លោក ហ៊ុន សែន រំឭកពីបដិវត្តន៍ព៌ណខណៈបក្សប្រឆាំងថារដ្ឋាភិបាលប្រើកម្លាំងខុសច្បាប់បង្ក្រាបអ្នកតវ៉ា

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកជាថ្មីទៀត ដល់មន្ត្រីក្រោមឱវាទ ឲ្យបន្តពង្រឹងសន្តិសុខ ដែលលោកថាដើម្បីទប់ស្កាត់កុំឲ្យមានបដិវត្តន៍ព៌ណផ្តួលរំលំរដ្ឋាភិបាល ខណៈគណបក្សប្រឆាំងអះអាងថា កម្លាំងខុសច្បាប់មួយចំនួន ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យមកបង្ក្រាប សេរិភាពបញ្ចេញមតិដោយសន្តិវិធី។

នៅលើទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពិធីមួយ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ខែវិច្ឆិកានេះ លោក ហ៊ុន សែន បានថ្លែងថា កងកម្លាំងគ្រប់ប្រភេទ ត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។

លោក ហ៊ុន សែន ថ្លែងទៀតថា កងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវធានាដាច់ខាត កុំឲ្យមានបដិវត្តន៍ពណ៍កើតឡើងនៅកម្ពុជា ដែលោកថា ចលនានោះនឹងបំផ្លាញសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេស ។

កាកពីថ្ងៃទី២៧ខែតុលា គណបក្សប្រឆាំងបានដាក់លិខិតមួយច្បាប់ទៅ ក្រសួងមហាផ្ទៃ ដោយស្នើឲ្យក្រសួងនោះ លុបបំបាត់សន្តិសុខនៅតាមបណ្តាខណ្ឌនីមួយៗ ដែលគណបក្សនេះចាត់ទុកថា ជាកម្លាំងខុសច្បាប់ ។

លិខិតដដែលបញ្ជាក់ថា កម្លាំងខុសច្បាប់ទាំងនោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រើ ប្រាស់ ដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។

ក្នុងលិខិតរបស់តំណាងរាស្ត្របក្សប្រឆាំងនោះបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ២០១៣មក អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រើប្រាស់កម្លាំងសន្តិសុខមួយប្រភេទ ដែលមិនស្គាល់អត្តសញ្ញាណ និងមានឯកសណ្ឋានខុសពីមន្ត្រីកងកម្លាំងសន្តិសុខ ឬនគរបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការបង្ក្រាបដោយហិង្សា ដោយការប្រើដំបង និងជំពាមកៅស៊ូគ្រាប់ដែក ទៅលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី របស់គណបក្សសង្គ្រោះជាតិ សជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីជាដើម»។

ក្រុមតំណាងគណបក្សសង្គ្រោះជាតិបានទទូចក្នុងលិខិតនោះឲ្យក្រសួងមហាផ្ទៃត្រូវមានវិធានការលុបបំបាត់ជាបន្ទាន់និងត្រូវតែយកឈ្មោះ ជាម រដ្ឋា ទៅផ្តន្ទាទោស។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី លើកឡើងថា ការដែលរដ្ឋាភិបាលរំឭកកងកម្លាំងប្រដាប់អាវុធ ឲ្យទប់ស្កាត់បដិវត្តន៍ព៌ណ លោកថា ជាការភ័យខ្លាចកាន់តែខ្លាំង ពីចលនាមហាជន ដោយសារបញ្ហាជាច្រើន រួមទាំងករណីបាញ់សម្លាប់លោកកែម ឡី មិនទាន់ត្រូវបានវែកមុខអ្នកពាក់ព័ន្ធ ដែលលោកថាកត្តានេះជំរុញឲ្យពលរដ្ឋច្រើនម៉ឺននាក់មិនសប្បាយចិត្ត។

បើតាមលោក មាស នី សន្តិសុខខណ្ឌកន្លងទៅពិតជាបានប្រើហិង្សាលើ អ្នកតវ៉ាដោយសន្តិវិធីមែន លោកថា៖«បើយើងមើលពីក្រុមសន្តិសុខ ដែបានទៅវាយពលរដ្ឋអីហ្នឹង គឺក្រុមហ្នឹងជាក្រុមខុសច្បាប់មែន។ហេតុអីបានជាខុសច្បាប់ ដោយសាការដែលទៅនេះមិនមែនជាអាជីព វិជ្ជាជីវៈអីងត្រឹមត្រូវទេ គឺថាចូលទៅគឺកាន់ប្រដាប់ប្រដាអីនឹងស្រេចម៉ង[ដំបង] ។

ហើយមិនត្រឹមប៉ុណ្ណឹងទេ នៅពេលដែលក្រុមហ្នឹងចុះប្រតិបត្តិការណ៍ មិនមាននរណាទទួលខុសត្រូវថា ក្រុមហ្នឹងចេញពីណាមកទេ។ យើងគ្រាន់តែដឹងថា ជាសន្តិសុខ ខណ្ឌអីអញ្ចឹងទៅ។ប៉ុន្តែបើក្រុមហ្នឹងរងនូវរងនូវគ្រោះថ្នាក់ បានមានអ្នកចេញមុខមកទទួលខុសត្រូវក្នុងរឿងហ្នឹង ។អញ្ចឹងបើសិនជារដ្ឋាភិបាល គាត់មើលមកថា ក្រុមនេះជួយគាត់ច្រើន ឬក៏យ៉ាងម៉េចមិនដឹងទេ? ប៉ុន្តែសម្រាប់សាធារណជន ក្រុមនេះធ្វើឲ្យខាតប្រជាប្រិយភាព របស់រដ្ឋាភិបាលសម្បើមណាស់ក្នុងរយៈពេលកន្លងទៅនេះ»។

អ្នកឯកទ្ទេសនយោបាន និងអភិបាលកិច្ចលោក បណ្ឌិត ចាន់ វិបុល លើកឡើងថា សារនយោបាយរបស់គណបក្សទាំងពីរ ហាក់បាននៅតែមិនទុកចិត្តគ្នា ដោយលោកថា គណបក្សប្រឆាំងទំនងជានូវចិញ្ចឹមចិត្តចង់ធ្វើមហាបាតុកម្ម ជំរុញឲ្យបញ្ឈប់ការដាក់សម្ពាធផ្នែកនយោបាយ លើសកម្មភាពធ្វើនយបោយរបស់ខ្លួន ពិសេសលោកថា ការវិលត្រឡប់ របស់លោក សម រង្ស៊ី និងការចោទប្រកាន់នានាទៀតលើតំណាងរាស្ត្ររបស់ខ្លួន។

ចំណែកគណបក្សកំពុងគ្រប់គ្រងអំណាចវិញ លោកវិភាគថា នៅតែបង្ហាញការភ័យខ្លាចពីការផ្ទុះបាតុកម្ម តាមរយៈប្រកម្លាំងប្រដាប់អាវុធបង្ក្រាប់គ្រប់រូបភាព ដោយសារតែខ្លួន មិនទាន់អាចធ្វើឲ្យប្រសើពីការ គោរពសសិទ្ធិមនុស្ស ដូចជាការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស អាដហុក ឃុំខ្លួនមន្ត្រី គជប ការបាញ់សម្លាប់លោក កែម ឡី និងជម្លោះដីធ្លីជាដើម។

លោកថា៖តាមការពិតទៅក្នុងនាមយើងជាប្រជាពលរដ្ឋ ក្នុងនាមយើងជាសង្គមស៊ីវិល ក្នុងនាមជាអ្នករកស៊ី ប្រកបមុខរបវិញ យើងអត់ចង់ឃើញសារបន្តអញ្ចឹងទៀតទេ ។ព្រោះសារនេះវានូវតែបង្ហាញថា កម្ពុជាយើងមិនមានសុខសន្តិភាព មិនមានសណ្តាប់ធ្លាប់ វាអាចថា មានគ្រោះអាសន្នគ្រប់ពេលវេលា»។

ទោះជាយ៉ាងនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន រំឭក កងកម្លាំងទាំងអស់ត្រូវពង្រឹងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍អោយមានប្រសិទ្ឋភាព។ ត្រូវធានាកុំអោយមានអំពើរភេរវកម្មកើតឡើងដាច់ខាតនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ