មន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សព លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី ក្រោយការផ្តួលរំលំរបបខ្មែរក្រហម នឹងត្រូវបូជា នៅថ្ងៃទី៦ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងវត្តនិរោធស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក មុត ចន្ថា សរសេរនៅលើហ្វេសបុករបស់លោកនៅរសៀលថ្ងៃនេះថា សព លោក ប៉ែន សុវណ្ណ នឹងបូជា នៅវត្តនិរោធ៖«សព ឯកឧត្តម ប៉ែន សុវណ្ណ នឹងត្រូវដង្ហែរទៅបូជា នៅវត្តនិរោធ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ សូមបងប្អូនជនរូមជាតិអញ្ជើញចូលរួមដង្ហែរសពវីរៈបុរសស្នេហាជាតិ ឯកឧត្តម ប៉ែន សុវណ្ណ អោយបានច្រើនកុះករ។»
ការជ្រើសរើសទីតាំងបូជាសព លោក ប៉ែន សុវណ្ណ មានការចម្រូងចម្រាសគ្នា រវាងគណបក្សសង្គ្រោះជាតិ និង សាលារាជធានីភ្នំពេញ។ គណបក្សសង្គ្រោះជាតិ ទាមទារបូរជាលោក ប៉ែន សុវណ្ណនៅមុខវត្តបុទុមវត្តី ដោយសំអាងហេតុថា លោកប៉ែន សុវណ្ណ ឥស្សរជនរបស់ជាតិ ព្រោះលោកធ្លាប់នាយករដ្ឋមន្ត្រី ដែលហ៊ានប្រឆាំងវៀតណាមឈ្លានពាន និង បច្ចុប្បន្នជាតំណាងរាស្ត្រ ប៉ុន្តែសាលារាជធានីភ្នំពេញបដិសេធមិនឲ្យធ្វើ ដោយសំអាងថា លោក ប៉ែន សុវណ្ណមិនមែនជា មន្ត្រីជាន់ខ្ពស់ឬ ឥស្សរជនរបស់ជាតិនោះទេ។









