មីយ៉ាន់ម៉ាអញ្ជើញមន្ត្រីស្ថានទូតនានាទៅពិនិត្យមើលកន្លែងរងការវាយប្រហារនៅរដ្ឋរ៉ាក់ឃីន

រដ្ឋាភិបាលមីយ៉ាន់ម៉ា អនុញ្ញាតក្នុងការជ្រើសរើសមន្ត្រីទូតជាច្រើន ឲ្យទៅមើលកន្លែងដែលវាយប្រហារដោយពួកភេរវករនៅក្នុងទីក្រុងមូងដ ស្ថិតនៅក្នុងរដ្ឋរ៉ាក់ឃីន កាលពីថ្ងៃពុធម្សិលមិញ។

សកម្មភាពនេះកើតឡើងបីសប្តាហ៍ក្រោយពេលមានការវាយប្រហារដោយពួកបះបោរនៅទីតាំងបីកន្លែងនៃប៉ុស្តិ៍នគរបាលយាមព្រំដែននៅតំបន់ភាគខាងជើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ការវាយប្រហារនៅពេលនេះ បានសម្លាប់មនុស្សអស់ជាង១០នាក់ ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៥០នាក់ ដែលសង្ស័យពាក់ព័ន្ធករណីនេះ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ពួក Aqa Mul Mujahidin និង Rohingya Solidarity ថាជាអ្នកស្ថិតនៅពីក្រោយការវាប្រហារនោះ។ ប៉ុន្តែតាំងពីការអះអាងនោះមកនិងមានការឃាត់ខ្លួនជនសង្ស័យប្រមាណ៥០នាក់នោះ សមត្ថកិច្ចមិនទាន់រកឃើញភស្តុតាងបន្ថែម ដើម្បីបញ្ជាក់លើការចោទប្រកាន់នោះទេ។

មន្ត្រីទូតដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាអញ្ជើញនោះមានជាង១០រួមមាន ទូតសហភាពអឺរ៉ុប អាមេរិក អង់គ្លេស ឥណ្ឌូនេស៊ី ឥណ្ឌា និងចិនជាដើម។

ចំណែកគណៈប្រតិភូអង្គការសហប្រជាជាតិនិងអ្នកសម្របសម្រួលសិទ្ធិមនុស្សផ្សេងៗទៀតនៅក្នុងប្រទេស មីយ៉ាន់ម៉ា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមទស្សនកិច្ចមើលកន្លែងរងការវាយប្រហារនេះដែរ។

ការរៀបចំដំណើរទស្សនកិច្ចនេះ បន្ទាប់ពីមានយុទ្ធនាការដាក់សម្ពាធកើនឡើងពីសហគមន៍អន្តរជាតិ ដែលអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បើកចំហសិទ្ធិសេរីភាពក្រុមអ្នកឃ្លាំមើលឯករាជ្យ ទីភ្នាក់ងារ និងអ្នកសារព័ត៌មាន អាចទៅពិនិត្យមើលនៅកន្លែងវាយប្រហារនៅស្រុក Maungdaw៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ