សាលាដំបូងរាជធានីភ្នំពេញលើកពេលប្រកាសសាលក្រម ករណីអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បន្ទាប់ពីបើកសវការពេញមួយព្រឹកថ្ងៃសុក្រនេះ ក្នុងសំណុំរឿងពាក់ព័ន្ធទៅនឹងអំពើពុករលួយ។
អតីតឯកអគ្គរាជទូត លោក ស៊ុត ឌីណា ត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីខែមេសា ដោយចោទប្រកាន់ចំនួន២បទល្មើស គឺកេងយកផលប្រយោជន៍ដោយខុសច្បាប់និងរំលោភអំណាចដោយមានប្រសិទ្ធភាព។
បន្ទាប់ពីបើកសវនាការនៅព្រឹកថ្ងៃទី៤ វិច្ឆិកានេះ ប្រធានចៅក្រមជំនុំជម្រះលោក កៅ វណ្ឌី បានប្រកាសថា សាលក្រមករណីលោក ស៊ុត ឌីណា នឹងប្រកាសនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងការសួរដេញដោលពេញមួយព្រឹកនេះ អង្គសវនាការបានផ្តោតទៅលើលុយប្រមូលទិដ្ឋាការ ចំនួន១១៦ ៩៩៥ (ដប់មួយម៉ឺនប្រាំមួយពាន់ប្រាំបួនរយកាំសិបប្រាំ)ដុល្លារ ដែលលោក ឌីណា មិនបានបង្វិលមកកាន់ក្រសួងសេដ្ឋកិច្ចឲ្យទាន់ពេលវេលា និងចម្លើយរបស់សាក្សីមួយចំនួនដែលបានចោទថា លោក ឌីណា បានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការផ្តល់តួនាទីទៅអ្នកដែលមិនមានក្របខណ្ឌក្នុងស្ថានទូត ដែលថាជាបក្សពួករបស់លោកក្នុងការបង្កើនការងាររដ្ឋបាលស្មុគស្មាញ ដើម្បីយកលុយក្រៅប្រព័ន្ធ។
ក្នុងការសន្និដ្ឋានចុងក្រោយ តំណាងអយ្យការ សៀង សុខ បានស្នើឲ្យចៅក្រមជំនុំជម្រះចោទប្រកាន់លោក ឌីណា ចំនួនពីរបទល្មើសទៅតាមមាត្រា៣៥នៃច្បាប់ស្តីពីអំពើពុករលួយនិងមាត្រា ៥៩៧, ៥៩៨ នៃក្រមព្រហ្មទណ្ឌប្រឈមការជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ។
ទាក់ទងទៅនឹងការចោទប្រកាន់នេះត្រូវបានក្រុមមេធាវីការពារក្តី លោក ឌីណា ច្រានចោល ដោយថាភស្ភុតាងរបស់អង្គភាពប្រឆាំងអំពើពុករលួយយកមកដាក់បន្ទុកគឺមិនគ្រប់គ្រាន់ និងថាលោក ឌីណា បានបង្វិលលុយទាំងនោះទៅក្រសួងសេដ្ឋកិច្ចរួចរាល់ហើយ។
បន្ទាប់ពីបានបញ្ចប់សាលសវនាកាលោក ស៊ុត ឌីណា ថ្លែងថាតុលាការនឹងពិចារណាលើកលែងទោសដល់លោក ដោយថាករណីរបស់លោកនេះមិនមានអ្វីដែលជាបញ្ហាធំដុំនោះទេ។
ដូចគ្នានេះដែរមេធាវីការពារក្តី លោក ឌីណា លោក អាង ឧត្តម បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថាតុលាការនឹងសម្រេចដោះលែង លោក ឌីណា ឲ្យមានសេរីភាពវិញ។ លោកបន្ថែមថា បើតុលាការនៅតែសម្រេចឲ្យកូនក្តីលោកជាប់ចោទមែននោះ លោកថា លោកនឹងពិចារណាដាក់ពាក្យបណ្តឹងប្តឹងតវ៉ាទៅកាន់តុលាការជាន់ខ្ពស់បន្តទៀត។
លោកមេធាវីបន្តថា៖ «ដូចខ្ញុំនិយាយអញ្ចឹងថា គ្មានបទល្មើស គ្មានចេតនា គឺមានតែពីរហ្នឹងហើយអត់មានអី។ ដូច្នេះខ្ញុំសង្ឃឹមថាតុលាការនឹងធ្វើតាមសំណូមពរខ្ញុំ បើសិនជាតុលាការពិនិត្យគ្រប់ជ្រុងជ្រោយតាមផ្លូវច្បាប់និងអង្គហេតុ។ … អត់ទាក់ទងរឿងហ្នឹងទេ(លុយដែលចំណាយទៅលើបុគ្គលិកអស់ជាង១៨ម៉ឺនដុល្លា)! ខាង ACU ក៏អត់និយាយរឿងហ្នឹង តុលាការក៏អត់និយាយរឿងហ្នឹង យើងចេះតែបង្កើតរឿងអញ្ចឹងទៅ នាំតែច្របូកច្របល់ គេនិយាយតែការដកលុយទៅចាយខុសខ្ទង់ចំណាយរដ្ឋបាល ព្រោះលុយបានពីទិដ្ឋាកាហ្នឹង គេត្រូវបង្វិលចូលក្រសួងសិន»។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោក ស៊ុត ឌីណា ពីក្រសួងការបរទេសកម្ពុជាទៅសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយ។
ក្នុងការឃាត់ខ្លូននោះអង្គភាពប្រឆាំងអំពើរពុករលួយរកឃើញថាលោក ស៊ុត ឌីណា មានប្រាក់ចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម និងថាលោកមានដី១០កន្លែងធំៗនិងត្បូងប្រមាណ៥០០គ្រាប់ បន្ថែមលើលុយសុទ្ធក្រៅធនាគារជាង៧លានដុល្លារអាមេរិក៕