ប្រជាពលរដ្ឋឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បានប្រមូលផ្តុំនៅលើផ្លូវនានាក្នុងក្រុងចាការតានៅថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងអភិបាលក្រុង លោក Basuki Tjahja Purnama ថាបានប្រើប្រាស់ពាក្យប្រមាថដល់គម្ពីរគូរ៉ាន់ ជាគម្ពីរគោលរបស់សាសនាឥស្លាម។
ការប្រមូលផ្តុំនៅថ្ងៃនេះ រៀបចំឡើងដោយបណ្តាញអ្នកការពារសាសនាឥស្លាមគឺធ្វើឡើងដើម្បីដាក់សម្ពាធ ឲ្យមានការកាត់ទោសអភិបាលក្រុង ដែលពួកគេចោទថា បានប្រមាថដល់សាសនាឥស្លាម បន្ទាប់ពីអភិបាលរូបនោះ រិះគន់គូរប្រជែងដែលបានប្រើប្រាស់គម្ពីរគូរ៉ាន់ វាយប្រហារលោកកាលពីមុនការបោះឆ្នោតខែកុម្ភះ។
អ្នកតវ៉ាបានថ្លែងថា អភិបាលក្រុងរូបនោះ មិនមែនជាមូស្លីម ហើយធ្វើសកម្មភាពឲ្យប៉ះពាល់ដល់គម្គីរគូរ៉ាន់។ ពួកគេទាមទារឲ្យចាប់អភិបាលក្រុងរូបនោះដាក់ពន្ធនាគារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
នគរបាលប្រមាណ១៨០០០នាក់បានដាក់ពង្រាយនៅតំបន់ផ្សេងៗទីក្រុងចាការតា ហើយក៏មានត្រៀមយោធាខ្លះផងដែរ ដើម្បីអន្តរាគមន៍បើសិនជាមានករណីហិង្សាកើតឡើងដោយយថាហេតុនោះ។
ស្ថានភាពនៅចាការតា ហាក់មានភាពតានតឹង ក្រុមហ៊ុនមួយចំនួនបានប្រាប់បុគ្គលិករបស់ពួកគេធ្វើការនៅផ្ទះ ចំណែកស្ថានទូតនានាក៏បានប្រាប់ឲ្យពលរដ្ឋពួកគេមានការប្រុងប្រយ័ត្ន។
តាមការចុះផ្សាយរបស់របស់ National daily The Jakarta Post បានឲ្យដឹងថា ចំនួនអ្នកតវ៉ានៅថ្ងៃនេះមានប្រមាន៥០០០០នាក់ ដែលនេះជាចំនួនតវ៉ាទ្រង់ទ្រាយធំនៅចាការតា។
ឥណ្ឌូនេស៊ីជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង២០០លាននាក់ ហើយជាប្រទេសដែលកាន់សាសនាឥស្លាមធំជាងបំផុតនៅលើពីភពលោក៕









