រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចោទអ្នកស្រី វ៉ាន់ ហេលី តំណាងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា បាន “ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា”។
ក្នុងលិខិតផ្ញើទៅអ្នកសម្របសម្រួលការិយាល័យអង្គការសហប្រជាជាតិ អ្នកស្រី គ្លែរ វ៉ាន់ឌែ វែរ៉ែន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ប្រាក់ សុខុន លើកឡើងថា អ្នកស្រី វ៉ាន់ ហេលី បានធ្វើហួសពីដែនកំណត់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រង់មាត្រា ២ កថាខណ្ឌ ៧ ដែលប្រមុខកាទូតកម្ពុជាបញ្ជាក់ថា បានចែងអំពីការគោរពអធិបតេយ្យ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសសមាជិក។
លោក ប្រាក់ សុខុន បានថ្លែងក្នុងលិខិតនោះថា៖ “ខ្ញុំកត់សម្គាល់ជាមួយការសោកស្ដាយជាខ្លាំងថា ខណៈដែលការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស អ.ស.ប. បានបដិសេធយ៉ាងច្បាស់ពុំព្រមនិយាយយោងដល់ការគោរពអធិបតេយ្យកម្ពុជា តំណាងរបស់ការិយាល័យនេះនៅភ្នំពេញ នៅតែបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាដដែល”។
ប្រមុខកាទូតកម្ពុជារូបនេះ បានចាត់ទុកសកម្មភាពរបស់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស និងតំណាងអង្គការនេះប្រចាំនៅកម្ពុជាថា មិនស្របច្បាប់ បន្ទាប់ពីអនុស្សារណៈនៃការយោគយល់រវាងកម្ពុជា និងឧត្ដមស្នងការសិទ្ធិមនុស្ស អ.ស.ប. បានផុតកំណត់ទៅហើយនោះ។
លោកបានបញ្ជាក់បន្ថែមថា៖ “ដោយអនុស្សារណៈនៃការយោគយល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងឧត្ដមស្នងការសិទ្ធិមនុស្ស អ.ស.ប. បានអស់សុពលភាព ដូច្នេះ កិច្ចប្រតិបត្តិការ និងសកម្មភាពនាបច្ចុប្បន្នរបស់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស រួមទាំងតំណាងអង្គការនេះប្រចាំប្រទេសផង មិនមានលក្ខណៈស្របច្បាប់ទេ”។
ការផ្ញើលិខិតនេះទៅកាន់អ្នកស្រី គ្លែរ វ៉ាន់ឌែ វែរ៉ែន ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកស្រី វ៉ាន់ ហេលី ត្រូវបានកាសែតខេមបូឌាដេលីដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។ នៅក្នុងអត្ថបទនោះ អ្នកស្រីបានទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យបកស្រាយជាបន្ទាន់ចំពោះវិធានការរដ្ឋាភិបាលកម្ពុជាដាក់ចេញ ដើម្បីទប់ស្កាត់ដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងទៅឯក្រៅប្រទេសនោះ៕












