដ្ឋាភិបាល កងកំលាំងប្រដាប់អាវុធ គឺសាហាវលើអាពតទៅទៀត កូនចៅយើងត្រូវគេបាញ់សម្លាប់ ហើយពេលយើងនាំគ្នាធ្វើបុណ្យគម្រប់ខួបឲ្យ វាអត់ឲ្យធ្វើទៀត ចុះអញ្ចឹងពួកយើងឈឺចាប់អត់ ពេលកូនត្រូវបាញ់សម្លាប់ តើយើងឈឺចាប់ដូចម្តេច ប៉ុន្មានឆ្នាំហើយខ្ញុំមិនដែលភ្លេចកូនខ្ញុំនោះទេ ខ្ញុំអាណិតកូនខ្ញុំណាស់»។

ភរិយាជនរងគ្រោះអ្នកស្រី ឈីវ ផានិត ដែលប្តីរបស់គាត់ត្រូវបានបាញ់នៅផ្លូវវេងស្រេងដែរនោះ មានសុទិដ្ឋិនិយមថា ការចូលជាបណ្តាញជនរងគ្រោះនៃអំពើនិទណ្ឌភាពនៅកម្ពុជានេះ នឹងអាចរកយុត្តិធម៌ជូនស្វាមីរបស់អ្នកស្រីបាន ដោយថាប្រសិនបើបណ្តាញនេះមានជនរងគ្រោះចូលរួមច្រើនក្នុងការធ្វើសកម្មភាពតស៊ូមតិ។

អ្នកស្រីថាបន្ថែមថា៖ «ប្តីរបស់ខ្ញុំគាត់បានស្លាប់កាលពីថ្ងៃទី៣ មករា នៅលើដងផ្លូវវ៉េងស្រេង ដោយសារតែការចូលរួមទាមទារប្រាក់ខែ១៦០ដុល្លារ ហើយមិននឹកស្មានថាកងកំលាំងប្រដាប់អាវុធ ចុះមកបង្រ្កាប់និងសម្លាប់គាត់នៅហ្នឹងកន្លែង។ ខ្ញុំគិតបើចូលរួមជាក្រុមជាបណ្តាញអញ្ចឹង ប្រហែលជាអាចរកយុត្តិធម៌ជូនគាត់បាន»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលធ្លាប់ត្រូវបានក្រុមទាហានកងពលលេខ ៩១១ ប្រើហិង្សារឲ្យរបួសធ្ងន់ធ្ងរនៅតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២ មករា ឆ្នាំ២០១៤ និងចាប់ដាក់ពន្ធធនាគារដែរផងនោះ យល់ថាករណីជនរងគ្រោះនាំគ្នាបង្កើតបណ្តាញដើម្បីតស៊ូមតិស្វែងរកយុត្តិធម៌នេះ ជាសកម្មភាពល្អមួយក្នុងការជម្រុញឲ្យមានយុត្តិធម៌និងចូលរួមលុបបំបាត់និទណ្ឌនៅកម្ពុជា។

លោកថា បើជនរងគ្រោះទាំងអស់ចូលរួមកំលាំងគ្នាច្រើន នឹងអាចទាមទារកយុត្តិសម្រាប់ពួកគេបាន ហើយក៏អាចជម្រុញឲ្យអន្តរជាតិជួយរកយុត្តិធម៌ជូនពួកគេដែរ។

លោកបន្ថែមថា៖ «រឿងដែលសមត្ថកិច្ចប្រើអំពើហិង្សារមកលើគាត់ ហើយគាត់មានគំនិតបង្កើតបណ្តាញអ្នករងគ្រោះដោយសារប្រព័ន្ធយុត្តិធម៌នេះ ខ្ញុំគិតថានេះគឺជាគំនិតដ៏ល្អ នេះគឺជាចំនុចចាប់ផ្តើមដើម្បីទាមទាររកយុត្តិធម៌សម្រាប់អ្នករងគ្រោះទាំងអស់នៅក្នុងប្រទេសកម្ពុជា។ បើសិនជាយើងមិនបានផ្តល់យុត្តិធម៌ពីសំណាក់អាជ្ញាធររដ្ឋក្នុងប្រទេសទេ ពួកគាត់អាចទាក់ទង់បណ្តាញនៅក្រៅប្រទេសទៀត ដើម្បីឲ្យអន្តរជាតិជួយរកយុត្តិធម៌ពីការប្រើអំពើហិង្សារនេះ»។

បើតាមជនរងគ្រោះទាំងនោះ ពេលនេះពួកគេទើបតែមានសមាជិកចំនួនជាង២០នាក់ប៉ុណ្ណោះ ដើម្បីធ្វើការតស៊ូមតិ ហើយពួកគេថានឹងស្វែងរកសមាជិកដែលជាជនរងគ្រោះឲ្យបានច្រើនថែមទៀត។ បណ្តាញជនរងគ្រោះនៃអំពើនិទណ្ឌភាពនៅកម្ពុជានេះ នឹងធ្វើសកម្មភាពផ្សេងៗ ដើម្បីទាមទាររកយុត្តិធម៌ជនរងគ្រោះ។ ក្រោយបញ្ចប់សន្និសិទកាសែតនៅព្រឹកនេះ សមាជិកបណ្តាញទាំងនោះបានយកញត្តិទៅដាក់នៅរដ្ឋសភា ក្រសួងយុត្តិធម៌ និងអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យជួយរកយុត្តិធម៌ជូនពួកគេ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកើតមានហិង្សានិងឃាតកម្មច្រើនករណី ចំពោះសកម្មជនដីធ្លី សកម្មជនបរិស្ថាន កម្មករ និងអ្នកវិភាគជាដើម ដោយសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់និងអ្នកនៅពីក្រោយខ្នងយកដាក់ទោសបាននៅឡើយទេ ដូចជាករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង និងករណីបាញ់សម្លាប់លោក កែម ឡី ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ