សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ដោយផ្តន្ទាទោសប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ៥ខែនិងពិន័យ៨០ម៉ឺនរៀល ដោយសំអាងថា ការបដិសេធមិនចូលខ្លួន តុលាការចាត់ទុកថាជាបទល្មើសជាក់ស្តែង។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានផ្តន្ទាទោស លោក កឹម សុខា ដោយដាក់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ពាក់ព័ន្ធករណីដែលលោកបដិសេធមិនចូលខ្លួនតាមការកោះហៅរបស់តុលាការឲ្យធ្វើជាសាក្សី។
បន្ទាប់ពីចៅក្រមជំនុំជម្រះនៃសាលាដំបូងផ្ដន្ទាទោស ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានប្ដឹងមកសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រមនោះ។ នៅព្រឹកថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍បើកសនវនាការចំពោះករណីនេះ ។
ក្នុងសវនាការនាព្រឹកមិញនេះ ក្រុមមេធាវីដែលចូលការពារក្ដីឲ្យលោក កឹម សុខា លើកឡើងថា ការចោទប្រកាន់លោក កឹម សុខា ពីបទបដិសេធមិនចូលខ្លួនថាជាបទល្មើសជាក់ស្ដែងនោះ មិនត្រឹមត្រូវឡើយ ព្រោះកូនក្ដីពួកគេបានប្រាប់ពីមូលហេតុច្បាស់លាស់ ពិសេសគឺមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ។ ក្នុងសវនាការ ក្រុមមេធាវីបានយកមាត្រានិងបកស្រាយពីមូលហេតុដែលកូនក្តីមិនចូលខ្លួននោះទៅតុលាការនិងស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់នេះ។
បន្ទាប់ពីសវនាការរយៈពេល១ម៉ោងកន្លះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានប្រកាសសាលដីកា ដោយចាត់ទុកសាលក្រមរបស់សាលាដំបូងទុកជាបានការដដែល ដោយថាបទបដិសេធមិនចូលខ្លួន ជាបទល្មើសជាក់ស្ដែង។
ថ្លៃងប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការ មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក ហែម សុជាតិ ចាត់ទុកការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍នេះថា នៅតែមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់ខ្លួន។លោកថា ក្រុមមេធាវីនឹងប្ដឹងសារទុក្ខទៅតុលាការកំពូលទៀតនៅចុងខែវិច្ឆិកានេះ។
លោកមានប្រសាសន៍ថា៖ “៥៣៨ ធាតុផ្សំនៃបទល្មើសមាត្រា៨០នៃរដ្ឋធម្មនុញ្ញ យើងសុទ្ធតែបានលើកហើយ ហើយអ្នកសារពត៌មានចូលរួមដែលមិនមែនមេធាវីបានលើកឡើងអី្វដែលជាការស្រមៃទេ សុទ្ធតែជាគោលការណ៍ អី្វដែលជាការបកស្រាយរបស់ចៅក្រម គឺមេធាវី អ្នកសារពត៌មានអាចដឹងហើយជាក់សែ្ដង។ មាត្រា៨០ គឺតំណាងរាស្រ្តមានអភ័យឯកសិទិ្ធចឹងមែន ហើយមកដល់ឥលូវហឹ្នងមកដល់ថៃ្ងហឹ្នង គេមិនទាន់បានដកគាត់ទេ។ ចឹងបានន័យថា គាត់ជាតំណាងរាស្រ្តមានអភ័យឯកសិទិ្ធ រឿងអីតុលាការចោទប្រកាន់គាត់បាន ចឹងបំពាននីតិវិធីហើយ ធាតុផ្សំនៃបទល្មើសខ្ញុំបានលើកហើយតាមពីរករណីមាត្រា៥៣៨ទីមួយបដិសេធ ទីពីរអត់មូលហេតុប៉ុន្តែយើងមានមូលហេតុ គឺលិខិតមួយបានដាក់ទៅសាលាដំបូងថៃ្ង២៥ ខែ៥ ឆាំ្ន២០១៦ គឺយើងមានមូលហេតុហើយ ប៉ុន្តែមិញហឹ្នងតុលាការបកមកវិញថាអត់មូលហេតុ តើត្រឹមត្រូវដែលឬទេ ហើយទីពីរពាក់ព័ន្ធនឹងអភ័យឯកសិទិ្ធ គឺយើងបាននិយាយទៀតថាតុលាការ គេអត់មានសមត្ថកិច្ចពិចារណាដែរ“។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុករឿងនេះថា រឿងនយោបាយ។
លោកមានប្រសាសន៍៖ “ឲ្យតែជាប់ពាក់ព័ន្ធហឹ្នងអ្នកនយោបាយហ្នឹង រឿងនយោបាយវាទោះជាប្ដឹងគ្មានអី្វដែលការសម្រេចប្រែប្រួលអី្វដែលយើងសង្កេតឃើញថាការប្រែប្រួលទៅបាន វាទាល់តែគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភា គាត់ធ្វើការចចារជួបជជែកគ្នា អាហឹ្នងឃើញថានឹងអាចមានការកែប្រែ ដូចជាកន្លងមកអ្នកដែលជាប់នៅពន្ធធានាគារកន្លងមកដូចឆាំ្នទៅមានការដោះលែងជាហូរហែកិច្ចចរចាររវាងគណបក្សទាំងពីរហឹ្នង ដែលយើងមើលទៅលើប្រព័ន្ធច្បាប់ វាហាក់បីដូចជាមិនមានអី្វដែលសង្សឹមដូចជាការប្រែប្រួលទាំងអស់“។
លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្សជិត៥ខែមកហើយ បន្ទាប់ពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក ក្រោយពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសំណុំរឿងដែលគេចោទថា មានស្នេហាជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ៕