វិភាគ៖ តើគួររក្សាទុកឬលុបបំបាត់សន្តិសុខខណ្ឌ?

កម្លាំងសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរារាំង និងខ្លះទៀតស្រែក តាមឧបករណ៍បំពងសំឡេង ពីលើរថយន្ត មិនឲ្យអ្នកតវ៉ា(រូបថត៖ ណាត សុភាព)

គណបក្សប្រឆាំងស្នើឲ្យក្រសួងមហាផ្ទៃលុបបំបាត់សន្តិសុខនៅតាមបណ្តាខណ្ឌនីមួយៗដែលគណបក្សនេះចាត់ទុកថា «ជាកម្លាំងខុសច្បាប់ដែលអាជ្ញាធររាជធានីភ្នំពេញប្រើដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី»។

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា «ចាប់តាំងពីឆ្នាំ២០១៣មក អាជ្ញាធររាជធានីភ្នំពេញតែងតែប្រើប្រាស់កម្លាំងសន្តិសុខមួយប្រភេទដែលមិនស្គាល់អត្តសញ្ញាណ និងមានឯកសណ្ឋានខុសពីមន្ត្រីកងកម្លាំងសន្តិសុខឬនគរបាលរបស់ក្រសួងមហាផ្ទៃដើម្បីធ្វើការបង្ក្រាបដោយហិង្សាដោយការប្រើដំបង និងជំពាមកៅស៊ូគ្រាប់ដែកទៅលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធីរបស់គណបក្សសង្គ្រោះជាតិ សជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីជាដើម»។

ក្រុមអ្នកសង្កេតការណ៍កត់សំគាល់បន្ថែមថា ក្រុមសន្តិសុខដូនពេញនោះតែងតែត្រូវបានគេបញ្ចាឲ្យចេញមុខរារាំងការបញ្ចេញមតិ ហើយពេលខ្លះក៏បានប្រើដំបងវាយបង្រ្កាបយ៉ាងឃោឃៅទៅលើអ្នកតវ៉ាទៀតផង។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ក្រុមសន្តិសុខខណ្ឌដូនពេញនោះ បានវាយដំអ្នកសារព័ត៌មានម្នាក់បណ្តាលឲ្យបាក់ឆ្អឹងផ្ទៃមុខនិងសន្លប់ស្តូកស្តឹង នៅគ្រាដែលអ្នកយកព័ត៌មានរូបនោះ ចុះតាមដានការឃោសនារបស់គណបក្សសង្រ្គោះជាតិ ពេលបោះឆ្នោតក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ។

ពីរឆ្នាំក្រោយមក ពោលកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រុមសន្តិសុខដូនពេញដដែលនេះ បានវាយដំលោក អំ សំអាត មន្រ្តីសិទ្ធិមនុស្សអង្គការលីកាដូ ខណៈលោកចុះឃ្លាំមើលការហែក្បួនទិវាសិទ្ធិលំនៅឋាន។ទាំងនេះមិនទាន់រាប់បញ្ចូល ការវាយដំជាច្រើនករណីទៀត ដែលត្រូវគេថតបាន នៅពេលក្រុមសន្តិសុខទាំងនោះ ប្រើដំបងវាយលើបុរសម្នាក់កំពុងជិះម៉ូតូនិងការប្រើហិង្សាទៅស្រ្តីអ្នកតវ៉ាដីធ្លីផ្សេងទៀត។

ក្រោយពេលមានហិង្សាកើតឡើង ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ជនដៃដល់ជាសន្តិសុខទាំងនោះទៅដាក់ទោស ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនអ្នកទាំងនោះទេ ហើយពេលខ្លះមន្រ្តីរដ្ឋាភិបាលឆ្លើយការពារទង្វើរបស់សន្តិសុខទាំងនោះថា ជាការពារសណ្តាប់ធ្នាប់សង្គម។

គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកានេះ រដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបជាផ្លូវការនឹងសំណើរបស់គណបក្សសង្រ្គោះជាតិដែលសុំឲ្យលុបបំបាត់សន្តិសុខតាមខណ្ឌនោះនៅឡើយទេ។ ប៉ុន្តែកាលពី ថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចពង្រឹងសន្តិសុខ ដែលលោកថាដើម្បីទប់ស្កាត់កុំឲ្យមានបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ខណៈគណបក្សប្រឆាំងអះអាងថា កម្លាំងខុសច្បាប់មួយចំនួនត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យមកបង្ក្រាបសេរីភាពបញ្ចេញមតិដោយសន្តិវិធី។

តើក្រុមសន្តិសុខខណ្ឌទាំងនោះ បង្កើតឡើងក្នុងគោលបំណងអ្វីនិងស្ថិតក្រោមច្បាប់ណា? ហេតុអ្វីរដ្ឋាភិបាលមិនប្រើនគរបាលឯកសណ្ឋានដែលមានតួរនាទីធានាសន្តិសុខសង្គម ទៅបង្រ្កាបការតវ៉ា បែរជាប្រើសន្តិសុខក្រៅក្របខណ្ឌទៅធ្វើកិច្ចការងារនេះជំនួសសមត្ថកិច្ចទៅវិញ? ទាំងនោះជាសំណួដែលត្រូវបានមជ្ឈដ្ឋានជាច្រើនលើកឡើង។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា រដ្ឋាភិបាលប្រើសន្តិសុខខណ្ឌទាំងនោះខុសមុខងារ ពោលសន្តិសុខមានតួរនាទីការពារកុំមានអំពើចោរកម្ម មិនមែនប្រើមកបង្រ្កាបការតវ៉ាដោយសន្តិវិធីនោះទេ។ លោកថា ការប្រើក្រុមសន្តិសុខជំនួសកម្លាំងនគរបាលដែលមានស្រាប់ដើម្បីបង្រ្កាបការតវ៉ាដោយសន្តិវិធី លោកថាមកពីរដ្ឋាភិបាលចង់គេចវេសពីការទទួលខុសត្រូវ។

លោកយល់ថា៖ «ចឹងថាការសើ្នសុំលុបចោលហឹ្នងគឺថាត្រឹមត្រូវដែរបាទ! កុំឲ្យមានយកមកប្រើប្រាស់ជាកម្លាំងសាធារណៈអី ដើរមកទប់ទល់ការធើ្វបាតុកម្ម ចឹងទាល់តែយើងរំលាយប៉ូលីសខាងបាតុកម្មចោលទៅចឹង   ចោល។ ប្រសិនបើយើងយល់ចឹង បើយល់ថាប៉ូលីសប្រឆាំងអំពើបាតុកម្មអត់មានសមត្ថភាពធើ្វ រំលាយចោលទៅ យកពួកសនិ្តសុខខណ្ឌទៅធើ្វវិញទៅ។ ចឹងបានន័យថា យើងប្រើគ្នាខុសរឿងកន្លងមក យកពួកសនិ្តសុខមកថៃ្ងក្រោយគ្នាមានរឿងជាប់បណ្ដឹង អ្នកណាទទួលខុសត្រូវ»។

លោក យង់ គិមអេង យល់ថា បើរដ្ឋាភិបាលនៅតែបន្តប្រើវិធានការបែបនេះតទៅទៀត នឹងធ្វើឲ្យបាត់បង់ប្រជាប្រិយគណបក្សកាន់អំណាច។

លោកវិភាគថា៖ «រឿងទីមួយប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលដែលត្រង់ថា យើងគ្មានវិធីក្នុងការដោះស្រាយដោយតាមបច្ចេកទេសតាមបទដ្ឋានត្រឹមត្រូវ ដែលយើងយកអ្នកដែលអត់ជំនាញ អត់ហ្វឹកហ្វឺនពីបញ្ហាប្រឆាំងមកដោះស្រាយបញ្ហាបាតុកម្មជាកំហុសមួយធំដែលអាចធើ្វឲ្យមានការរិះគន់ គេអាចដាក់ការសង្ស័យទៅលើបញ្ហាសុវតិ្តភាពរបស់រដ្ឋាភិបាលពាក់ព័ន្ធលើបញ្ហាហឹ្នង»។

ប៉ុន្តែសម្រាប់លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ចយល់ថា សំណើឲ្យលុបបំបាត់សន្តិសុខខណ្ឌនោះ មិនសមហេតុផលទេ។ លោកថាអំពើហិង្សាដែលកើតឡើង គឺដោយសារតែមានមេដឹកនាំជាអ្នកបញ្ជា មិនមែនសន្តិសុខទាំងនោះធ្វើដោយចិត្តឯងនោះទេ។

លោកលើកឡើងថា៖ «ទីមួយគឺអ្នកទាំងពីរហឹ្នងស្រុះស្រួលគ្នាផ្នែកនយោបាយទៅប្រជុំសភាសិន ដោះស្រាយវិបតិ្តនយោបាយសិន កាលណាវិបតិ្តនយោបាយបាត់ហើយ គឺអត់មានទេអារឿងវាយដំ ពីព្រោះរឿងអស់នេះកើតឡើងរឿងនយោបាយ ចឹងវិបតិ្តនយោបាយក្នុងបក្សមិនមែនត្រឹមតែសនិ្តសុខទេ ទាហានឲ្យគាត់ប្រកាសរំសាយទាហានដែរឬយ៉ាងម៉េច ប្រកាសរំសាយកងកម្លាំងរាជអាវុធហត្ថដែរឬយ៉ាងម៉េច រំសាយបាតដៃទីបីដែរឬយ៉ាងម៉េចអត់បានទេ ចឹងរំសាយទំនាស់នយោបាយអ្នកទាំងពីរហឹ្នងសិន ចឹងគណបក្សទាំងពីរគួរតែនាំគ្នាគិតពីរឿងដោះស្រាយនយោបាយសិន»។

យ៉ាងណាក៏ដោយ នៅពេលដែលសន្តិសុខស្ថិតក្រោមការបញ្ជារបស់សាលារាជធានីត្រូវបានគេមើលឃើញថា បានប្រើហិង្សាលើអ្នកតវ៉ានោះ គឺមិនដែលឃើញអាជ្ញាធរចេញមុខទទួលស្គាល់ថា ជាក្រុមដែលអាជ្ញាធរប្រើនោះទេ។ ប៉ុន្តែក្រោយពីសន្តិសុខមួយចំនួនបានរងរបួសនៅពេលប៉ះទង្គិចជាមួយអ្នកតវ៉ាដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៤ រដ្ឋាភិបាលបានចេញមុខព្យាបាលនិងផ្តល់ថវិកាដល់សន្តិសុខទាំងនោះ និងបានចាប់ខ្លួនមន្រ្តីគណបក្សប្រឆាំងជិត២០នាក់ រួមទាំង លោក មាជ សុវណ្ណរ៉ា ផងដាក់ពន្ធនាគារមកដល់សព្វថ្ងៃ នៅក្រោមការចោទថា ធ្វើកុប្បកម្ម។

សរុបមកវិញ អ្នកវិភាគមើលឃើញថា រាល់ការប្រើហិង្សាដោយសន្តិសុខមួយចំនួនទៅលើអ្នកតវ៉ាកន្លងមកនោះ គឺជាការធ្វើឡើងដោយមានអ្នកបញ្ជាពីក្រោយ ក្នុងហេតុផលទំនាស់នយោបាយ ហើយថាប្រសិនបើអ្នកនយោបាយត្រូវរ៉ូវគ្នាវិញ នោះហិង្សាក៏ត្រូវបញ្ចប់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ