តុលាការ​​ច្រាន​ចោល​បណ្តឹងសារទុក្ខរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា​

លោក កឹម សុខា នាពេលកន្លងទៅ

តុលាការកំពូលបានច្រានចោលបណ្តឹងសារទុក្ខសំណុំរឿងពាក់ព័ន្ធនឹងការបដិសេធចូលខ្លួន ក្នុងនាមជាសាក្សី របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយថាសំណើរនោះមិនមានហេតុផលត្រឹមត្រូវ។

តុលាការកំពូលនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា បានចេញដីកាប្រកាសបដិសេធសំណើរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ដែលស្នើសុំមោឃភាពនៃនីតិវិធីសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយថានឹងបន្តរក្សាសាលដីកាសភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល។

ភ្លាមៗ VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានទេនៅព្រឹកនេះ ខណៈមេធាវីទំាងនោះកំពុងជាប់សវនាការនៅសាលាឧទ្ធរណ៍លើរឿង លោក កឹម សុខា ផងដែរ។

កន្លងមកក្រុមមេធាវីការពារក្ដីលោក កឹម សុខា ដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូល ឲ្យពិនិត្យមើលនីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដោយពួកគេថា ការចោទប្រកាន់កូនក្ដីរបស់ពួកគេ ត្រូវបានធ្វើឡើងដោយខុសនីតិវិធីច្បាប់ ខណៈដែលកូនក្ដីរបស់ពួកគេមានអភ័យឯកសិទ្ធិតំណាងរាស្ត្រនិងមិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែងនោះទេ។

លោក កឹម សុខា បាននិងកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើអស់រយៈពេលជិត ៥ខែមកហើយនោះ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចពីសំណាក់សមត្ថកិច្ចកាលពីចុងខែឧសភាកន្លងមក ក្រោយពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ